អ្នកនាង ស្រួង ភាវី ដែលជាម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម នៅស៊ីហ្គេម ២០២៣ ថ្មីៗមានកិត្តិយស និងមោទនភាពមួយក្នុងនាមជាជនជាតិខ្មែរ បន្ទាប់ពីត្រូវបានអង្គការមួយនៅក្នុងប្រទេសកូរ៉េ អញ្ជើញនៅក្នុងកម្មវិធីពិសេសមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូង។ ជាពិសេសនាងត្រូវបានអង្គុយក្បែរប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។

វត្តមានអ្នកនាងនៅកម្មវិធីរបស់អង្គការ “កងទ័ពសង្គ្រោះ” កាលពីថ្ងៃទី ៤ ខែធ្នូកន្លងទៅនោះ ត្រូវបានសារព័ត៌មានកូរ៉េជាច្រើនចុះផ្សាយព្រោងព្រាតថា ម្ចាស់ក្សត្រីប៊ីយ៉ាកម្ពុជា ស្រួង ភាវី បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។ អ្នកនាង ស្រួង ភាវី បានចូលរួមនៅក្នុងកម្មវិធីនោះ ក្នុងនាមជាឯកអគ្គរដ្ឋទូតទំនាក់ទំនងសាធារណៈនៃកងទ័ពសង្គ្រោះ។
កម្មវិធីនោះមានការចូលរួមដោយផ្ទាល់ពីប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol រដ្ឋមន្ត្រីធំៗតាមស្ថាប័ន រួមទាំងបណ្ដាអង្គការ ផ្សេងៗ សិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេស ដែលសុទ្ធសឹងជាអ្នកចូលរួមជួយសង្គមជាតិ តាមរយៈការបរិច្ចាគរបស់ពួកគេ ដើម្បីជួយសង្គ្រោះប្រជាជន។

អ្នកនាង ភាវី ដែលមានដើមកំណើតនៅទឹកដីខេត្តកំពង់ចាម ហើយបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ រូបនេះត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទំនាក់ទំនងសាធារណៈនៃកងទ័ពសង្គ្រោះជាតិ កាលពីខែតុលាកន្លងទៅ។ ក្នុងឱកាសនោះនាងបានឡើងបង្ហាញចំណាប់អារម្មណ៍ អំពីព្រឹត្តិការណ៍នេះថា “ពិតជាមានកិត្តិយសដ៏ធំធេងណាស់។ កងទ័ពសង្គ្រោះ មានកិត្តិយសដែលបានចូលរួមនៅក្នុងពិធីនេះ ដែលមានការចូលរួមពីប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីរដ្ឋមន្ត្រីជាន់ខ្ពស់ ឥស្សរជន ភ្ញៀវកិត្តិយស ម្ចាស់សាជីវកម្មធំៗ និងសិល្បករក្នុងស្រុកល្បីៗ។ ខ្ញុំបានចូលរួមជាឯកអគ្គរដ្ឋទូតទំនាក់ទំនងសាធារណៈ“។
អ្នកនាងបានបន្តថា “ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងមួយឆ្នាំម្តង ហើយខ្ញុំក្នុងនាមខ្ញុំជាស្ត្រី ខ្មែរ ខ្ញុំមិនថយក្រោយឡើយ ហើយដាក់ចិត្ត និងទឹកចិត្តបម្រើមនុស្សជុំវិញពិភពលោក ហើយខ្ញុំបានទទួលការអបអរសាទរ និងលើកទឹកចិត្តជាច្រើន”៕

























Account
Security
Favourite Content