នៅថ្ងៃទី៤ ខែមករា នេះ Charmaine Sheh ឈ្នះពានរង្វាន់ជា “តារាសម្ដែងស្រីឆ្នើម” ពីកម្មវិធី TVB Anniversary Awards ជាលើកទី ៤ ក្លាយជាតារាស្រីដែលឈ្នះបានពានរង្វាន់តែមួយនេះច្រើនបំផុតពី TVB។ នេះបើផ្អែកតាម Global Times។


តារាហុងកុង Charmaine Sheh បានក្លាយជាទីចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធី TVB Anniversary Awards ២០២៥ ដែលធ្វើឡើងនៅឯទីក្រុងម៉ាកាវ ជាមួយនឹងពានរង្វាន់ “តារាសម្ដែងស្រីឆ្នើម” តាមរយៈការសម្ដែងជា Man Wai-sum ក្នុងភាពយន្តរឿង The Queen of News 2 ឬ រាជិនីសារព័ត៌មាន រដូវកាលទី២ អមជាមួយនឹង Bosco Wong ដែលទទួលបានពានរង្វាន់ “តារាសម្ដែងប្រុសឆ្នើម” ជាលើកដំបូង តាមរយៈភាពយន្តតែមួយនេះ។
ដោយធ្លាប់ទទួលបានពានរង្វាន់ដូចគ្នា សម្រាប់ស្នាដៃរឿង រាជិនីសារព័ត៌មាន រដូវកាលមុនរួចមកហើយ តួឯកស្រីវ័យ ៥០ឆ្នាំរូបនេះបានរៀបរាប់ថា៖ “កាលពីលើកមុន ខ្ញុំគិតថា Charmaine Sheh ជាអ្នកបានពានរង្វាន់នេះ។ ដោយឡែកលើកនេះ ខ្ញុំជឿថា Man Wai-sum គឺជាអ្នកទទួលបានពានរង្វាន់នេះ”។
“ខ្ញុំមិនគ្រាន់តែសម្ដែងជាតួអង្គហ្នឹងទេ តែខ្ញុំបានក្លាយជាតួអង្គនេះទៅហើយ។ នាងជាអ្នកជួយណែនាំខ្ញុំ និងតាមរយៈសាច់រឿងដ៏ទាក់ទាញ ទើបធ្វើឱ្យខ្ញុំអាចក្លាយជាទីចូលចិត្តរបស់ទស្សនិកជនម្ដងទៀត។ ខ្ញុំចង់ប្រាប់ Man Wai-sum ថា ខ្ញុំស្រឡាញ់អ្នក Man Wai-sum!” នាងបញ្ចប់ដូច្នេះ។

Charmaine Sheh បានចាប់ផ្ដើមអាជីពសិល្បៈតាមរយៈតំណែងជាបវរកញ្ញាឯកហុងកុងលំដាប់រងលេខ ២ ក្នុងឆ្នាំ ១៩៩៧ មុននឹងមានឱកាសអាចសម្ដែងនៅក្នុងរឿងល្បីៗដូចជា War and Beauty, Beyond the Realm of Conscience និង Story of Yanxi Palace ក្លាយជាតារាហុងកុងមិនប៉ុន្មានរូបដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមទស្សនិកជនចិនដីគោក។
នៅក្នុងកម្មវិធី TVB Anniversary Awards 2025 រឿង The Queen of News 2 គឺជារឿងភាគដែលលេចធ្លោបំផុត ដណ្ដើមបានពានរង្វាន់ចំនួន ៩ រួមមាន ពានរង្វាន់ភាពយន្តភាគឆ្នើម និងការសម្ដែងឆ្នើមសម្រាប់តួរងទាំងពីរ Jonathan Ho និង Venus Wong ជាដើម៕





























Account
Security
Favourite Content