តារាចម្រៀងអាមេរិក Charlie Puth បានចូលរោងអាពាហ៍ពិពាហ៍ជាមួយនឹងគូសង្សារ Brooke Sansone កាលពីថ្ងៃទី៧ ខែកញ្ញា នៅផ្ទះខាងប្រុស ឯរដ្ឋកាលីហ្វ័រញ៉ា។

អ្នកនិពន្ធ និងអ្នកចម្រៀងរូបនេះ បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនជាមួយនឹងមិត្តស្រីដែលជាអ្នកសម្របសម្រួលទំនាក់ទំនងសាធារណៈ តាំងពីថ្ងៃទី៧ មកម៉្លេះ តែលោក និងភរិយាទើបតែប្រកាសដំណឹងនេះជាសាធារណៈនៅថ្ងៃទី១៧ ខែសីហា តាមរយៈថតរូបប៉ុន្មានសន្លឹកនៅលើគណនី Instagram ផ្ទាល់ខ្លួន។

ជាមួយនឹងកម្រងរូបថតសុភមង្គល តារាចម្រៀងវ័យ ៣២ឆ្នាំរូបនេះក៏បានសរសេរសំណេរដ៏ជ្រួតជ្រាបមួយទៅកាន់ភរិយាវ័យ ២៥ឆ្នាំរបស់ខ្លួនផងដែរថា៖ “ខ្ញុំស្រឡាញ់អ្នក Brooke… ខ្ញុំតែងតែស្រឡាញ់អ្នករហូតមក។ នៅពេលដែលនៅជាមួយអ្នក ខ្ញុំតែងតែជាខ្លួនខ្ញុំដែលល្អបំផុត។ ខ្ញុំសន្យាថានឹងស្រឡាញ់អ្នកជារៀងរាល់ថ្ងៃ ខ្ញុំនឹងស្រឡាញ់អ្នកខ្លាំងជាងនេះទៅទៀតនៅពេលដែលយើងកាន់ដៃគ្នាដើរទៅមុខ។ Brooke Ashley Sansone ឥឡូវនេះអ្នកក្លាយជា Brooke Ashley Puth ហើយ។ អរគុណដែលធ្វើឲ្យខ្ញុំក្លាយជាបុរសដែលមានសុភមង្គលបំផុត។
ក្រោយពី ដំណឹងនេះបានបង្ហោះអ្នកនិយមស្ដាប់បទចម្រៀងរបស់លោក និងសារព័ត៌មានជាច្រើនបានចេញមុខអបអរសាទរដល់អ្នកទាំងពីរ សម្រាប់ការឈានជើងទៅមួយកម្រិតទៀតនៃទំនាក់ទំនងដ៏ស៊ីជម្រៅមួយនេះ។
ក្រឡេកមករំឭកពីប្រវត្តិស្នេហារបស់គូស្វាមីភរិយាមួយគូនេះវិញ ទំនាក់ទំនងរបស់អ្នកទាំងពីរ បានលេចឮតាំងតែពីខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ ដោយគេបានប្រទះឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរួមក្នុងកម្មវិធី Global Citizen នាទីក្រុងញូវយ៉ក។
ក្រោយមក នៅក្នុងខែតុលា ក្នុងឆ្នាំដដែលម្ចាស់បទ See You Again រូបនេះក៏បានលើកយករឿងរ៉ាវភរិយារបស់ខ្លួនមកចែករំលែកក្នុងកម្មវិធី The Howard Stern ថា Sansone គឺជាមិត្តរបស់លោកតាំងតែពីក្មេងនៅពេលដែលលោករស់នៅក្នុងរដ្ឋ New Jersey ។ Charlie Puth ក៏រៀបរាប់បន្ថែមថា៖ “នាងតែងតែធ្វើល្អដាក់ខ្ញុំរហូតមក។ ហើយខ្ញុំក៏សង្ឃឹមដែរថា ក្នុងថ្ងៃអនាគត នៅពេលដែលខ្ញុំជួបព្យុះជួបភ្លៀង នាងនឹងនៅទីនេះដើម្បីខ្ញុំ”។

បើទោះបីជា លោកបានចែករំលែករឿងរ៉ាវរបស់លោក និង Sansone ខ្លះរួចទៅហើយក្ដី តែលោកនៅមិនទាន់បានបញ្ជាក់ថា លោក និងនាងមានទំនាក់ទំនងលើសពីមិត្តនោះទេ។ រហូតមកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃខួបកំណើតរបស់ខ្លួន ទើប Charlie Puth បានផ្ដល់កាដូដល់ខ្លួនឯង និងអ្នកគាំទ្រដោយប្រកាសទំនាក់ទំនងស្នេហាជាផ្លូវការតាមរយៈរូបថតរបស់អ្នកទាំងពីរនៅក្នុងទូថតរូប។



អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរីករាយក្នុងពេលជាមួយគ្នានោះ គឺហេតុការណ៍ដែលកើតឡើងនៅ ៩ខែក្រោយ ដោយម្ចាស់បទ Attention ពិតជាបានទាញយក Attention (ការចាប់អារម្មណ៍) ពីសំណាក់អ្នកស្ដាប់ចម្រៀងរបស់លោកពិតមែន។ នេះក៏ដោយសារតែ Charlie Puth បានចែករំលែកដំណឹងល្អពីជីវិតស្នេហារបស់លោក តាមរយៈរូបសាមញ្ញៗ តែពេញប្រៀបដោយសេចក្ដីសុខជាមួយនឹងសំណេរនាំឱ្យអ្នកគ្រប់គ្នារំភើប ដែលលោកបានរាយរាប់ថា៖ “ខ្ញុំបានហោះមកទីក្រុងញូវយ៉ក ដើម្បីសុំរៀបការជាមួយនឹងមិត្តភក្ដិដ៏ល្អបំផុតរបស់ខ្ញុំ”។
ពីរឆ្នាំក្រោយទំនាក់ទំនងស្នេហាបានបើកចំហរ ចុងបញ្ចប់អ្នកទាំងពីរក៏បានកាន់ដៃគ្នាកសាងជីវិតគ្រួសារពេញដោយសុភមង្គល។ AMS សូមជូនពរដល់ស្វាមីភរិយាថ្មីឱ្យកាន់តែស្រឡាញ់គ្នាលើសដើម ហើយ AMS ក៏សង្ឈឹមថានឹងទទួលបានដំណឹងល្អនាពេលឆាប់ៗនេះផងដែរ ៕























































Account
Security
Favourite Content