ចាប់តាំងពីបែកគ្នាជាមួយអតីតមិត្ដស្រី Myolie Wu ក្នុងឆ្នាំ ២០១២ មក តារាសម្ដែងប្រុសហុងកុង Bosco Wong មិនដែលប្រកាសសេពគប់ជាផ្លូវការជាមួយតារាស្រីណាម្នាក់ឡើយ។ ជារឿយៗ លោកតែងធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនងឿងឆ្ងល់ថា តើពេលណាទើបលោករកបានមនុស្សដែលស្រឡាញ់ពេញចិត្ត និងបង្កើតគ្រួសារមួយដូចតារាប្រុសស្រករៗ ខ្លួនដូចជា Raymond Lam ហើយនារីប្រភេទណាទៅទើបអាចឆក់យកបេះដូងរបស់លោកបាន ?
បើយោងតាមប្រភពព័ត៌មាន MingPao ថ្មីៗ នេះ លោកបានផ្ដល់បទសម្ភាសន៍ជាមួយខាងវិទ្យុមួយរបស់ហុងកុង និងបាននិយាយពីជីវិតគ្រួសារ ដោយលោកបានលើកឡើងថា ដោយសារតែខ្លួនធំធាត់ឡើងក្នុងគ្រួសារដែលមិនពេញលេញ ធ្វើឱ្យលោកមិនសូវខ្វាយខ្វល់ជាមួយជីវិតគ្រួសារឡើយ។ លោកមិនដឹងថា គួររៀបការនៅអាយុប៉ុន្មាន ឬយកកូនប៉ុន្មានបន្ទាប់ពីរៀបការរួច លោកហាក់គ្មានគម្រោងអ្វីទាំងអស់និយាយដោយស្មោះអស់ពីចិត្ត។
ថ្វីបើបច្ចុប្បន្ន លោកមិនទាន់រកបានមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ដ ប៉ុន្ដែបើនិយាយដល់ប្រភេទនារីដែលលោកប្រាថ្នាចង់បានជាគូអនាគតនោះគឺជាប្រភេទមនុស្សស្រីដែលរឹងមាំ និងឯករាជ្យ។ លោកមិនចង់ឱ្យអនាគតភរិយារបស់លោកជាមនុស្សដែលទន់ជ្រាយពេកឡើយ នាងត្រូវចេះមើលថែខ្លួនឯង និងដោះស្រាយបញ្ហាមួយចំនួនបាន។ ជាពិសេសជាមនុស្សដែលមានរបៀប។
លោកបន្ថែមថា៖ សេពគប់ជាមួយលោកមិនចាំបាច់បង្ខំក៏បានសំខាន់ត្រូវប្រាកដពួកយើងជាប្រភេទមនុស្សដែលចុះសម្រុងគ្នាសិន កុំឱ្យពិបាកឈ្លោះគ្នាពេលក្រោយ។

គួរបញ្ជាក់ថា កាលពីមួយរយៈមុន តារាប្រុស Bosco Wong បានជ្រៀតចូលក្នុងវិស័យសិល្បៈចិន និងបានបង្ហាញខ្លួនក្នុងរឿងចិនមួយចំនួនដូចជា Wonder Hand, I Know Your Secret, The Starry Night និងផ្សេងៗ ។ ដូច្នេះហើយប្រជាប្រិយរបស់លោកគឺល្បីទាំងនៅហុងកុង និងប្រទេសចិន៕
























Account
Security
Favourite Content