Chow Yun Fat ជាតារាសម្ដែងប្រុសហុងកុងដ៏ល្បីល្បាញម្នាក់ បច្ចុប្បន្នលោកមានវ័យ ៦៨ ឆ្នាំហើយ។ មួយរយៈចុងក្រោយ លោកបានសម្រាកខ្លះពីការងារសិល្បៈ និងផ្ដោតលើការរស់នៅយ៉ាងសាមញ្ញ។ លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការរត់ និងចូលរួមការប្រកួតរត់ម៉ារ៉ាតុងជាដើម។
កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ តួស្ដេចល្បែងរូបនោះ បានចូលរួមក្នុងការប្រកួតរត់ម៉ារ៉ាតុងនៅឯតំបន់ស្ពាន Zhuhai ហុងកុង។ ព្រឹត្ដិការណ៍នោះដែរ មានអ្នកចូលរួមរត់រហូតដល់ ៨ ០០០ នាក់ ខណៈអ្នកចូលរួមទាំងអស់ត្រូវរត់ចំងាយ ២១ គីឡូម៉ែត្រ។ តារាប្រុស Chow Yun Fat បានបញ្ចប់ការរត់របស់ខ្លួនត្រឹម ២ ម៉ោង ២៧ នាទី និង ៥៦ វិនាទីប៉ុណ្ណោះ។

បើទោះជារត់ចម្ងាយឆ្ងាយដល់ទៅ ២១ គីឡូម៉ែត្រ ប៉ុន្ដែតារាប្រុស Chow Yun Fat នៅតែបង្ហាញស្នាមញញឹមដល់អ្នកជុំវិញ ជាពិសេសលោកមិនបានបង្ហាញឲ្យឃើញនូវអាការៈហត់នឿយនោះឡើយ។ មិនតែប៉ុណ្ណោះតារាប្រុសវ័យក្បែរ ៧០ ឆ្នាំរូបនោះ បានទាំងស្រែកនិយាយជាមួយអ្នកគាំទ្រដែលបានមកចូលរួមទស្សនាថែមទៀត។
បន្ទាប់ពីបញ្ចប់ការរត់ តារាប្រុស Chow Yun Fat ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកពិតជាសប្បាយរីករាយដែលលោកអាចរត់បានដល់គោលដៅ និងគ្មានបញ្ហាអ្វី។ ជាពិសេសគឺរត់បានតាមការកំណត់របស់អ្នករៀបចំកម្មវិធី លោកនឹងចូលរួមកម្មវិធីនេះម្ដងទៀតនៅឆ្នាំក្រោយ។

កាលពីខែធ្នូ ឆ្នាំ ២០២២ តារាប្រុស Chow YunFat បានចូលរួមក្នុងព្រឹត្តិការណ៍ Hong Kong Athletics Cross Country Championships ដែលគាត់បានបញ្ចប់ការរត់ក្នុងរយៈពេល ៥៦ នាទី និង ៣៩ វិនាទី។
កាលពីខែ កុម្ភៈ ឆ្នាំ ២០២៣ លោកបានចូលរួមក្នុងការរត់ចម្ងាយ ១០ គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Hong Kong Marathon ហើយបានបញ្ចប់វារយៈពេលត្រឹម ១ ម៉ោង ៣ នាទី និង ៥៧ វិនាទី ប៉ុណ្ណោះ។ លោកត្រូវបានគេចាត់ទុកថា ជាតារាប្រុសដែលមានសុខភាពល្អ និងកម្លាំងមាំមួនផងដែរ បើទោះជាមានវ័យ ៦៨ ឆ្នាំហើយក៏ដោយ៕




























Account
Security
Favourite Content