Diana Flipo ជាតារាសម្ដែងស្រីថៃកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើន។ នាងត្រូវបានមហាជនជាច្រើនលើកឡើងថា ជាតារាស្រីមានទេពកោសល្យម្នាក់ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតថែមទៀតផង។ ជាមួយគ្នាដែរ Diana Flipo ក៏ត្រូវបានមហាជនជាច្រើនដឹងថា ជាមិត្ដជិតស្និទ្ធម្នាក់របស់ Lisa សមាជិកក្រុមចម្រៀង BLACKPINK ផងដែរ។



ថ្មីៗ នេះ តារាស្រី វ័យ ២៩ ឆ្នាំរូបនេះ បានរំឭកពី Lisa ក្នុងបទសម្ភាសន៍របស់ខ្លួន។ ជាពិសេស នាងបានសុំចិត្ដដល់អ្នកគាំទ្ររបស់ Lisa កុំឲ្យបង្ហាញសកម្មភាពហួសហេតុខ្លាំងពេក បើទោះជាស្រឡាញ់ចូលចិត្ដ Lisa ប៉ុណ្ណាក៏ដោយ។ Diana Flipo បានលើកឡើងថា៖ សូមអ្នកគាំទ្រ Lisa ទាំងអស់ មេត្ដាគោរពដល់ភាពឯកជនដល់រូបនាងខ្លះផង។ នៅពេលដែលអ្នកគាំទ្រ ប្រទះឃើញ Lisa នៅកន្លែងណាមួយ និងថតរូបបង្ហោះលើបណ្ដាញសង្គម អ្នកគាំទ្រជាច្រើននៅក្បែរនោះចាប់ផ្ដើមបុកប្រជ្រៀតមករកភ្លាមៗ។ សកម្មភាពទាំងអស់នេះ ធ្វើឲ្យ Lisa បាត់បង់ពេលវេលាដែលនាងអាចដើរលេងសប្បាយធម្មតាដូចមនុស្សទូទៅ។ ប្រសិនបើស្រឡាញ់ Lisa គួរតែគោរពដល់នាង។ យ៉ាងហោចណាស់ ចាំ ៣ ម៉ោងបន្ទាប់ពីថតរូប ចាំបង្ហោះលើបណ្ដាញសង្គម។


តារាស្រី Diana Flipo បានបន្ដថា៖ មានម្ដងពេលដែលនាង និង Lisa បានដើរកម្សាន្ដជាមួយគ្នា រូបភាពរបស់ Lisa ត្រូវបានបង្ហោះពាសពេញបណ្ដាញសង្គម។ ហើយពេលវេលាបង្ហោះគឺភ្លាមៗ បន្ទាប់ពីអ្នកគាំទ្របានប្រទះឃើញនាង និង Lisa។ ស្រាប់តែអ្នកគាំទ្រជាច្រើនបានមករង់ចាំកកកុញ ស្ទះដល់អ្នកដំណើរផ្សេងទៀត វាពិតជាផ្ដល់ការលំបាកដល់ Lisa។ នាងយល់ពីទឹកចិត្ដស្រឡាញ់របស់អ្នកគាំទ្រ មានអ្នកគាំទ្រខ្លះក៏ល្អមិនបានបង្កភាពរញ៉េរញ៉ៃ តែក៏មានខ្លះពិបាកក្នុងការគ្រប់គ្រង។






Diana Flipo បានបន្ថែមថា៖ Lisa ពិតជាមានអារម្មណ៍សប្បាយរីករាយនៅពេលដែលនាងបានដើរកម្សាន្ដ និងរស់នៅសាមញ្ញដូចមនុស្សទូទៅ។ នាងពិតជាមានភាពល្បីល្បាញខ្លាំង តែប្ដូរមកវិញនាងបាត់បង់ភាពឯកជនរបស់ខ្លួនស្ទើរគ្មានសល់។ ដូច្នេះទើបរាល់ពេលដែល Lisa ត្រឡប់មកប្រទេស ថៃ នាងតែងតែរកកន្លែងដើម្បីនាំ Lisa ដើរកម្សាន្ដ។
គួរបញ្ជាក់ផងដែរ មួយរយៈចុងក្រោយនេះ Lisa ឧស្សាហ៍ចេញដើរកម្សាន្ដជាសាធារណៈ ជាហេតុធ្វើឲ្យរូបភាពរបស់នាងតែងត្រូវគេចែកចាយពាសពេញបណ្ដាញសង្គម និងមានការតាមរំខានពីអ្នកគាំទ្រមួយចំនួន។ ដូច្នេះទើប Diana Flipo ជាមិត្ដជិតស្និទ្ធរបស់ Lisa ទ្រាំមិនបានចេញមុខនិយាយការពារ និងសុំចិត្ដដល់អ្នកគាំទ្រឲ្យគោរព និងផ្ដល់ភាពឯកជនដល់ Lisa៕























Account
Security
Favourite Content