កាលពីសប្ដាហ៍កន្លងទៅសារព័ត៌មាន Sina បានរាយការណ៍ថា តារាសម្ដែងចិន Dilraba បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយដែលនាងធ្វើជាអ្នកតំណាង។ កម្មវិធីនេះបានទាក់ទាញការចាប់អារម្មណ៍ច្រើនព្រោះនេះជាលើកដំបូងដែល Dilraba ចេញមកមានទំនាក់ទំនងផ្ទាល់ជាមួយទស្សនិកជនបន្ទាប់ពីផ្ទុះព័ត៌មានមានផ្ទៃពោះ។ ក្នុងពិធីនោះ តារាស្រីវ័យ ៣០ឆ្នាំបានឆ្លើយតបត្រង់ៗចំពោះពាក្យចចាមអារ៉ាមនាពេលកន្លងមកថា៖
“កន្លងមកខ្ញុំធ្វើការស្ទើរតែមួយថ្ងៃ២៤ម៉ោង គ្មានពេលសម្រាប់ជីវិតខ្លួនឯងទេ។ អ្នកធ្វើការផ្សេងៗតែងទន្ទឹងរង់ចាំថ្ងៃចុងសប្តាហ៍ដើម្បីសម្រាក ប៉ុន្តែខ្ញុំធ្វើការ ៦ឆ្នាំមកនេះគ្មានថ្ងៃឈប់សម្រាកឡើយ ដូច្នេះខ្ញុំមានអារម្មណ៍ថាហត់ ហើយត្រូវការពេលវេលាដើម្បីសម្រាក”។ Dilraba និយាយ។
Dilraba បានចែករំលែកថា កំលុងពេលសម្រាក នាងបានជួបពាក្យចចាមអារ៉ាម ជេរប្រមាថគ្រប់បែបយ៉ាង ប៉ុន្តែនាងមិនបារម្ភអ្វីច្រើនទេ ក្រៅពីផ្តោតលើការសម្រាកទាំងផ្លូវកាយនិងផ្លូវចិត្ត ដើម្បីអាចឈានទៅអនាគតដ៏ល្អប្រសើរ។
នាពេលឆាប់ៗខាងមុខ Dilraba នឹងមានសកម្មភាពសិល្បៈច្រើនដូចជាផ្សព្វផ្សាយពាណិជ្ជកម្ម និងចូលរួមក្នុងរឿងភាគទូរទស្សន៍ថ្មីៗ។ យោងតាមប្រភពនានា តារាស្រីរូបនេះនឹងសម្ដែងរឿងថ្មីមួយជាមួយតារាប្រុស Jin Shijia ។ លើសពីនេះទៅទៀត Dilraba ក៏មានស្នាដៃចំនួនពីរដែលនឹងត្រៀមចាក់ផ្សាយផងដែរគឺរឿងភាគ “Prosecution Elite” និង “Legend of Anle” ។
គួរបញ្ជាក់ថាចាប់ពីខែមិថុនា ឆ្នាំ 2022 Dilraba ស្ទើរតែបាត់ខ្លួនពីពិភពសិល្បៈតែម្ដង បន្ទាប់ពីបញ្ចប់ការថត “Prosecution Elite”។ នាងមិនបានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងបដិសេធមិនបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃកម្មវិធីចុងឆ្នាំឡើយ។ តារាកំពូលសម្រស់រូបនេះក៏មិនបានចូលរួមក្នុងកម្មវិធី Fashion Week នៅអឺរ៉ុបក្នុងខែមីនាដែរ បើទោះបីជានេះជាព្រឹត្តិការណ៍ដ៏ធំមួយដែលអាចលើកឥទ្ធិពលរបស់នាងក៏ដោយ។

កំឡុងពេលនោះ នាងក៏ត្រូវបានគេរាយការណ៍ថាមានផ្ទៃពោះជាមួយតារាសម្តែង Johnny Huang ។ យោងតាមពាក្យចចាមអារ៉ាមថា តារាស្រីរូបនេះមានកូនក្នុងខែតុលា ឆ្នាំ ២០២២ ហើយត្រូវសម្រាកដើម្បីចៀសវាងការបង្ហាញពីក្បាលពោះរបស់នាង។
ព័ត៌មានចចាមអារ៉ាមមួយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់នាង ហើយកាលពីថ្ងៃទី ១០ ខែកុម្ភៈ តារាស្រីរូបនេះបានប្រកាសថានាងកំពុងប្តឹងបុគ្គលចំនួន ៣១នាក់ និងក្រុមហ៊ុនចំនួន ២៣ សម្រាប់ការបង្ហោះបង្ខូចកិត្តិយសរបស់នាង ចាប់តាំងពីឆ្នាំ២០២១មក ៕


























Account
Security
Favourite Content