តារាចម្រៀងអាមេរិក Ariana Grande បានបញ្ចេញអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួនមានឈ្មោះថា “Eternal SunShine”។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ខ្លាំងនោះគឺអត្ថន័យចម្រៀង ពោរពេញទៅដោយភាពឈឺផ្សា និយាយពីស្នេហាបែកបាក់ដែលភាគីខាងស្រីជាអ្នកទ្រាំទ្រតែម្នាក់ឯង។
“Don’t Wanna Break Up Again” ជាចម្រៀងថ្មីសន្លាងរបស់ Ariana Grande។ មែនទែនទៅ អត្ថន័យចម្រៀងនេះធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនហាក់មានការអាណិតអាសូរចំពោះនាងយ៉ាងខ្លាំង ព្រោះវាហាក់ដូចជាតម្រុយដែលរូបនាងចង់និយាយបញ្ចេញមកក្រៅ ប៉ុន្ដែមិនអាចធ្វើបាន ដូច្នេះត្រឹមតែនិពន្ធជាបទចម្រៀងដើម្បីរំសាយការឈឺចាប់។


អត្ថន័យចម្រៀងបានឲ្យដឹងថា “ខ្ញុំស្រក់ទឹកភ្នែកពេលកំពុងគេង តែអ្នកបែរជាដំឡើងសំឡេងទូរទស្សន៍ ព្រោះមិនចង់ស្ដាប់ឮខ្ញុំយំ។ ខ្ញុំបានព្យាយាមគ្រប់យ៉ាង តែអ្នកហាក់មិនខ្វល់អ្វីទាំងអស់“។ ក្រឡេកមកមើលអត្ថន័យក្នុងបទចម្រៀង “Eternal Sunshine” វិញ គឺហាក់ដូចបានបញ្ជាក់ថា “ខ្ញុំមិនដែលជួបប្រទះនរណាម្នាក់ពូកែនិយាយកុហកដូចអ្នកឡើយ។ សង្ឃឹមថា អ្នករស់នៅបានសុខពីនៅជាមួយនារីម្នាក់នោះ“។

អត្ថន័យចម្រៀងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនជឿថា វាជាការនិយាយរំឮកពីជីវិតអាពាហ៍ពិពាហ៍របស់ Ariana Grande។ អ្នកគាំទ្រជឿទៀតថា ជីវិតរស់នៅរបស់នាងជាមួយអតីតស្វាមី Dalton Gomez មិនមានភាពរីករាយស្រស់បំព្រងដូចការគិតឡើយ ថែមទាំងអាចត្រូវដើរដល់ផ្លូវបញ្ចប់ដោយសារតែខាងប្រុសបានផិតក្បត់ចិត្ដទៀតផង។

គួរបញ្ជាក់ថា Ariana Grande និងអតីតស្វាមី Dalton Gomez បានរៀបការក្នុងឆ្នាំ ២០២១ ក្រោយសេពគប់គ្នាអស់រយៈពេល ១១ ខែ។ ពីរឆ្នាំក្រោយ អ្នកទាំងពីរក៏ប្រកាសលែងលះគ្នា អ្វីដែលកាន់តែចម្រូងចម្រាស់នោះ Ariana Grande ត្រូវបានគេចោទប្រកាន់ជាអ្នកធ្វើឲ្យទំនាក់ទំនងអាពាហ៍ពិពាហ៍ប្រេះឆា ដោយសារតែចែកផ្លូវគ្នាបានប៉ុន្មាន រូបនាងក៏សេពគប់ជាមួយ លោក Ethan Slater ជាតារាសម្ដែង និងតារាចម្រៀងម្នាក់៕

























































Account
Security
Favourite Content