បន្ទាប់ពីទទួលបានដំណឹងអាក្រក់ថាតារាសម្ដែងស្រី អេង វ៉ាណង ធ្លាក់ខ្លួនឈឺជំងឺមហារីកដំណាក់កាលទី២ និងខ្វះខាតក្នុងការព្យាបាល មិត្តរួមអាជីពជាច្រើនបានស្រុះស្រួលគ្នាជួយដល់អ្នកម្ដាយកូន៣ រូបនោះម្នាក់បន្តិចៗ ដោយផ្ដើមចេញពីកំពូលតារាប្រុសប្រចាំប្រទេស ទេព រិន្ទដារ៉ូ។


រូបមុនពេលព្យាបាល
ប្ដូរពីរូបឆោមស្រស់ស្អាត សម្បុរភ្លឺ ថ្លា ទៅជាស្លេកស្លាំង និងបាត់បង់សក់អស់នោះ អេង វ៉ាណង មើលទៅស្រងូតស្រងាត់ណាស់ ទាំងព្រួយពីខ្លួនឯង និងបារម្ភពីកូនតូចៗ។ ២ ថ្ងៃមកនេះមានអ្នកសិល្បៈ និងសារព័ត៌មានជាច្រើនជួយផ្សព្វផ្សាយពីស្ថានភាពជំងឺ ព្រមទាំងជួយសម្រួលដល់ខ្វះខាតបានខ្លះ ធ្វើឲ្យអ្នកនាងមានកម្លាំងចិត្ត និងផុសអរគុណសប្បុរសជន មិត្តរួមអាជីព។
អ្នកនាង អេង វ៉ាណង បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា បានរកឃើញថាមានជំងឺមហារីកជាងមួយឆ្នាំហើយ និងដឹងថាជាប្រភេទសាច់កាច ធ្វើទុក្ខត្រឹម ៥-៦ ខែចុងក្រោយនេះប៉ុណ្ណោះ។ បច្ចុប្បន្ននាងកំពុងប្រយុទ្ធនឹងជំងឺមហារីកសុដន់ដំណាក់កាលទី ២ ជិតចូលដល់ដំណាក់កាល ៣ ហើយវេជ្ជបណ្ឌិតប្រទេសថៃ តម្រូវឲ្យចាក់គីមី ចំនួន ១៦ លើក ដែលក្នុងមួយលើក ត្រូវចាយអស់ខ្ទង់ ៨០០ ដុល្លារ ។


រូបបច្ចុប្បន្នកំពុងព្យាបាល
តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះធ្លាប់បានវះកាត់រួចម្ដងមកហើយនៅមន្ទីរពេទ្យក្នុងស្រុក តែដុះឡើងវិញ។ តែទើបចាក់គីមីសាស្ត្របាន ២ ដងប៉ុណ្ណោះ ព្រោះមិនមានថវិកាគ្រប់គ្រាន់ បូករួមមិនបានធ្វើការមួយរយៈចុងក្រោយនេះទៀត ទើបបណ្ដាលឲ្យកើតជំងឺបាក់ទឹកចិត្តមួយថែមទៀត។
សម្រាប់អ្នកធ្លាប់រួមការងារជាមួយអ្នកមេម៉ាយកូន ៣ រូបនេះ បានបញ្ជាក់ថា វ៉ាណង ជាបុគ្គលមានចរិតស្លូតបូត បើទោះជាមានផលិតករខ្លះជំពាក់ប្រាក់ឈ្នួលថត ក៏អ្នកនាងមិនហ៊ានទារ ឬស្ដីថាឲ្យគេដែរ។ ម្យ៉ាងទៀតបើទោះជាមានជំងឺធ្ងន់យ៉ាងនេះក្ដី ក៏ស្រ្តីវ័យជិត ៤០ ឆ្នាំរូបនោះមិនបានទម្លាយឲ្យនរណាដឹងឡើយ ហើយខំបំពេញការងាររួចរាល់អស់ ទើបដកឃ្លាទៅព្យាបាល។ ព្រោះតែអត្តចរិតល្អ ទើបទទួលបានការអាណិតស្រឡាញ់ សន្ដោស ពីអ្នករួមការងារ និងមហាជនច្រើនជាបន្តបន្ទាប់។
មហាជនស្លុតចិត្តនៅពេលដឹងថា អេង វ៉ាណង មានកូន ៣ ដែលកូនប្រុសច្បងទើបមានវ័យ ១៤ ឆ្នាំប៉ុណ្ណោះ និងម្ដាយចាស់ជរាត្រូវមើលថែរក្សាទៀតផងនោះ។ មកទល់ពេលនេះទាំងមហាជន និងមិត្តរួមអាជីពបានបន្តជួយទោះតិចក្ដីច្រើនក្ដី តាមលទ្ធភាពរៀងៗខ្លួន។ មិនត្រឹមជួយជាថវិកា អ្នកខ្លះក៏បានជូនពរឲ្យឆាប់ជាសះស្បើយ និងឆាប់វិលទៅរកការងារដែលធ្លាប់បំពេញឡើងវិញ ព្រោះមានមនុស្សជាច្រើនកំពុងរង់ចាំការសម្ដែងបន្តទៀត៕


























Account
Security
Favourite Content