ថៃ នារីសុជាតា គឺជាម្ចាស់មកុដ Miss Universe Cambodia 2025 ដែលទទួលបានការគាំទ្រ និងសាទរពីមហាជនក៏ដូចជាបវរកញ្ញា ព្រមទាំងអ្នកសិល្បៈគ្នាឯងជាច្រើនទៀត។ មិនថាតែនៅលើបណ្ដាញសង្គម ឬនៅកន្លែងរៀបចំវគ្គផ្ដាច់ព្រ័ត្រឡើយ អ្នកគាំទ្រអ្នកនាង ថៃ នារីសុជាតា ឬមហាជនស្គាល់ថា ហ្វីយ៉ាតា មានសន្ទុះគាំទ្រខ្លាំងមែនទែន។

ក្រៅពីក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2025 ហើយនោះ ថៃ នារីសុជាតា ក៏ឈ្នះពានមួយចំនួនទៀតដែរ ដូចជា Miss Popular Vote, Miss Glow by Vaseline និង Best National Costume។ ក្រុមគ្រួសារ Miss Universe Cambodia 2025 ដែលសុទ្ធសឹងជាអ្នកនៅក្នុងរង្វង់សិល្បៈក៏បានទៅជួយផ្ដល់កម្លាំងចិត្ត នៅខាងក្រោមឆាកដល់នាងផងដែរ។
មនុស្សសំខាន់ ២ នាក់ទៀត ក៏បានស្រុះដៃគ្នា cheer-up មនុស្សស្រីជាទីស្រលាញ់របស់ខ្លួននៅលើឆាក ពេលពិធីករប្រកាសឈ្មោះ ថៃ នារីសុជាតា នោះគឺកូនប្រុស និងគូស្នេហ៍នាង។ សកម្មភាពកូនប្រុសរបស់ ម្ចាស់មកុដ Miss Universe Cambodia 2025 ដែលមានឈ្មោះ បុត្រ និងបុរសជនជាតិបារាំងជាគូស្នេហ៍ ចុះសម្រុងគ្នា ក្នុងការគាំទ្រដល់ សុជាតា ដោយពាក់អាវរូបអ្នកនាង ហើយអង្គុយជាមួយអ្នកគាំទ្រជាច្រើន ហើយគ្រាន់តែឮឈ្មោះ ហ្វីយ៉ាតា ភ្លាមអ្នកទាំង ២ ស្រែកហ៊ោកញ្ជ្រៀវ។


ម្ចាស់មកុដ Miss Universe Cambodia ថ្មី ធ្លាប់ផ្ដល់បទសម្ភាសន៍កាលពីពេលកន្លងមកថា កូនប្រុសនាងតែងតែជាកម្លាំងចិត្តឲ្យនាង។ ដ្បិតតែនៅវ័យក្មេងជាង ១០ ឆ្នាំក្ដី តែកូនប្រុសចេះគិតគូរដល់នាងខ្លាំងណាស់ មិនដែលធ្វើឲ្យនាងពិបាកចិត្ត ឬខ្វល់ខ្វាយអ្វីឡើយ។ ហ្វីយ៉ាតា ក៏ធ្លាប់បង្ហាញសកម្មភាពគូស្នេហ៍នាងក្នុងវីដេអូកន្លងមក ដោយបុរសបារាំងរូបនោះតែងតែជួយកិច្ចការងារមុខជំនួញ Skin care របស់នាង ទាំងដែលលោកក៏រវល់ការងារផ្ទាល់ខ្លួន។
អតីតកាល ថៃ នារីសុជាតា ជាជយលាភីលេខ២ Freshei girl ឆ្នាំ ២០១០ ហើយ ១៥ឆ្នាំក្រោយ អ្នកនាងបានសម្រេចក្ដីស្រមៃ ក្នុងការតំណាងឲ្យស្រ្តីខ្មែរ ដើម្បីទៅឈរលើឆាកអន្តរជាតិ។ បើទោះជាពេលកន្លងមកកញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ២០២៥ ធ្លាប់ពើបប្រទះបញ្ហាជាច្រើនក្នុងជីវិតក៏ដោយ តែអ្នកនាងមានភាពក្លាហាន ទទួលស្គាល់ និងព្យាយាមកែប្រែខ្លួនឯង រហូតទទួលបានជោគជ័យកាលពីរាត្រីថ្ងៃ ១២ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ៕




រូបភាព៖ Miss Universe Cambodia, Bennie និង Fiyata























Account
Security
Favourite Content