ជាដំណឹងដ៏រីករាយមួយទៀតរបស់ប្រទេសកម្ពុជា ដែលថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការ Universal Woman បានបង្ហោះវីដេអូផ្សព្វផ្សាយអំពីកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ Universal Women 2024 ដែលអ្នកទទួលបន្ទុករៀបចំកម្មវិធីប្រចាំនៅកម្ពុជា គឺតារាបង្ហាញម៉ូដ ប្រាសាទ ដាវីន។ ឆ្នាំមុន អ្នកនាងបានតំណាងឱ្យជាតិកម្ពុជាចូលរួមប្រកួតកម្មវីធីដ៏ធំនេះនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយទទួលបានតំណែងលំដាប់រងទី៤ ក្នុងការប្រកួត Universal Women 2023។



យោងតាមវីដេអូខ្លីរយៈពេលប្រមាណជាង ៣០ វិនាទីលើទំព័រហ្វេសប៊ុក Universal Women បានបញ្ជាក់ច្បាស់ៗថា ភាពភ្ញាក់ផ្អើលបានមកដល់ហើយ ជាមួយក្តីរំភើប និងការប្រកាសកម្មវិធីលើកទី២ របស់កម្មវិធី Universal Women នឹងត្រូវរៀបចំឡើងនៅប្រទេសដ៏ស្រស់ស្អាតគឺ កម្ពុជា ក្នុងអំឡុងខែមីនា ឆ្នាំ ២០២៤។ ក្នុងវីដេអូនេះ បានបង្ហាញពីទិដ្ឋភាពប្រាសាទអង្គរវត្ត របាំបុរាណខ្មែរ និងតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាយើង។
គេជឿជាក់ថា តាមរយៈការត្រៀមធ្វើជាម្ចាស់ផ្ទះកម្មវិធីលំដាប់អន្តរជាតិនេះ នឹងអាចជួយលើកមុខមាត់កម្ពុជា ក៏ដូចជាចូលរួមជួយលើកស្ទួយផ្សព្វផ្សាយតំបន់ទេសចរណ៍ និងសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។

ទន្ទឹមដំណឹងដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ថ្មីៗនេះគេបានប្រទះឃើញវត្តមានលោកស្រី Carolina Cuartas អ្នកគ្រប់គ្រងកម្មវិធីអន្តរជាតិ Universal Woman លើទឹកដីកម្ពុជា ដោយលោកស្រីបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដទ្រង់ទ្រាយធំ Comerci ដែលរៀបចំដោយអ្នកច្នៃម៉ូដ និងអ្នកនាង ប្រាសាទ ដាវីន ផ្ទាល់តែម្តង។ យ៉ាងណាមិញ ពេលនេះគេនោមិនទាន់ដឹងថា តារាម៉ូដែលជើងចាស់ពោរពេញដោយបទពិសោធន៍ ប្រាសាទ ដាវីន នឹងរៀបចំស្វែងរក ឬជ្រើសរើសបេក្ខភាពម្នាក់ណា ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Universal Women 2024 ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនោះឡើយ។









សូមជម្រាបផងដែរថា កម្មវិធីប្រកួតប្រជែងសម្រស់ Universal Women គឺជាកម្មវិធីប្រកួតសម្រស់ស្ត្រីដែលអនុញ្ញាតឲ្យស្ត្រីមានវ័យចន្លោះពី ២៥ ទៅ ៤៥ឆ្នាំ ដោយមិនគិតពីប្រវត្តិស្ត្រីនោះឡើយ ទោះពួកគេនៅលីវ រៀបការហើយក្តី ឬក្រោយលែងលះក៏ដោយ។ កម្មវិធីសម្រស់លំដាប់អន្តរជាតិ ឆ្លុះបញ្ចាំងពីភាពចម្រុះគ្នានៃសម្រស់ វប្បធម៌ តួនាទី សមត្ថភាពស្រ្តី ក្នុងការសម្រេចបានសុខុមាលភាពទូទៅផ្អែកលើការគោរពសិទ្ធិមនុស្ស និងអាចប្រើប្រាស់សំឡេងរបស់ពួកគេទៅកាន់ពិភពលោក។
ទស្សនិកជន ពិសេសអ្នកស្នេហាវិស័យ Beauty pageant នៅកម្ពុជា កុំភ្លេចរង់ចាំតាមដានកម្មវិធី Universal Women 2024 ដែលកម្ពុជាយើងគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំ និងការចូលរួមធ្វើបច្ចុប្បន្នភាព (update) ពីសកម្មភាពផ្សេងៗពាក់ព័ន្ធការរៀបចំកម្មវិធីនេះ ដើម្បីចែករំលែកឱ្យគ្រប់គ្នាដឹងកាន់តែទូលំទូលាយពីការទទួលរៀបចំធ្វើម្ចាស់កម្មវីធី Universal Women ជាលើកដំបូងរបស់កម្ពុជាយើង៕






















































Account
Security
Favourite Content