ក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗ តារាសម្តែងសិចស៊ី ដួង ម៉ានិច្ច បានប្រកាសឱ្យដឹងថា នាង និងគូស្នេហ៍ ហ៊ា ឆាត ត្រៀមដឹកដៃគ្នាចូលរោងការឆាប់ៗនេះហើយ។ បើលឿនពិធីមង្គលការអាចនឹងធ្វើឡើងនៅដើមខែមេសា តែបើយូរបំផុតគឺនៅដើមខែឧសភា ខាងមុខនេះ។




ដោយសារពេលវេលារៀងខើចខ្លាំង នាង និងគូស្នេហ៍សម្រេចចិត្តថា នឹងរៀបចំពិធីមង្គលការបែបអឺរ៉ុប តែក៏មិនភ្លេចប្រពៃណីខ្មែរឡើយ ដោយមានរៀបចំកម្មវិធីលាងបាតជើងឪពុកម្តាយទាំងសងខាង និងពិធីបំពាក់ចិញ្ចៀនផ្សេងៗជាដើម។ តែសម្រាប់ថ្ងៃពិសេសតែម្តងនោះ គឺនាងជ្រើសរើសធ្វើនៅកំពង់សោម ខេត្តព្រះសីហនុ។
តារាស្រីរូបនេះបញ្ជាក់ច្បាស់ៗថា ពិធីមង្គលការរបស់អ្នកទាំងពីរមិនដាក់គ្រឿងស្រវឹងទទួលភ្ញៀវកិត្តិយសឡើយ។ ហេតុផលនោះគឺដោយសារតែមុនពេលសម្រេចចិត្តចូលរោងការនាង និងគូស្នេហ៍បានចំណាយពេលរៀនព្រះធម៌អប់រំចិត្តរយៈពេលជិត ១ឆ្នាំ និងបានដឹងថា ការទទួលទានសុរាគឺមានបាប ដូចនេះទើបសម្រេចចិត្តថាមិនចង់ប្រព្រឹត្តិ និងមិនចង់ដាក់សុរាក្នុងពិធីមង្គលការរបស់ខ្លួននោះឡើយ។



មួយវិញទៀត គឺដោយសាររយៈពេលចុងក្រោយនេះ ឃើញមានផលប៉ះពាល់ច្រើនលើរឿងបញ្ហាចរាចរណ៍ដែលបង្កឡើងពីគ្រឿងស្រវឹងផង ទើបសូមផ្តាំផ្ញើរឱ្យពុកម៉ែបងប្អូនពិសារគ្រឿងស្រវឹងដោយមានទំនួលខុសត្រូវ ការពារជីវិតអ្នក និងជីវិតអ្នកដទៃ។ អនាគតកូនក្រមុំរូបនេះ បានជម្រាបប្រាប់ទៅភ្ញៀវកិត្តិយសរួចរាល់ហើយចំពោះរឿងមិនដាក់គ្រឿងស្រវឹងក្នុងពិធីមង្គលការនេះ ហើយភ្ញៀវកិត្តិយសក៏យោគយល់ និងយល់ស្របលើចំណុចនេះដូចគ្នាដែរ៕




























Account
Security
Favourite Content