ការបញ្ចេញចម្រៀងរួមគ្នារបស់តារាចម្រៀងល្បីទាំងពីរដួងគឺ Taeyang និង Jimin ពិតជាធ្វើឱ្យអ្នកគាំទ្រមានក្ដីរំភើបរីករាយជាខ្លាំង ខណៈបទ “Vibe” ក៏ទទួលបានការគាំទ្រខ្លាំងមិនធម្មតា។ មកដល់ពេលនេះគឺមានអ្នកចុចចូលទស្សនាប្រមាណជិត ៩០ លានដងក្នុងយូធូប។
មែនទែនទៅ មិនមែនមានតែអ្នកគាំទ្រឡើយដែលសប្បាយរីករាយជាមួយការសហការនេះ សូម្បីតែ Jimin ផ្ទាល់ក៏ហាក់មានក្ដីរំភើបរីករាយខ្លាំង ដោយសារលោកក៏ជាអ្នកគាំទ្រយូរឆ្នាំរបស់ក្រុមចម្រៀង Big Bang និង Taeyang ផងដែរ។ ថ្មីៗ នេះ Jimin ក៏បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនក្រោយបានសហការជាមួយតារារៀមច្បងក្នុងបទសម្ភាសន៍ទស្សនាវដ្ដី Vogue Korea។
Jimin បានប្រាប់ឱ្យដឹងថា៖ លោកគោរពស្រឡាញ់ចូលចិត្តរៀមច្បង Taeyang តាំងតែពីនៅវ័យក្មេង ដូច្នេះបានរួមសហការការងារជាមួយគ្នា ពិតជាក្ដីស្រមៃបានដូចបំណង ពិតជារំភើប។
Jimin បន្ដថា៖ វាជាការសហការមួយដែលធ្វើឱ្យអ្នកទាំងពីរបានជួបគ្នាផ្ទាល់ និងកាន់តែជិតស្និទ្ធ។ នៅពេលដែលបានជួបរាមច្បង Taeyang គឺលោកពិតជាឡូយអស្ចារ្យខ្លាំងជាងអ្វីដែលខ្លួនធ្លាប់បានស្រមៃ។ លោកពិតជាចង់ពូកែក្លាយខ្លួនដូចជារៀមច្បង Taeyang។
Jimin បានបន្ថែមទៀតថា៖ ការសហការជាមួយរៀមច្បង Taeyang ក៏ធ្វើឱ្យលោករៀនសូត្របានច្រើន និងមានគំនិតថ្មីសម្រាប់ធ្វើអាល់ប៊ុមទោលរបស់ខ្លួនដែរ ហើយលោកនឹងឱ្យ Taeyang ស្ដាប់ចម្រៀងរបស់ខ្លួនជាមិនខាននៅពេលដែលចម្រៀងធ្វើរួចរាល់។
គួរបញ្ជាក់ដែរថា អ្នកទាំងពីរបានប្រកាសចេញចម្រៀងរួមគ្នាកាលពីដើមខែ មករា ឆ្នាំ ២០២៣ កន្លងទៅ។ ដំណឹងនេះដែរបានធ្វើឱ្យក្រុមអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកទន្ទឹងរង់ចាំយ៉ាងអន្ទះសា និងរីករាយជាខ្លាំងព្រោះអ្នកទាំងពីរសុទ្ធតែជាសិល្បៈករដែលមានសំឡេងពិរោះរណ្ដំស្ដាប់ទៅមិនចេះជិនណាយ៕
























Account
Security
Favourite Content