យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Chap Chamroeun Tola ដែលគេស្គាល់ថាជាគណនីផ្លូវការរបស់ នាដការបាំបុរាណ ចាប ចំរើនតុលា មុននេះបន្តិចបានឱ្យដឹងថា ព្រឹទ្ធាចារ្យ ឆែម សុខ តន្រ្តីករបុរាណដែលតែងតែប្រគំជូនក្រុមរបាំព្រះរាជទ្រព្យ បានទទួលមរណភាព នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែពុំបានបញ្ជាក់ពីមូលហេតុនៃការទទួលអនិច្ចកម្មនេះឡើយ។

ភ្ជាប់ជាមួយដំណឹងដ៏ក្រៀមក្រំនេះ នាដការបាំបុរាណ ត្រូវជាកូនសិស្សលោកគ្រូ ឆែម សុខ បានរៀបរាប់ថា «សំណឹងដ៏ក្រៀមក្រំ លោកគ្រូ ឆែម សុខ តន្រ្តីករបុរាណដែលតែងតែប្រគំជូនក្រុមរបាំព្រះរាជទ្រព្យពេលនេះបានទទួលមរណ:ភាពហេីយ។ សូមលោកពូអញ្ជេីញទៅអោយបានស្ងប់សុខ ចង្វាក់ស្គរច្បាស់ៗងាយស្រួលរាំរណ្តំចិត្ត ពេលនេះលែងបានឮទៀតហេីយធនធានសិល្ប:ដ៏កម្រ បានបាត់បង់ម្តងមួយៗ»។
ក្នុងរូបថតកាន់ទុក្ខរបស់ព្រឹទ្ធាចារ្យ ឆែម សុខ បានបញ្ជាក់ឱ្យដឹងថា ព្រឹទ្ធាចារ្យ ឆែម សុខ ជាមន្ត្រីតន្ត្រីបុរាណនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកទេសឧបករណ៍ស្គរធំ និងស្គរសម្ភោរ។
បន្ទាប់ពីទទួលដំណឹងមរណភាពនេះ នាដការបាំបុរាណ តន្ត្រីករ សិល្បករ-សិល្បការិនីចាស់ក្មេង អ្នកពាក់ព័ន្ធសិល្បៈតន្ត្រីបុរាណ រួមទាំងអ្នកប្រើប្រាស់បណ្តាញបានសម្តែងការសោកស្តាយចំពោះការបាត់បងធនធានសិល្ប:ដ៏កម្រ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះគ្រប់ៗគ្នា។ ពីក្រុមការងារ AMS Infotainment ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ព្រឹទ្ធាចារ្យ ឆែម សុខ សូមវិញ្ញាក្ខន្ធលោកគ្រូ បានទៅកាន់ទីឋានស្ងប់សុខ!























Account
Security
Favourite Content