មិនអាចប្រកែកបានឡើយបើនិយាយថា BTS ជាកូនមាសកូនពេជ្រដែលបានជ្រោង HYBE Labels ពីក្រុមហ៊ុនលំដាប់ទាប និងមានបំណុលរុំសួត ក្លាយជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មកម្សាន្តកូរ៉េនាពេលបច្ចុប្បន្ន។ ថ្មីៗនេះដែរ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា សមាជិក BTS ទាំង ៧ នាក់បានចូលរួមក្នុងក្លឹបម្ចាស់ភាគហ៊ុនរបស់ HYBE ដែលមានចំណែកភាគហ៊ុនម្នាក់ៗជាង ១០ ពាន់លានវ៉ុន។

ផ្អែកតាមសេចក្ដីរាយការណ៍នោះ សមាជិក ៤ នាក់គឺ Suga, Jimin, V និង Jungkook សុទ្ធតែមានភាគហ៊ុនរបស់ HYBE ចំនួន 68,385 ហ៊ុនដែលមានតម្លៃ 13.3 ពាន់លានវ៉ុន (១០ លានដុល្លារ)។ ទន្ទឹមនឹងនេះ J-Hope បានកាន់កាប់ភាគហ៊ុនចំនួន 62,784 ដែលមានតម្លៃ 12.2 ពាន់លានវ៉ុន (9.5 លានដុល្លារ) ខណៈ RM មាន 11.3 ពាន់លានវ៉ុន (8.8 លានដុល្លារ) ហើយ Jin មាន 10.2 ពាន់លានវ៉ុន (7.9 លានដុល្លារ)។
សូមបញ្ជាក់ថា ក្លឹបម្ចាស់ភាគហ៊ុនដែលមានភាគហ៊ុនលើស 10 ពាន់លានវ៉ុនរបស់ HYBE មានសមាជិកតែ ៣៤ នាក់ប៉ុណ្ណោះ ហើយក្នុងនោះ ៧នាក់គឺជាសមាជិក BTS។ តួលេខនេះអាចបញ្ជាក់ពីទ្រព្យសម្បត្តិដ៏ច្រើនរបស់ BTS ក៏ដូចជាឥទ្ធិពលរបស់ពួកគេនៅក្នុងរចនាសម្ព័ន្ធរបស់ HYBE Labels។
មិនត្រឹមតែប៉ុណ្ណោះ រាល់ការផ្លាស់ប្តូរ ឬសកម្មភាពផ្សេងៗរបស់សមាជិក BTS សុទ្ធតែអាចប៉ះពាល់ដល់តម្លៃហ៊ុនរបស់ HYBE Labels។ ជាក់ស្ដែង បន្ទាប់ពីការប្រកាសផ្អាកសកម្មភាពក្រុមរបស់ BTS ក្នុងខែមិថុនា ឆ្នាំ ២០២២ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះមួយភាគបួននៃតម្លៃមុនការប្រកាស និងធ្លាក់មកនៅកម្រិតទាបបំផុតចាប់តាំងពីក្រុមហ៊ុនត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនកាលពី ២ ឆ្នាំមុន។
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ ដំណឹងនៃការចូលបំពេញកាតព្វកិច្ចយោធារបស់ BTS ក៏បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមធ្លាក់ចុះ 2.5% ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ភាគហ៊ុនបានកើនឡើង 6.52% ដោយសារតែប្រតិកម្មវិជ្ជមានជុំវិញការចូលបម្រើទ័ពរបស់ Jin ៕























Account
Security
Favourite Content