ខណៈដែលជម្លោះកិច្ចសន្យារវាងក្រុមចម្រៀងនារី NewJeans និងទីភ្នាក់ងាររបស់ពួកគេគឺក្រុមហ៊ុន ADOR កាន់តែរីកធំរហូតក្លាយជាជម្លោះផ្លូវច្បាប់ សមាគមផលិតករកូរ៉េបានជំរុញឱ្យ NewJeans លុបចោលនូវការប្រកាសបញ្ចប់កិច្ចសន្យានិងត្រលប់ទៅ ADOR ដូចដើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូនេះ សមាគមផលិតករមាតិកាកម្សាន្តរបស់កូរ៉េបានជំរុញឱ្យក្រុម NewJeans ពិចារណាឡើងវិញនូវគោលជំហររបស់ពួកគេដោយបានស្នើសុំឱ្យក្រុមចម្រៀងនេះដកការទាមទារដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ខ្លួន ហើយត្រឡប់ទៅជម្រកដើមវិញដើម្បីបន្តសកម្មភាពធម្មតា។ សមាគមបន្ថែមទៀតថា ប្រសិនបើ NewJeans បានបន្តសកម្មភាពជាតារាឯករាជ្យក្នុងស្រុក ឬក្រៅប្រទេស ពួកគេត្រូវតែបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ហើយត្រូវចូលរួមចរចាជាមួយ ADOR។
តាមរយៈសេចក្តីថ្លែងការណ៍ដដែល សមាគមផលិតករបានរិះគន់ NewJeans ចំពោះការរំលងនីតិវិធីកិច្ចសន្យា និងការប្រកាសជាឯកតោភាគីពីការបញ្ចប់កិច្ចសន្យាតាមរយៈសន្និសីទសារព័ត៌មាន។ សមាគមបានព្រមានថាការបញ្ចប់កិច្ចសន្យាមុនកំណត់ដោយឯកតោភាគីរបស់ NewJeans ដែលជាក្រុមជោគជ័យខ្ពស់មួយ អាចក្លាយជាគំរូគ្រោះថ្នាក់ដែលប៉ះពាល់ដល់និរន្តរភាពនៃឧស្សាហកម្មវប្បធម៌ និងកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង ដោយកាត់បន្ថយការជឿទុកចិត្ត និងបង្អាក់ការវិនិយោគនៅក្នុងឧស្សាហកម្មទាំងមូល។

រំឭកទៅកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា NewJeans បានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ ADOR ដោយលើកឡើងពីការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ ADOR។ ទោះយ៉ាងណា ភាគី ADOR បានប្រឆាំងនឹងការទាមទារនេះដោយបានដាក់ពាក្យបណ្ដឹងទៅតុលាការ នៅថ្ងៃទី ៣ ខែធ្នូ ដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា។ ផ្អែកតាមការផ្សាយរបស់សារព័ត៌មានកូរ៉េ Chosun ក្នុងករណីតុលាការរកឃើញថា ADOR គ្មានកំហុស នោះ NewJeans អាចប្រឈមនឹងការបង់ប្រាក់ពិន័យរហូតដល់ ៦០០ ពាន់លានវ៉ុន ឬ ៤២០ លានដុល្លារអាមេរិកសម្រាប់ការបញ្ចប់កុងត្រាមុនកំណត់។
ឆ្លើយតបនឹងពាក្យបណ្ដឹងរបស់ ADOR នៅថ្ងៃទី៦ ខែធ្នូនេះដែរ NewJeans ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍អះអាងថា៖ “ពួកយើងបានប្រគល់ប្រាក់ចំណេញលើសពីការវិនិយោគទៅ ADOR និង HYBE រួចហើយ ប៉ុន្តែ HYBE នៅតែព្យាយាមជ្រៀតជ្រែកក្នុងទម្រង់ផ្សេងៗ រួមមានការបរិហារកេរ្តិ៍ និងការធ្វើទីផ្សារបំពាន ដើម្បីទម្លាក់តម្លៃពួកយើង ខណៈ ADOR បានអនុញ្ញាតឱ្យរឿងនេះកើតឡើងដដែលក្រោមការគ្រប់គ្រងថ្មី។ ដោយពិចារណាលើការបំពានទំនុកចិត្តនេះ ពួកយើងសន្និដ្ឋានថា យើងទំនងជានឹងទទួលរងនូវគ្រោះថ្នាក់កាន់តែច្រើននាពេលអនាគត”។ NewJeans បន្តទៀតថា៖ “កិច្ចសន្យាផ្តាច់មុខចែងយ៉ាងច្បាស់ថា ប្រសិនបើ ADOR បរាជ័យក្នុងការបំពេញកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួន យើងមានសិទ្ធិបញ្ចប់កិច្ចសន្យា។ ការបង្ខំឱ្យពួកយើងធ្វើការរយៈពេលប្រាំឆ្នាំទៀត បើទោះបីជាមានការបំពានទំនុកចិត្ត និងបំពានកិច្ចសន្យាបែបនេះ មិនត្រឹមតែមិនសមហេតុផលទេ ប៉ុន្តែក៏ជាទង្វើអមនុស្សធម៌ដែរ ៕”


























Account
Security
Favourite Content