អ្នកនាង ស៊ុន ស្រីមុំ ដែលធ្លាប់ជាបវរកញ្ញាតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិកាលអំឡុងឆ្នាំ ២០០៦ បានចាកចេញឆ្ងាយពីស្រុកកំណើត ទៅជ្រកកោននៅអូស្ត្រាលីជិត ២ ទសវត្សរ៍មកហើយ ទើបតែថ្មីៗអតីតបវរកញ្ញាតំណាងកម្ពុជារូបនេះ បានត្រឡប់មកទឹកដីកំណើតវិញយ៉ាងភ្ញាក់ផ្អើលជាទីបំផុត។

តារាម៉ូដែលរាងខ្ពស់ស្រឡះ និងជាបវរកញ្ញាជើងចាស់ ស៊ុន ស្រីមុំ បានមកស្រុកកំណើតនាបំណាច់ឆ្នាំ ២០២៥ នេះ បានចំណាយពេលជួបជុំក្រុមគ្រួសារសាច់ញាតិ និងមិត្តភ័ក្ដិអ្នកសិល្បៈចាស់ៗខ្លះៗតាមដែលអាចធ្វើទៅបាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង អតីតតារាម៉ូដែលសម្បុរស្រអែមស្រស់រូបនេះ បានឆ្លៀតពេលថតឈុតសម្លៀកបំពាក់រដូវកាលថ្មីឲ្យសម្អាងការល្បីឈ្មោះ «កោះកេរ្តិ៍» ថែមទៀតផង។


វ័យជ្រេបន្តិចក៏ពិតមែន តែរូបសម្រស់របស់តារាម៉ូដែលរូបនេះ នៅតែស្រស់ស្អាតខ្លាំងពេលគ្រងឈុតសម្លៀកបំពាក់កូនក្រមុំតាមបែបប្រពៃណីខ្មែរខ្មែរ មើលទៅពិតជាល្អល្អះស័ក្ដិសមជាស្ត្រីខ្មែរដែលទន់ភ្លន់តែមិនទន់ជ្រាយ។
ឃ្លាតឆ្ងាយពីស្រុកកំណើតរយៈពេលច្រើនឆ្នាំ អ្នកនាង ស៊ុន ស្រីមុំ ដែលធ្លាប់គ្រងតំណែង Miss World Cambodia 2006 ទៅប្រកួតលើឆាកអន្តរជាតិ Miss World 2006 នៅឯប្រទេសប៉ូឡូញ បានបង្ហាញក្ដីនឹករលឹកចំពោះមិត្តភ័ក្ដិ បងប្អូន និងមិត្តភ័ក្ដិអ្នកសិល្បៈរួមជំនាន់ ពិសេសការងារសិល្បៈផ្សេងៗដែលធ្លាប់ធ្វើកន្លងមក មិនថា ការងារជាតារាម៉ូដែល បវរកញ្ញា ការថតផ្សព្វផ្សាយ ឬការសម្ដែងអ្វីឡើយ។


ដ្បិតចាកឆ្ងាយពីវិស័យសិល្បៈច្រើនឆ្នាំ តែគ្រប់យ៉ាងដិតដាមជាប់ក្នុងចិត្តអ្នកនាងជានិច្ច ហើយទោះបីជាទៅរស់នៅឯនាយសមុទ្រឆ្ងាយប៉ុណ្ណា ក៏ចិត្តនៅតែនឹក ហើយស្រលាញ់ការងារសិល្បៈដូចដើមគ្មានអ្វីប្រួលប្រែ ព្រោះដួងចិត្តរបស់តារាម៉ូដែលរូបនេះនៅ តែចង់ភ្ជាប់ជាមួយវិស័យសិល្បៈតាំងពីដើមមក។
អ្នកនាង ស៊ុន ស្រីមុំ ធ្លាប់ជាតារាស្រីមានឈ្មោះបោះសំឡេងម្នាក់ក្នុងរង្វង់សិល្បៈខ្មែរ កាលពីអំឡុងដើមឆ្នាំ ២០០០ ដែលកាលនោះអ្នកនាងជាតារាម៉ូដែលចំណុះក្រោមសាលាបង្រៀនបង្ហាញម៉ូដ សាពណ៌ របស់លោកស្រី សាពណ៌ រិនដល។ ក្រៅពីអាជីពជាតារាម៉ូដែល អ្នកនាង ស៊ុន ស្រីមុំ ធ្លាប់ជាអតីតកីឡាការិនីជម្រើសជាតិបាល់បោះ និងគ្រូអប់រំកាយនៅវិទ្យាល័យព្រះយុគន្ធរ និងបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរនៅ «សាកលវិទ្យាល័យ ខេមរៈ»។

មិនតែប៉ុណ្ណោះ អ្នកនាងធ្លាប់ជាគណៈកម្មការ ការប្រកួតកីឡាបាល់បោះទូទាំងប្រទេស និងធ្លាប់បានចូលរួមធ្វើគណៈមេប្រយោគដាក់ពិន្ទុកម្មវិធីប្រកួតកញ្ញាឯកថ្នាក់ជាតិជាច្រើនទៀតផង ពោលគឺតាំងពីវិស័យបវរកញ្ញានៅកម្ពុជាពុំទាន់ទទួលការគាំទ្រខ្លាំងដូចពេលបច្ចុប្បន្នមកម្ល៉េះ។
ម៉ូដែលជើងចាស់រូបនេះក៏ធ្លាប់បានចូលរួមកម្មវិធីដើរបង្ហាញម៉ូដព្រឹត្តិការណ៍ជាតិ-អន្តរជាតិតូចធំជាច្រើន និងធ្លាប់បង្ហាញខ្លួនតាមស៉្បតពាណិជ្ជកម្ម , សូម្បីតែទៅរស់នៅអូស្ត្រាលី ក៏អ្នកនាងឆ្លៀតពេលសម្ដែង MV ឲ្យសិល្បករអូស្ត្រាលី និងបានធ្វើជាម៉ូដែលថតម៉ូដឲ្យហាងសម្លៀកបំពាក់នៅទីនោះថែមទៀតផង។ ទៀតសោត អតីតបវរកញ្ញាកម្ពុជារូបនេះក៏ធ្វើជាគ្រូបង្រៀនភាសាខ្មែរដល់អ្នករស់នៅប្រទេសអូស្ត្រាលីផងដែរ។



តារាម៉ូដែល ស៊ុន ស្រីមុំ ក៏ធ្លាប់ នាំយកទង់ជាតិខ្មែរទៅត្រដាងលើឆាកអន្តរជាតិដោយមោទនភាពចំនួន ៣ដង រួមមាន៖ ទី១. កម្មវិធី Miss Tourism Queen International 2006 នៅទីក្រុងសៀងហៃ ប្រទេសចិន ក្នុងឆ្នាំ២០០៦, ទី២. កម្មវិធី Miss World 2006 នៅប៉ូឡូញ ក្នុងឆ្នាំ ២០០៦ ដែលកាលនោះមាន ១០៤ ប្រទេសជុំវិញពិភពលោកចូលរួមប្រកួតប្រជែង និងទី៣. កម្មវិធី Miss Tourism International 2006 នៅក័ងចូវ ប្រទេសចិន។
តាមរយៈបទពិសោធន៍ការងារក្នុង និងក្រៅសិល្បៈ រួមទាំងស្នាដៃសិល្បៈជាច្រើននាពេលនោះ ជាកត្តាជំរុញដ៏សំខាន់ជួយឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាងល្បីសុះសាយរហូតមកទល់ពេលនេះ ទោះអ្នកនាងមិនមានស្នាដៃសិល្បៈច្រើនដូចមុន តែអ្នករួមអាជីព និងសិស្សប្អូនជំនាន់ក្រោយនៅតែចងចាំស្នាដៃចាស់របស់តារាម៉ូដែលរៀមច្បងរូបនេះទុកក្នុងចិត្តជានិច្ច៕

















រូបភាព៖ ផ្ដល់ឲ្យ























Account
Security
Favourite Content