កាលពីថ្មីៗនេះ តារាស្រីចិនល្បីឈ្មោះ Angelababy ត្រូវបានប្រជាជនចិនចោទប្រកាន់ថារូបនាងបានទៅចូលរួមទស្សនាការសម្ដែងរបស់ Lisa នៅ Crazy Horse Show និងត្រូវបានគេរិះគន់យ៉ាងចាស់ដៃ។ ពីមួយថ្ងៃទៅមួយថ្ងៃការរិះគន់បន្ដឡើងមិនឈប់ឈររហូតខាងកម្មវិធី Crazy Horse បានចេញមុខមកបដិសេធព្រមទាំងលើកឡើងថា Angelababy មិនបានមកចូលរួមកម្មវិធីនេះឡើយ។ តែទោះជាយ៉ាងណាក្ដីនៅតែមានមតិជាច្រើនលើកឡើងថា នាង និងកម្មវិធីរបស់ Crazy Horse កុហក ដើម្បីរួចផុតពីការរិះគន់ ថែមទាំងបានលើកយកភស្ដុតាងមួយចំនួនថានាងពិតជាបានចូលរួមទស្សនាកម្មវិធី Crazy Horse Show ដែល Lisa របស់ BlackPink សម្ដែងកាលគ្រានោះ។



បន្ទាប់ពីទទួលរងការរិះគន់យ៉ាងចាស់ដៃពីប្រជាជនចិន Angelababy ត្រូវបានគេកាត់ចេញពីកម្មវិធីជាច្រើនដែលនាងត្រូវចូលរួម។ នាងត្រូវបានគេកាត់ចេញពីកម្មវិធីរបស់ Zhejiang TV “It Sounds Incredible”។ ក្នុងនាមជាអ្នកតំណាងប្រេន Tiffany Co ក្នុងប្រទេសចិន ហើយ Angelababy ក៏ត្រូវបានគេដករូបភាព និងឈ្មោះចេញពីកម្មវិធីដែលនាងធ្វើជាអ្នកតំណាងប្រេនមួយនេះផងដែរ។ សម្រាប់វគ្គថ្មីរបស់កម្មវិធី “Keep Running” Angelababy ក៏មិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីដូចគ្នា ដោយនាងជាសមាជិកក្នុងកម្មវិធីនេះអស់រយៈពេល ១១ រដូវកាលទៅហើយ។ ស្របពេលមានពាក្យចចាមអារ៉ាមថា កម្មវិធីនេះនឹងរកសមាជិកថ្មីមកជំនួសនាងថែមទៀត។ ពាក្យចចាមអារ៉ាមមួយចំនួនទៀតបានលើកឡើងថា នាងអស់ឱកាសថតដាក់គ្របទស្សនាវដ្ដីដល់ទៅ ៣ និងបាត់បង់ឱកាសជាអ្នកតំណាងប្រេនថ្មី ដែលបានចរចាគ្នារួចរាល់ហើយថែមទៀត។
ឥឡូវនេះ គណនីផ្លូវការរបស់នាង ២ រួមមានគណី Weibo និង Douyin (Tik Tok ចិន) សុទ្ធតែត្រូវគេបិទបណ្ដោះអាសន្ន ដោយលើកឡើងថាខុសលក្ខខ័ណ្ឌ និងបំពានច្បាប់។ សូម្បីតែ Baidu Platform (ស្រដៀង Google តែសម្រាប់ប្រើប្រាស់នៅប្រទេសចិន) មិនអាចចុចស្វែងរកឈ្មោះរបស់នាង និងព័ត៌មានផ្សេងៗ ក្រោមហេតុផលដូចគ្នាថាខុសលក្ខខ័ណ្ឌ និងបំពានច្បាប់។ ក្រៅពីតារាស្រី Angelababy តារាស្រី Zhang Jiani ក៏កំពុងជួបបញ្ហាដូចគ្នា ដោយអ្នកទាំងពីរសុទ្ធតែត្រូវបានគេលើកឡើងថាបានចូលរួមទស្សនាការសម្ដែងរបស់ Lisa នៅឯ Crazy Horse។




គួរបញ្ជាក់ថា ចំពោះមូលហេតុដែលប្រជាជនចិនមានប្រតិកម្មខ្លាំងចំពោះការចូលរួមទស្សនាកម្មវិធី Crazy Horse ដោយសារតែច្បាប់មួយក្នុងចំណោមច្បាប់ផ្សេងទៀតក្នុងវិស័យសិល្បៈចិន គឺហាមឃាត់មិនឲ្យចូលរួមកម្មវិធី ឬបង្ហាញសកម្មភាពណាមួយគាំទ្រការផ្សព្វផ្សាយខ្លឹមសារអាសអាភាស។ ការសម្ដែងរបស់ Crazy Horse គឺមានរាប់បញ្ចូលនូវក្រុមអ្នករាំស្រីដែលអាក្រាតកាយ។ ខណៈការចូលក្លឹបទស្សនាការរាំអាក្រាតកាយក៏ជាអំពើខុសច្បាប់មួយក្នុងប្រទេសផងដែរ៕


























Account
Security
Favourite Content