ក្រុមចម្រៀងនារី (G)I-DLE បានចេញបទចម្រៀងថ្មីពីអាល់ប៊ុមពេញទី ២ របស់ពួកគេ “TWO” គឺបទ “Super Lady” ព្រមជាមួយ MV ដ៏ក្ដៅគគុក ដោយអ្នកគាំទ្រជាច្រើនបាននិយាយសរសើរអំពីភាពអស្ចារ្យនៃវីដេអូចម្រៀងនេះដែលមានគុណភាពខ្ពស់សក្ដិសមជា MV របស់ក្រុមនារីជួរមុខពិតៗ។

ខណៈគ្រប់គ្នាកំពុងនិយាយពីភាពល្បីល្បាញនៃ MV នេះ ថ្មីៗនេះមេក្រុម (G)I-DLE គឺ Jeon So Yeon ក៏បានឱ្យដឹងថា ការចំណាយដើមទុនថត MV គឺមានតម្លៃខ្ពស់ដល់ទៅ ១,១ ពាន់លានវ៉ុន ឬ ប្រហែល ៨២៨ ០០០ដុល្លារអាមេរិក។ មិនត្រឹមជា MV ដែលមានតម្លៃថ្លៃបំផុតរបស់ (G )I-DLE ប៉ុន្តែវីដេអូបទ “Super Lady” ក៏ស្ថិតក្នុងចំណោម MV ខេប៉ុបថ្លៃបំផុតទាំង ៥ដែរ។
វីដេអូចម្រៀងនេះបានធ្វើឲ្យអ្នកទស្សនារីករាយជាមួយនឹងការរចនាឈុតឆាក និងក្បាច់រាំដ៏មានថាមពល ដែលអ្នកសម្ដែងម្នាក់ៗសុទ្ធសឹងតែបញ្ចេញនូវភាពទាក់ទាញរៀងៗខ្លួន។ ឈុតឆាកផ្សេងៗបានបញ្ឆេះអារម្មណ៍អ្នកទស្សនាឱ្យរំជើបរជួលខ្លាំងជាមួយ Tone ពណ៌ប្រាក់ បញ្ជាក់ពីស្មារតីរបស់នារីរឹងមាំ ហើយនៅចុង MV ក៏មានឈុតដែលមានតួអមឆាកជាង ៥០០ នាក់ និងអ្នករាំ ១០០ នាក់ ខណៈភាពលម្អិតនៃប្លង់នីមួយៗ គឺល្មមឱ្យអ្នកទស្សនាមិនប្លែកចិត្តឡើយដែលត្រូវចំណាយប្រាក់អស់ ១,១ពាន់លានវ៉ុន។

បន្ទាប់ពីបានបង្ហាញខ្លួនក្នុងកម្មវិធី Knowing Brothers សមាជិក (G)I-DLE ក៏បាននិយាយអំពីការផលិត MV ដោយបង្ហើបថា ការចំណាយសរុបក្នុងការផលិត MV នោះគឺសមាជិក (G)I-DLE ត្រូវចេញពាក់កណ្ដាល ពោលគឺប្រហែល ៤១៤ ០០០ដុល្លារ។ ការលាតត្រដាងនេះបានធ្វើឲ្យផលិតកម្ម CUBE ប្រឈមនឹងការរិះគន់ជាខ្លាំង។ ទោះបីជាការវិលត្រលប់របស់ (G)I-DLE លើកនេះបានទទួលជោគជ័យ ជាមួយនឹងការបញ្ជាទិញអាល់ប៊ុមទុកមុន ១,៨ លានឈុតក៏ដោយ ប៉ុន្តែមតិជាច្រើនលើកឡើងថាការដែលក្រុមហ៊ុនតម្រូវឱ្យសិល្បករបង់ប្រាក់ខ្លួនឯងជាង ៤ សែនដុល្លារសម្រាប់ MV គឺពិតជាមិនសមរម្យទាល់តែសោះ ៕
























Account
Security
Favourite Content