រឿងរ៉ាវដែលតារាចម្រៀងខេប៉ុបល្បី G-Dragon ត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅតែជាប្រធានបទត្រូវគេលើកយកមកជជែកវែកញែកជាសាធារណៈ។ ជាបន្ដបន្ទាប់ លទ្ធផលតេស្ដសារធាតុញៀនក្នុងខ្លួនតារាប្រុសវ័យ ៣៥ រូបនេះទាំងសក់ ក្រចក និងទឹកនោម បានបញ្ចេញជាផ្លូវការ សុទ្ធតែបញ្ជាក់ថា អវិជ្ជមាន។ ជាមួយគ្នាដែរ បទសម្ភាសន៍របស់លោកជាមួយខាងសារព័ត៌មានកូរ៉េ Yonhap News វគ្គ ២ ក៏បានបញ្ចេញជាផ្លូវការ។


តារាប្រុសរូបនេះបានលើកឡើងយ៉ាងជឿជាក់ថា៖ លោកមិនដែលប្រើប្រាស់គ្រឿងញៀនឡើយ។ បុគ្គលល្បីមួយចំនួនអាចនឹងប្រើប្រាស់សារធាតុញៀននៅពេលពួកគេស្ថិតក្នុងស្ថានភាពស្ដ្រេសខ្លាំង ឬជួបបញ្ហាធ្ងន់ធ្ងរណាមួយ។ សម្រាប់លោកវិញ បើទោះជាស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏លោកមិនប្រើប្រាស់គ្រឿងញៀនឡើយ ដោយសារលោកមានវិធីធ្វើឲ្យអារម្មណ៍របស់ខ្លួនស្ងប់ និងធូរស្រាល ហើយវិធីទាំងនោះគឺមិនពាក់ព័ន្ធជាមួយគ្រឿងញៀនទេ។


លោកបានបន្ដថា៖ លោកគួរតែមានការប្រុងប្រយ័ត្នជាងមុន ដោយសារមនុស្សជាច្រើនមើលមកលោកក្នុងន័យផ្សេងៗគ្នា ពេលខ្លះក៏មានរូបភាពណាមួយធ្វើឲ្យក្លាយជារឿងយល់ច្រឡំ។ លោកពិតជាសុំទោសដែលធ្វើឲ្យគ្រប់គ្នាបារម្ភ។
ការលើកឡើងខាងលើរបស់តារាប្រុស G-Dragon ដោយសារតែមានមតិមួយចំនួនបានវាយប្រហាររូបលោកតាមរយៈកាយវិការ និងសកម្មភាពរបស់លោក។ ពួកគេបានលើកឡើងថា លោកមានកាយវិការនិងដំណើរដើរប្លែកៗ ហាក់ដូចជាអ្នកញៀនថ្នាំ។ ទន្ទឹមនេះភ្នាក់ងារតំណាង និងមេធារីរបស់លោកនឹងធ្វើតាមច្បាប់គ្មានការយោគយល់ទៅលើបុគ្គលណាដែលចែកចាយព័ត៌មានមិនពិត ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់លោកក្នុងរូបភាពដែលអាក្រក់ៗ ខ្លាំងមិនអាចទទួលយកបាន ខណៈបច្ចុប្បន្នកំពុងតែប្រមូលភស្ដុតាងផងដែរ៕

























Account
Security
Favourite Content