តារាបូលីវូតឥណ្ឌាល្បីឈ្មោះ GAGAN Malik ដែលសម្ដែងជាតួអង្គព្រះពុទ្ធ ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ នេះបើតាមការឱ្យដឹងពីផេកផ្លូវការរបស់ក្រសួងទេសចរណ៍។

កាលពីថ្ងៃ ១៩ ខែមីនា ២០២៥ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតឱ្យតារា GAGAN Malik តារាបូលីវូតល្បីឈ្មោះចូលចួបសម្ដែងការគួរសម និងពិភាក្សាលើការស្នើសុំគាំទ្រគម្រោងនៃកញ្ចប់ទស្សនកិច្ចបែបសាសនារបស់លោកពីបណ្ដាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកកាន់កម្ពុជានារដូវកាលបៃតងខាងមុខនេះ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរនៅកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្ដមបានយល់ព្រមនូវសំណើគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីរបស់លោក GAGAN Malik ដោយបានតែងតាំងតារាសម្ដែងរូបនេះជាទូតសុច្ឆន្ទៈរបស់កម្ពុជា ដើម្បីបានបន្តជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោកពិសេសប្រជាជនឥណ្ឌាតែម្ដង។






គួរឱ្យដឹងដែរថា GAGAN Malik ជាតារាបូលីវូតល្បីឈ្មោះមួយរូបរបស់ប្រទេសឥណ្ឌា។ តួអង្គឯកក្នុងរឿងព្រះពុទ្ធរូបនេះតែងធ្វើដំណើរទៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោកក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ដូច្នេះការផ្ដល់តំណែងជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជានាពេលនេះពិតជាសក្ដិសមបំផុត៕
រូបភាពរូបភាព ៖ ក្រសួងទេសចរណ៍























































Account
Security
Favourite Content