សមាជិក BLACKPINK, Jisoo បានបង្កការចាប់អារម្មណ៍ម្ដងទៀតជាមួយវត្តមានរបស់នាងក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ២០២៥ របស់ម៉ាក Dior ក្នុងព្រឹត្តិការណ៍ Paris Fashion Week កាលពីថ្ងៃទី២៤ ខែកញ្ញា។


ដូចលើកមុនៗដែរ ក្នុងនាមជា Brand Ambassador របស់ម៉ាកសម្លៀកបំពាក់បារាំងដ៏ល្បីនេះ Jisoo ពិតជាមិនធ្វើឱ្យអ្នកតាមដានខកបំណងឡើយសម្រាប់ការតុបតែងខ្លួនដែលមើលទៅមានភាពទាក់ទាញ និងថ្លៃថ្នូរជាមួយអាវដៃវែងបើកស្មាពណ៌ខ្មៅ ជាមួយខោខ្លីមានរំយោលវែងដូចសំពត់ និងកាបូបយួរដៃពណ៌ទឹកប្រាក់ដ៏ស្រស់ស្អាត។




យ៉ាងណាមិញ មិនត្រឹមតែវត្តមានរបស់ Jisoo ប៉ុណ្ណោះទេដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ច្រើន ប៉ុន្តែវត្តមានរបស់តារាសម្ដែងជួរមុខចិន Dilraba ក៏បានក្លាយជាប្រធានបទពេញនិយមដែរលើបណ្ដាញសង្គម ដោយក្នុងនោះតួឯកស្រីក្នុងរឿង “You Are My Glory” បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់ពណ៌ខ្មៅមួយឈុតយ៉ាងប្រណិតនិងស្រស់ស្អាតដូចគ្នា។ តារាសម្ដែងចិនពីររូបទៀតដែលបានចូលរួមកម្មវិធីនេះជាមួយ Dilraba ដែរនោះគឺតារាស្រី Zhouye និងតារាប្រុស Deng Wei។
គួរបញ្ជាក់ថាកម្មវិធី Paris Fashion Week គឺជាព្រឹត្តិការណ៍ចុងក្រោយក្នុងចំណោមកម្មវិធីសប្ដាហ៍ម៉ូដសម្លៀកបំពាក់រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ២០២៥ ដែលបានរៀបចំឡើងរយៈពេលមួយខែពេញ ពីខែកញ្ញាដល់ដើមខែតុលា ចាប់ផ្ដើមពីទីក្រុងញូវយ៉ក រួចបន្តទៅទីក្រុងឡុងដ៍ និងទីក្រុងមីឡាន។ កម្មវិធីនៅទីក្រុងប៉ារីសមានការចូលរួមបង្ហាញម៉ូដពីម៉ាកល្បីៗជាច្រើនទៀតរបស់បារាំងមានដូចជា Chanel, Louis Vuitton, Hermes និង Saint Laurent ជាដើម ៕

































Account
Security
Favourite Content