តាមគម្រោងដែលបានគ្រោងទុក ពេលនេះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, នី រតនា,ឈិន ម៉ានិច្ច តារាចម្រៀងខ្មែរ-អូស្រ្តាលី Rachana Tanner និងតន្ត្រីករល្បីៗ ២ រូបផ្សេងទៀត បានកំពុងមានវត្តមានលើទឹកដីប្រទេសអូស្រ្តាលី ដើម្បីច្រៀងសម្តែងក្នុងកម្មវិធី មូលនិធិសង្គ្រោះកុមារកម្ពុជាអូស្ត្រាលី ដែលធ្វើការអបអរសាទរខួប ២០ ឆ្នាំរបស់មូលនិធិបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តកាលពីខែមិថុនា ឆ្នាំ ២០០៣ ក្នុងគោលដៅតែម៉្យាងគត់ គឺចង់ឃើញជាតិសាសន៍របស់ខ្លួនមានការចេះដឹង និងរស់យ៉ាងថ្លៃថ្នូរ ដោយចេះប្រើបញ្ញាក្នុងការជម្នះរាល់ឧបសគ្គនៅក្នុងជីវិត។

តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Save Cambodian Children Fund Australia កម្រៃដែលរកបាននឹងយកទៅឧបត្ថម្ភកូនខ្មែរនៅទីជនបទឱ្យបានសិក្សារៀនសូត្រ ព្រោះចំណេះវិជ្ជាជាយាននាំពួកគាត់ចេញពីរណ្ដៅក្រីក្រ និងជាឱសថព្យាបាលជំងឺពាក់ព័ន្ធនឹងភាពអវិជ្ជា។

តាមគម្រោង តារាចម្រៀង ឱក សុគន្ធកញ្ញា តារាចម្រៀង-តន្ត្រីករល្បីៗ នឹងធ្វើការប្រគំតន្រ្តីសប្បុរសធម៌នៅទីតាំង ២ កន្លែងផ្សេងគ្នា។ តួយ៉ាង កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ការប្រគំតន្រ្តីត្រូវបានធ្វើឡើងនៅក្រុងមែលប៊ើន ចំណែក ការប្រគំតន្រ្តីនៅទីក្រុងអាឌឺឡែដ នឹងប្រារព្ធឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដូច្នេះពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអូស្ត្រាលីកុំភ្លេចចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ៕
























Account
Security
Favourite Content