Cheems ជាសត្វសុនកល្បីមួយក្បាលលើបណ្ដាញអ៊ីនធើណេត មហាជនជាច្រើននិយមយករូបរបស់សត្វសុនកមួយក្បាលនេះមកកាត់តជារូបកំប្លែងនានា ដែលធ្វើឱ្យគ្រប់គ្នាឃើញហើយសើចសប្បាយរីករាយរំសាយទុក្ខ។


អ្វីដែលគួរឱ្យភ្ញាក់ផ្អើល Cheems ត្រូវបានបាត់បង់ជីវិតដោយសារជំងឺមហារីក ដំណឹងនេះពិតជាធ្វើឱ្យអ្នកលេងលើអ៊ីនធើណេតជាច្រើនហាក់មានការសោកស្ដាយស្រណោះយ៉ាងខ្លាំង។ បើតាមការបញ្ជាក់របស់ម្ចាស់ Cheems បានឱ្យដឹងថា Cheems បានបាត់បង់ជីវិតពេលកំពុងវះកាត់សម្រាប់ជំងឺមហារីក។ អំឡុងពេលវះកាត់ Cheems បានបាត់បង់ស្មារតី និងលែងដឹងខ្លួនបន្ទាប់ពីបញ្ចប់ការវះកាត់។ ក្រុមគ្រូពេទ្យបានប្រឹងប្រែងសង្គ្រោះ Cheems ប៉ុន្ដែជាអកុសលអ្វីៗ គ្រប់យ៉ាងយឺតពេលអស់ទៅហើយ។ Cheems បានស្លាប់បាត់បង់ជីវិតនៅអាយុ ១២ ឆ្នាំ។

ម្ចាស់របស់ Cheems បានលើកឡើងថា បើទោះជា Cheems លែងមានវត្ដមានលើលោកនេះហើយក្ដី ប៉ុន្ដែរូបគេបានជួយមនុស្សជាច្រើនសម្រាលទុក្ខ ជាមួយរូបភាពរបស់គេដូច្នេះសូមកុំភ្លេចរូបគេឱ្យសោះ។
គួរបញ្ជាក់ថា Cheems ចាប់ផ្ដើមមានភាពល្បីល្បាញលើអ៊ីនធើណេតកាលពីឆ្នាំ ២០១៧ ដោយរូបភាពគួរឱ្យស្រឡាញ់ និងទឹកមុខក្រម៉ិចក្រមើមធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍លើ Cheems ព្រមទាំងចាប់ផ្ដើមប្រើប្រាស់រូបជាហូរហែរយកមកកាត់តជាដើម៕





























Account
Security
Favourite Content