តារាសម្ដែងអាមេរិក Angelina Jolie និងកូនប្រុសច្បងដើមកំណើតខ្មែរ Maddox Jolie-Pitt បានចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាចផ្លូវការមួយនៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន កាលថ្ងៃទី ២៦ ខែមេសាកន្លងទៅ។

រូបភាពដែលត្រូវបានថតដោយអ្នកសារព័ត៌មានមុនពេលចូលកម្មវិធី បានបង្ហាញពីស្នាមញញឹមយ៉ាងពេញចិត្តរបស់ Angelina Jolie ចំពោះកូនប្រុសច្បងដែលបច្ចុប្បន្នមានអាយុ ២១ឆ្នាំ និងកំពុងសិក្សានៅសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល។

ក្នុងកម្មវិធីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងជំទាវទីមួយ Jill Biden បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងជំទាវទីមួយ Kim Keon Hee ហើយ Angelina Jolie និង Maddox ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសជាមួយនឹងបុគ្គលល្បីមួយចំនួនទៀតដូចជាតារាសម្ដែង Chip Gaines និង Joanna Gaines និងអ្នកជិះស្គីអូឡាំពិក Chloe Kim ។




គួរបញ្ជាក់ថានេះគឺជាការបង្ហាញខ្លួនយ៉ាងកម្រមួយសម្រាប់ Maddox ខណៈដែលការចេញមុខជាសាធារណៈចុងក្រោយរបស់គេគឺតាំងពី ខែតុលា ឆ្នាំ ២០២១ ក្នុងឱកាសកម្មវិធីសម្ពោធបញ្ចាំងភាពយន្ត “Eternals” របស់ Angelina Jolie នៅចក្រភពអង់គ្លេស។


កើតនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០០១ Maddox ត្រូវបានតារាសម្ដែង Angelina Jolie ទទួលចិញ្ចឹមពីមណ្ឌលកុមារកំព្រាក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២។ ចំណាប់អារម្មណ៍ដំបូងរបស់ លោកស្រី Jolie ចំពោះកូនចិញ្ចឹមម្នាក់នេះគឺ ភាពវៃឆ្លាត គួរឱ្យស្រលាញ់ និងសើចរួសរាយជាមួយមនុស្សជុំវិញច្រើនជាងកុមារដទៃទៀត។

នៅឆ្នាំ២០១៧ Maddox បានមកធ្វើការនៅប្រទេសកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួនលើកដំបូងក្នុងនាមជាជំនួយការរបស់ម្ដាយដឹកនាំភាពយន្ត First They Killed My Father។

នៅចុងឆ្នាំ២០១៨ Maddox បានសម្រេចចិត្តមកបន្តការសិក្សាថ្នាក់មហាវិទ្យាល័យផ្នែកជីវគីមីវិទ្យានៅប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងការសិក្សា Maddox ក៏បានអមដំណើរ Angelina Jolie ក្នុងការងារសប្បុរសធម៌ជារឿយៗផងដែរ ៕




























Account
Security
Favourite Content