នាថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០២៤ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតព្រមានដល់ក្រុមភ្លេងមួយក្រុម ចំពោះសកម្មភាពអសីលធម៌ពេលកាត់សក់ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ជាមួយកាយវិការមិនសមរម្យដែលនាំឱ្យអាប់ឱនប្រពៃណី និងប៉ះពាល់ដល់ប្រយោជន៍សង្គមជាតិទាំងមូល។

បន្ទាប់ពីមានការចែករំលែកព្រោងព្រាតនៅក្នុងបណ្ដាញសង្គមនូវវីដេអូកាត់សក់ក្នុងពិធីមង្គលមួយ ដោយក្នុងនោះមានការប្រើប្រាស់នូវកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង ខ្វះការអប់រំ ដែលនេះជាសកម្មភាពបែបអាត្មានិយមបំផុត។ ដោយមើលឃើញពីផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សង្គមជាតិ ជាពិសេសប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌ និងធ្វើការកោះហៅក្រុមសិល្បៈទាំងនោះមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។



ក្នុងនោះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមកុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជាសកម្មភាពអាសអាភាស និងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិ៕


























Account
Security
Favourite Content