កន្លងផុតជាង ២ ខែទៅហើយដែលតារាស្រី Coco Lee បានស្លាប់បាត់បង់ជីវិតដោយសារតែការធ្វើអត្ដឃាត។ ការចាកចេញរបស់នាងនៅតែធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនអស់អាល័យ។ បន្ទាប់ពីនាងទទួលមរណភាពមិនបានប៉ុន្មាន ក៏ស្រាប់លេចដំណឹងថារូបនាងធ្លាប់ត្រូវបានគេធ្វើបាបកំឡុងពេលធ្វើជាគ្រូបង្វឹកក្នុងកម្មវិធី “The Voice China”។

ផ្អែកតាមប្រភពនោះ Coco Lee ត្រូវបានគេធ្វើបាប និងមិនឱ្យតម្លៃកំឡុងពេលធ្វើគ្រូបង្វឹកក្នុងកម្មវិធី “The Voice China” ជាហេតុធ្វើឱ្យនាងយំយ៉ាងខ្លាំង។ គំនិតរបស់នាងជាច្រើនត្រូវបានខាងកម្មវិធីមិនទទួលយក។ នៅពេលដែលនាងត្រូវឡើងលើឆាក នាងត្រូវបានក្រុមការងារទុកចោលមិនរវល់ទាំងដែលនាងមានបញ្ហាជើងពិបាកក្នុងការដើរ និងបានផ្លាស់ប្ដូរក្នុងកម្មវិធីដោយមិនបានផ្ដល់ដំណឹងដល់នាងជាមុន។

ក្រោយមានរឿងភ្លាមៗ កម្មវិធី The Voice China ត្រូវបានផ្អាកជាបណ្ដោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតចំពោះរឿងរ៉ាវទាក់ទិនការធ្វើបាបតារាស្រី Coco Lee និងត្រូវបានគេរាយការណ៍ថា បាត់បង់ម្ចាស់ឧបត្ថម្ភកម្មវិធីដល់ទៅចំនួន ៧ រីឯតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកាន់កម្មវិធីក៏បានធ្លាក់ចុះជាបន្ដបន្ទាប់។ ប៉ុន្ដែមិនបានប៉ុន្មានក៏លេចដំណឹងថា កម្មវិធីនេះត្រៀមលួចចាក់ផ្សាយឡើងវិញ ខណៈអ្នកគាំទ្រ និងមហាជនជាច្រើនហាក់មានការខឹងសម្បារចំពោះរឿងមួយនេះ ជាពិសេសគិតថាអ្នកពាក់ព័ន្ធទាំងឡាយព្យាយាមរត់យករួចខ្លួន។


ថ្មីៗ នេះតារាប្រុសលោក Chung WeiQiang បានចេញនិយាយទាក់ទិនតារាស្រី Coco Lee ថា៖ Coco Lee ជាតារាស្រីដ៏គួរឱ្យគោរពម្នាក់ និងយកចិត្តទុកដាក់ខ្លាំងចំពោះការងារ។ នាងលើសពីតារាចម្រៀង នាងជាមនុស្សអស្ចារ្យម្នាក់ នៅពេលដែលទទួលការងារទាក់ទិនចម្រៀង ប្រាក់មិនមែនជារឿងសំខាន់នាងឡើយ។ នាងចង់ចែករំលែកបទពិសោធន៍របស់ខ្លួន ទៅកាន់ក្មេងៗ ជំនាន់ក្រោយ។ តែកម្មវិធីនោះ មិនបានគោរពនាង និងឱ្យតម្លៃនាងឡើយ។ ជីវិតរបស់នាងពិតជាកម្សត់ខ្លាំង។


គួរបញ្ជាក់ថា តារាស្រី Coco Lee បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៣ ដោយសារការធ្វើអត្ដឃាត។ ចំពោះមូលហេតុវិញគឺមានជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ព្រមទាំងមានជំងឺប្រចាំកាយដូចជាមហារីកសុដន់ និងជំងឺផ្នែកជើងពីកំណើត។ ស្របពេលនេះ មហាជនកាន់តែមានក្ដីអាណិតចំពោះនាងក្រោយបានដឹងពីរឿងរូបនាងត្រូវគេធ្វើបាបនៅក្នុងកម្មវិធី “The Voice” ទៀត តែហាក់គ្មានអ្នកខ្វាយខ្វល់ដោះស្រាយរឿងនេះឲ្យនាងទាល់តែសោះ៕


























Account
Security
Favourite Content