Chadwick Boseman ដែលគ្រប់គ្នាភាគច្រើនស្គាល់ថាជាតួអង្គ Black Panther រូបលោកគឺជាតារាហូលីវូដល្បីមានឈ្មោះបោះសំឡេងម្នាក់។ លោកកើតនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ប្រទេសអាមេរិក។ ក្នុងអាជីពជាអ្នកសិល្បៈលោកធ្លាប់បានសម្តែងជាតួអង្គសំខាន់ៗក្នុងភាពយន្តល្បីជាច្រើនដូចជារឿងរបស់ Marvel Studio សម្តែងជាតួអង្គ T’Challa ឬ Black Panther រឿង “Get On Up” សម្តែងជាតួ James Brown និងរឿង “42” សម្តែងជាតួ Jackie។

លោក Boseman ធំឡើងក្នុងគ្រួសារដែលមានម្ដាយជាគិលានុបដ្ឋាយិកា និងឳពុកជាអ្នកជំនួញ។ កាលពីនៅក្មេងលោកមានក្ដីស្រមៃចង់ក្លាយជាស្ថាបត្យករដ៏ឆ្នើមមួយរូប ប៉ុន្ដែក្រោយមកលោកក៏សម្រេចចិត្តទៅរៀនផ្នែកអ្នកដឹកនាំសម្ដែងវិញ។ បន្ទាប់ពីមានការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន និងមាននិមិត្តរូបក្នុងចិត្តគឺតារាសម្ដែងស្រី Phylicia Rashad លោកក៏ចាប់ផ្ដើមអាជីពរបស់ខ្លួនជាតារាសម្ដែងនៅឆ្នាំ ២០០៨។

ជាមួយគ្នាដែរ ភាពប៉ិនប្រសប់ និងទេពកោសល្យក្នុងការសម្ដែងធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់លោកចាប់ផ្ដើមមានភាពល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយមហាជនកាន់តែមានចំណាប់អារម្មណ៍ខ្លាំងមកលើរូបលោក គឺនៅពេលដែលបានគ្រងតំណែងជាតួអង្គស្ដេចខ្លារខិន T’Challa ក្នុងរឿង “Black Panther” របស់ Marvel Studio។
ភាពជោគជ័យរបស់ Black Panther បានធ្វើឱ្យរឿងនេះអាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្រាស់ក្រែលរហូតដល់ ១.៣៤ ពាន់លានដុល្លារអាមេរិកនៅទូទាំងពិភពលោក។ អ្វីដែលកាន់តែអស្ចារ្យនោះ ដោយសារជារឿងមានគុណភាពខ្ពស់ និងអត្ថន័យជ្រៅដក់ជាប់មិនអាចបំភ្លេច រឿងនេះបានជាប់ឈ្មោះដណ្ដើមពានរង្វាន់អូស្កា Academy Awards ដល់ទៅ ៦ ពាន និងបានឈ្នះពានរង្វាន់អូស្កាចំនួន ៣ ផងដែរ។ លោក Boseman បានឈ្នះពានរង្វាន់តូច ធំ សរុប ៤២ រង្វាន់ ក្នុងនោះ ១០ ពានរង្វាន់បានមកពីការសម្ដែងជាតួអង្គ T’Challa នៅក្នុងរឿង “Black Panther”។

បកទៅឆ្នាំ ២០១៦ ពេលនោះហើយដែលរូបលោកត្រូវបានពិនិត្យរកឃើញថាមានជំងឺមហារីកពោះវៀនធំដំណាក់កាលទី ៣ វាជាពេលវេលាដ៏អាក្រក់មួយសម្រាប់លោក។ ប៉ុន្ដែមិនចង់ឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ និងស្រឡាញ់អាជីពជាអ្នកសិល្បៈផងនោះ លោកក៏សម្រេចចិត្តលាក់រឿងទាំងនេះជាការសម្ងាត់មិនប្រកាសប្រាប់ឱ្យមហាជនដឹងឡើយ។
លើសពីនោះ លោកក៏បន្ដសម្ដែងទាំងមានជំងឺជាប់ខ្លួន ជាក់ស្ដែងក្នុងកំឡុងពេលកំពុងតស៊ូជាមួយជំងឺមហារីកលោកបានថតភាពយន្ដមួយចំនួនដូចជា Black Panther, Avengers:Infinity War, Avengers:End Game, 21 Bridges, Ma Rainy’s Black Bottom និង Da 5 Bloods។ ជាពិសេស ព្រោះមិនចង់ឃើញអ្នកគាំទ្រ Marvel អស់សង្ឃឹមរូបលោកបានព្យាយាមចចារជាមួយ Marvel និងលើកឡើងថាសុខភាពរបស់ខ្លួនមានភាពល្អប្រសើរមិនមានបញ្ហាអ្វីទេ ថែមទាំងត្រៀមខ្លួនរួចរាល់សម្រាប់ការថតភាពយន្ដវគ្គបន្ដរបស់ Black Panther ទៀត។

អ្វីដែលគួរឱ្យសោកស្ដាយនៅពេលដែលរូបលោកកំពុងមានឈ្មោះល្បីល្បាញខ្លាំង និងជាវីរៈបុរសក្នុងដួងចិត្តរបស់អ្នកគាំទ្រហ្វេន Marvel គ្រប់ៗគ្នា ស្រាប់តែលោកត្រូវលាចាកឆ្ងាយពីអ្នកគាំទ្រ។ លោកបានទទួលមរណៈភាពនៅថ្ងៃ ២៨ ខែ សីហា ឆ្នាំ ២០២០ ដោយសារតស៊ូលែងរួចជាមួយជំងឺមហារីកពោះវៀនធំ។ មែនទែនទៅ អាចនិយាយបានថាវាជាពេលវេលាដ៏សោកសង្រេគមួយរបស់អ្នកគាំទ្រជាច្រើន ព្រោះគ្រប់គ្នានឹងលែងបានឃើញស្នាមញញឹម និងវត្ដមានរបស់លោកក្នុងខ្សែភាពយន្ដណាទៀតហើយ។


Chadwick Boseman មិនត្រឹមតែជាវីរបុរសក្នុងភាពយន្ដកុនទេ នៅក្នុងជីវិតពិតរូបលោកក៏ត្រូវបានគេចាត់ទុកជាបុគ្គលសំខាន់ម្នាក់ក្នុងសង្គមដោយសារតែទង្វើដ៏ល្អថ្លៃថ្លារបស់លោក។ ក្រៅពីអាជីពជាតារាសម្តែង លោកបានចូលរួមយុទ្ធនាការប្រឆាំងការរើសអើងជនជាតិស្បែកខ្មៅ និងកម្មវិធីសប្បុរសធម៌ជាច្រើន។ លោកបានបរិច្ចាគទឹកប្រាក់ជួយកុមារកំព្រាប្រមាណ ១០០០០ ដុល្លារ និងបរិច្ចាគប្រាក់ជាច្រើនទៀតដើម្បីជួយដល់សហគមន៍ជនជាតិភាគតិចកំឡុងពេលដែលមានវិបត្ដិកូវីដ ១៩។ ប៉ុន្មានឆ្នាំចុងក្រោយ លោកក៏ចូលរួមធ្វើការស្ម័គ្រចិត្តមើលថែទាំ និងជួយដល់អ្នកជំងឺមហារីក។ មុនទទួលមរណៈភាព លោកក៏បានបរិច្ចាគប្រាក់មួយចំនួនទៀតជួយដល់អ្នកជំងឺមហារីកពោះវៀនធំផងដែរ ព្រោះសង្ឃឹមថាពួកគេអាចមានប្រាក់ព្យាបាល និងរស់រានមានជីវិតបន្ដបាន។

នៅមិនទាន់អស់ឡើយ លោកក៏ត្រូវបានមិត្តរួមអាជីពជាច្រើនសរសើរមិនដាច់ពីមាត់ថាជាមនុស្សដែលមានទឹកចិត្តល្អ និងចេះជួយជ្រោមជ្រែងយកអាសារអ្នកដទៃ។ រូបលោកធ្លាប់ទាំងបរិច្ចាគជួយដល់អ្នកសម្ដែងដូចគ្នាដែលជួបការខ្វះខាត និងស្នើសុំតម្លើងប្រាក់ឈ្នួលដល់ដៃគូសម្ដែងស្រីរបស់ខ្លួន។

បន្ថែមពីនេះ វត្ដមានរបស់លោកក្នុងភាពយន្ដ “Black Panther” បានលើកទឹកចិត្តដល់ជនជាតិស្បែកខ្មៅជាច្រើន ជាពិសេសក្មេងៗស្បែកខ្មៅជំនាន់ក្រោយឱ្យកាន់តែមានភាពជឿជាក់លើខ្លួនឯង។ គ្រប់គ្នាសុទ្ធតែអាចក្លាយជាវីរៈបុរស រស់នៅដោយរីករាយ និងធ្វើអំពើល្អ មិនថាអ្នកមានរូបរាងបែបណា ពូជសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។

ទង្វើល្អរបស់តារាប្រុស Chadwick Boseman ពិតជាបានជួយដល់សង្គមព្រមទាំងមនុស្សជាច្រើន និងធ្វើឱ្យមហាជនរំជួលចិត្តខ្លាំង បើទោះជាលោកលែងមានវត្ដមាននៅលើលោកនេះក្ដីក៏គ្រប់គ្នានៅតែចងចាំរូបលោកទុកក្នុងចិត្តជានិច្ចពីព្រោះអំពើល្អគឺមិនចេះសាបសូន្យឡើយ៕























Account
Security
Favourite Content