សមាជិកក្រុម BLACKPINK Rosé បានជាប់ឈ្មោះជា YouTuber ល្បីលេខ ១ ប្រចាំឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពី Forbes Korea ចេញផ្សាយនៅថ្ងៃទី ២៧ ខែសីហា។

ឆានែលផ្ទាល់ខ្លួនរបស់នាងបានទាក់ទាញអ្នកចុចតាមដាន (Subscriber) ១៨.១ លាននាក់ និងទទួលបានចំនួនទស្សនាសរុបជាង ៣.៦ ពាន់លាននៅលើវីដេអូចំនួន ៨៦ ប៉ុណ្ណោះ។ ដោយផ្អែកលើការវាស់វែងទាំងនេះ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថាប្រាក់ចំណូលប្រចាំឆ្នាំរបស់ YouTube របស់នាងមានចំនួនប្រហែល ១១.០៦ ពាន់លានវ៉ុន (៨.២ លានដុល្លារ) ។
ភាពជោគជ័យលើ YouTube របស់ Rosé បានកើតឡើងស្របគ្នាជាមួយនឹងអាជីពចម្រៀរបស់នាងក្នុងទីផ្សារអន្តរជាតិ។ បទចម្រៀងសហការរបស់នាងជាមួយ Bruno Mars មានចំណងជើងថា APT. ដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំមុនបានក្លាយជាបទចម្រៀង Trendingទូទាំងពិភពលោក និងក្លាយជាចម្រៀង K-pop ដែលឡើងដល់ចំណាត់ថ្នាក់លេខ ១ លើ YouTube លឿនបំផុតក្នុងឆ្នាំ២០២៤ ខណៈវីដេអូចម្រៀងមានអ្នកចូលមើលលើស ១.៩ ពាន់លានដង។
បទចម្រៀងនេះក៏បានទទួលបានចំណាត់ថ្នាក់ល្អខ្លាំងដែរនៅលើតារាងចម្រៀងនានា ដោយបានបង្ហាញខ្លួនដំបូងនៅលេខ ៨ នៅតារាង Billboard Hot 100 និងបានឡើងខ្ពស់ផុតដល់ចំណាត់ថ្នាក់លេខ ៣ ក្លាយជាកំណត់ត្រាថ្មីសម្រាប់បទចម្រៀងដោយសិល្បករស្រីទោល K-pop ដែលឡើងដល់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតារាងនេះ។ តាមរយៈឥទ្ធិពលលំដាប់ពិភពលោករបស់នាង Rosé ក៏ត្រូវបានគេបញ្ចូលក្នុងបញ្ជី “បុគ្គលមានឥទ្ធិពលបំផុតទាំង 100” របស់ទស្សនាវដ្តី TIME ផងដែរ កាលពីដើមឆ្នាំនេះ។
បើក្រឡេកមើល ឆានែលផ្លូវការរបស់ក្រុម BLACKPINK មានអ្នកចុចតាមដានចំនួន ៩៦.៨ លាននាក់ ហើយត្រូវបានគេប៉ាន់ប្រមាណថាអាចរកចំណូលបានប្រហែល ៨.១២ ពាន់លានវ៉ុនកូរ៉េ (៦លានដុល្លារ) ក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនេះ បច្ចុប្បន្ន Rosé និងសមាជិក BLACKPINK ផ្សេងទៀតកំពុងមមាញឹកក្នុងការផលិតអាល់ប៊ុមថ្មីសម្រាប់ក្រុមពួកគេដែលនឹងចេញនៅក្នុងខែវិច្ឆិកា ស្របពេលតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេកំពុងបន្តដំណើរដូចគ្នា ៕
























Account
Security
Favourite Content