តារាប្រុស ហុងកុង Benny Chan ត្រូវបានមហាជនជាច្រើនស្គាល់រូបលោកតាមរយៈតួអង្គល្បី ស៊ិន អូខុង ក្នុងឆ្នាំ១៩៩៨។ ជាបន្ដបន្ទាប់លោកសម្ដែងតួអង្គល្បីៗ ជាច្រើនដូចជា តួអង្គណាចា និងជីកុង ជាដើម។ ថ្មីៗ នេះ លោក និងភរិយាដែលជាតារាម៉ូឌែល Lisa Jiang បានរៀបចំជប់លៀងគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ១៤ ឆ្នាំ ខណៈចំណងស្នេហារបស់អ្នកទាំងពីរនៅតែមានភាពរឹងមាំខ្លាំង។


តារាប្រុស Benny Chan និងភរិយា ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយ នៅក្នុងពិភពសិល្បៈហុងកុង ដែលចេះយល់ចិត្ដគ្នា និងមើលថែគ្នាបានយ៉ាងល្អ។ អ្នកទាំងពីរទទួលបានចំណងដៃ កូនស្រី ៣ នាក់ និងកូនប្រុសម្នាក់។ ជាមួយគ្នាដែរ តារាស្រី Lisa Jiang ក៏បាននិយាយពីជីវិតស្នេហារបស់នាង និងស្វាមី កំលុងរយៈពេលជាង ១៤ ឆ្នាំមកនេះ។
នាងបានលើកឡើងថា៖ ជីវិតអាពាហ៍ពិពាហ៍ និងគ្រួសាររបស់នាង ពិតជាពោរពេញទៅដោយសុភមង្គល វាពិតជាពេលវេលារីករាយមួយ។ អមជាមួយភាពសប្បាយរីករាយ ជីវិតគូរបស់នាង និងស្វាមី ក៏បានហែលឆ្លងកាត់រឿងលំបាកជាច្រើនជាមួយគ្នា តែបទពិសោធន៍ទាំងអស់នេះធ្វើឲ្យជីវិតគ្រួសារមានន័យ។



នាងបានលើកឡើងទៀតថា៖ ទាំងនាង និងស្វាមី សុទ្ធតែទទួលសម្ពាធជាច្រើន និងពីគ្រប់ទិសទី។ ពេលវេលាយល់ច្រឡំគ្នាក៏មានច្រើន ប៉ុន្ដែរឿងលំបាកជាច្រើនដែលចូលមកជីវិត ធ្វើឲ្យនាង និងស្វាមី កាន់តែមានភាពរឹងមាំ និងយល់ពីវិធីគាំទ្រគ្នាទៅវិញទៅមក។ វាជាដំណើរជីវិតដែលពោរពេញដោយថាមពល និងក្ដីស្រឡាញ់។


មែនទែនទៅ តារាប្រុស Benny Chan ធ្លាប់ធ្លាក់ខ្លួនចូលក្នុងរឿងអាស្រូវ ដែលធ្វើឲ្យអាជីពសិល្បៈរបស់លោកស្ទើររលាយ។ ដោយលោកបានផឹកស្រា ស្រវឹង និងជ្រុលខ្លួនបំពានលើតារាស្រីម្នាក់ដែលជាមិត្ដរួមការងាររបស់លោក។ លោកត្រូវបានគេរិះគន់ពាសពេញបណ្ដាញសង្គម។ ជាលទ្ធផល តារាប្រុស Benny Chan បានចេញមុខសុំទោសជាសាធារណៈ ស្របពេលដែលភរិយារបស់លោក តារាស្រី Lisa Jiang កំពុងមានផ្ទៃពោះផងដែរ។ ដោយស្ដាយក្រោយចំពោះទង្វើរបស់ខ្លួនឯងតារាប្រុស Benny Chan ក៏បានបរិច្ចាគប្រាក់ជាច្រើនជួយដល់មូនិធិកុមារ ហើយលោកក៏ចាប់ផ្ដើមងាកមកផ្ដោតលើសិល្បៈក្នុងប្រទេសចិនវិញ និងលែងបង្ហាញខ្លួនក្នុងរឿងហុងកុង៕

























Account
Security
Favourite Content