គ្រាន់តែ វណ្ណថាន ទម្លាក់បទ “កម្លោះស្រុកខ្មែរ” មិនទាន់បានមួយសប្ដាហ៍ផង តែទទួលបានការគាំទ្រខ្លាំងទាំងក្នុង និងក្រៅប្រទេស។ នេះបើមើលតែលើទំហំអ្នកធ្វើ reaction ទាំងខ្មែរ និងបរទេស ច្រើនឆាណែល សឹងតែរាប់មិនអស់។

មិនចប់ត្រឹមប៉ុណ្ណេះឡើយម្ចាស់បទ “កម្លោះស្រុកខ្មែរ” បានទម្លាក់បទថ្មី “អាប៉ិប” មួយទៀតរសជាតិថ្មី ប្លែក ដើម្បីជាការអរគុណដែលមានអ្នក subscribe ឡើងដល់ជាង 100K ផង។ សម្រាប់បទថ្មីនេះដែរ វណ្ណថាន បានបញ្ចូលទាំងចង្វាក់សារ៉ាវ៉ាន់ និងញាក់តិចៗបញ្ចូលគ្នា ទុករាំលេងសប្បាយរីករាយថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ ដ្បិតពីមុនអ្នកគាំទ្រស្គាល់ពី វណ្ណថាន ច្រើន តែបទថ្មីដែលចេញកាលពីសប្ដាហ៍មុន ធ្វើឲ្យមហាជនឃើញពីទេពកោសល្យលោកកាន់តែច្បាស់មួយកម្រិតទៀត។
វណ្ណថាន មិនត្រឹមតែមានទេពកោសល្យច្រៀងប៉ុណ្ណោះទេ លោកក៏ពូកែលេងឧបករណ៍តន្ត្រីខ្មែរបានស្ទើរតែគ្រប់ ជាពិសេសលោកក៏នៅពីក្រោយការផលិតបទភ្លេងឲ្យតារាចម្រៀងល្បីៗជាច្រើនក្នុងផលិតកម្មបារមីដែរ។ កំលោះសម្បុរខ្មែរអង្គររូបនោះ ក៏ធ្លាប់ចាប់ដៃច្រៀងជាមួយតារាស្រីពហុជំនាញ ខាត់ សុឃីម “សមុទ្រស្នេហ៍”។
ព្រោះតែពូកែខាងឧបករណ៍តន្ត្រីខ្មែរ វណ្ណថាន តែងតែបញ្ចូលសំឡេងភ្លេងខ្មេរបុរាណចូលទៅក្នុងបទថ្មីខ្លួនជានិច្ច ដែលធ្វើឲ្យអ្នកស្ដាប់ងាកមកចាប់អារម្មណ៍ឧបករណ៍តន្ត្រីខ្មែរ ថែមទាំងជាការចូលរួមផ្សព្វផ្សាយទៅឆាកអន្តរជាតិទៀតផង។ គិតត្រឹមព្រឹកថ្ងៃពុធ ទី ១២ ខែ មេសានេះ បទ “កម្លោះស្រុកខ្មែរ” មានអ្នកចូលមើលជាង ៥ លានដង ហើយ channel YouTube វណ្ណថាន មានអ្នក subscribe 115K៕


























Account
Security
Favourite Content