តារាចម្រៀងប៉ុបអាមេរិក Britney Spears បានទម្លាយតាមរយៈសៀវភៅជីវប្រវត្តិថ្មីរបស់ខ្លួនថា នាងធ្លាប់រំលូតកូននៅពេលមានផ្ទៃពោះជាមួយតារាចម្រៀង Justin Timberlake ខណៈពេលដែលអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នានៅឆ្នាំ២០០០។

តាមរយៈសៀវភៅមានចំណងជើង “The Woman in Me” តារាស្រីវ័យ ៤១ឆ្នាំបានរំឭកថាការពិតនាងចង់រក្សាកូន និងចង់បង្កើតគ្រួសារជាមួយ Justin Timberlake ណាស់ តែចុងក្រោយនាងក៏បានយល់ព្រមរំលូតកូនតាមការទទូចរបស់ Timberlake ដែលអះអាងថាពួកគេនៅក្មេងពេក ហើយរូបគេមិនទាន់ត្រៀមខ្លួនរួចរាល់នឹងក្លាយជាឪពុកគេឡើយ។
Britney បន្ថែមថាការរំលូតកូនដំបូងនេះគឺជារឿងដ៏ឈឺចាប់បំផុតមួយក្នុងជីវិតនាង។

រំឭកថយក្រោយវិញ Timberlake និង Britney Spears បានជួបគ្នាក្នុងកម្មវិធីទូរទស្សន៍ “The Mickey Mouse Club” ហើយក៏បានទាក់ទងគ្នា៣ឆ្នាំមុនចែកផ្លូវគ្នានៅឆ្នាំ២០០២។ ក្រោយការបែកគ្នានេះ Britney Spears ត្រូវបានរិះគន់ឥតឈប់ឈរ និងទទួលរងព័ត៌មានអាស្រូវជាច្រើន ពិសេសនៅពេលដែល Timberlake បានចេញបទចម្រៀង “Cry Me a River” ដែលមានអត្ថន័យចោទប្រកាន់ Britney Spears ថាជាអ្នកក្បត់ខ្លួន។
បន្ទាប់ពីបែកគ្នា Britney Spears មានកូនប្រុសពីរនាក់ជាមួយស្វាមីទី២ ឈ្មោះ Kevin Federline ដែលបច្ចុប្បន្នបានលែងលះគ្នាហើយ។ ចំណែក Justin Timberlake ក៏មានកូនពីរនាក់ដូចគ្នាជាមួយភរិយា Jessica Biel។
គួរបញ្ជាក់ថាសៀវភៅជីវប្រវត្តិ “The Woman in Me” ដែលសរសេរឡើងដោយ Britney Spears ផ្ទាល់នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ពោលគឺរយៈពេលជិត ២ឆ្នាំបន្ទាប់ពីនាងត្រូវបានដោះលែងពីការគ្រប់គ្រងរយៈពេល ១៣ឆ្នាំពីសំណាក់ឪពុកគឺ Jamie Spears។ តាមសេចក្ដីបង្គាប់របស់តុលាការ ឪពុករបស់ Britney បានគ្រប់គ្រងជីវិតផ្ទាល់ខ្លួន អាជីព និងទ្រព្យសម្បត្តិ ៦០លានដុល្លាររបស់នាងចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ខែវិច្ឆិកាឆ្នាំ២០២១ ក្រោមហេតុផលថានាងមានបញ្ហាផ្លូវចិត្តមិនអាចគ្រប់គ្រងខ្លួនឯងបាន ៕


























Account
Security
Favourite Content