នៅថ្ងៃទី១២ ខែមករានេះ YH Entertainment បានប្រកាសថា Zhang Hao, Ricky, Kim Gyuvin និង Han Yujin កំពុងរៀបចំសកម្មភាពការងារថ្មី គ្រាដែលគម្រោងពិសេសរបស់ក្រុម ZEROBASEONE នៅមិនទាន់បញ្ចប់នៅឡើយ នាំឱ្យអ្នកគាំទ្រងឿងឆ្ងល់ពីអនាគតរបស់ក្រុមទាំងមូល។

នៅក្នុងសេចក្ដីប្រកាស YH Entertainment បានរៀបរាប់ថា សមាជិក ៤នាក់ គឺ Zhang Hao, Ricky, Kim Gyuvin និង Han Yujin កំពុងពិចារណាទៅលើជំហានបន្ទាប់របស់ពួកគេ ខណៈទីភ្នាក់ងារប្រាប់ថា៖ “ក្រុមហ៊ុនកំពុងតែពិនិត្យ និងរៀបចំផែនការ ដែលនឹងជួយឱ្យសមាជិកម្នាក់ៗអាចបង្ហាញសក្ដានុពលផ្ទាល់ខ្លួនបានពេញទី”។
ទីភ្នាក់ងារបន្តថា៖ “ស្របពេលដែលមានពេលខ្លី ហើយមិនទាន់អាចចែករំលែកព័ត៌មានថ្មីៗបាន ពួកយើងកំពុងរៀបចំការងារយ៉ាងហ្មត់ចត់”។
បន្តពីនេះ YH Entertainment បានបង្ហាញជំហរថានឹងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាបានថា គម្រោងពិសេសដែលសេសសល់ និងកម្មវិធីប្រគំតន្ត្រីរបស់ ZEROBASEONE នៅតែអាចបន្តបានដោយរលូន។

សូមរំឭកថា ZEROBASEONE បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០២៣ តាមរយៈការរួមបញ្ចូលគ្នារវាងបេក្ខភាពពីកម្មវិធី Boys Planet។ ZEROBASEONE គឺជាគម្រោងក្រុមចម្រៀងខេប៉ុបដែលបង្កើតឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះ ដោយក្រុមនឹងត្រូវរំសាយទៅវិញក្នុងរយៈពេល ២ឆ្នាំកន្លះ ពោលគឺនៅខែមករា ឆ្នាំ២០២៦ នេះ។
យ៉ាងណាមិញ កាលបរិច្ឆេទរំសាយក្រុមក៏បានពន្យារពេល ២ខែ រំកិលទៅខែមីនា ឆ្នាំ២០២៦វិញ បង្កើតក្ដីសង្ឈឹមចំពោះក្រុមអ្នកគាំទ្រថា ZEROBASEONE នឹងអាចក្លាយជាក្រុមចម្រៀងអចិន្ត្រៃយ៍ មិនបញ្ចប់ត្រឹមនេះនោះទេ។
បច្ចុប្បន្ន អ្នកគាំទ្រមានការខកចិត្ត និងភ័ន្តច្រឡំចំពោះសេចក្តីប្រកាសថ្មីរបស់ YH Entertainment ដោយងឿងឆ្ងល់ពីលទ្ធផលដែល ZEROBASEONE នឹងអាចក្លាយជាក្រុមអចិន្ត្រៃយ៍ នឹងចោទសួរថា ឬសេចក្ដីប្រកាសនេះចង់មានន័យថា Zhang Hao, Ricky, Gyuvin និង Yujin នឹងបន្តកិច្ចសន្យាជាមួយនឹងទីភ្នាក់ងារ ហើយចាកចេញពីក្រុម ZEROBASEONE ឬក៏យ៉ាងណា។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី៩ ខែមករា កន្លងទៅ ZEROBASEONE បានបញ្ចេញចម្រៀងបទ Running to Future ដែលជាផ្នែកមួយនៃអាល់ប៊ុមពិសេស RE-FLOW គ្រោងចេញលក់នៅខែកុម្ភៈ ខាងមុខ។ ទន្ទឹមគ្នានេះ សមាជិកទាំង ៩ នាក់ក៏កំពុងត្រៀមខ្លួនសម្រាប់កម្មវិធីប្រគំតន្ត្រី HERE&NOW ផងដែរ៕
























Account
Security
Favourite Content