អាជីពសិល្បៈរបស់ Angelababy កំពុងរង្គោះរង្គើខ្លាំងក្រោយលេចដំណឹងរូបនាងទៅចូលរួមទស្សនាការសម្ដែងរបស់ Lisa នៅបា Crazy Horse ។

កាលពីថ្មីៗ នេះ តារាស្រីចិនល្បីឈ្មោះ Angelababy ត្រូវបានប្រជាជនចិនចោទប្រកាន់ថារូបនាងបានទៅចូលរួមទស្សនាការសម្ដែងរបស់ Lisa នៅ Crazy Horse Show និងត្រូវបានគេរិះគន់យ៉ាងចាស់ដៃ។ ពីមួយថ្ងៃទៅមួយថ្ងៃការរិះគន់បន្ដឡើងមិនឈប់ឈររហូតខាងកម្មវិធីរបស់ Crazy Horse បានចេញមកបដិសេធព្រមទាំងលើកឡើងថា Angelababy មិនបានមកចូលរួមកម្មវិធីនេះឡើយ។ តែទោះជាយ៉ាងណាក្ដីនៅតែមានមតិជាច្រើនលើកឡើងថា នាង និងកម្មវិធីរបស់ Crazy Horse កុហកដើម្បីរួចផុតពីការរិះគន់ ថែមទាំងបានលើកយកភស្ដុតាងមួយចំនួនថានាងពិតជាបានចូលរួមទស្សនាកម្មវិធី Crazy Horse។



មែនទែនទៅ ចំពោះមូលហេតុដែលប្រជាជនចិនមានប្រតិកម្មខ្លាំងចំពោះការចូលរួមទស្សនាកម្មវិធី Crazy Horse ដោយសារតែច្បាប់មួយក្នុងចំណោមច្បាប់ផ្សេងទៀតក្នុងវិស័យសិល្បៈចិនគឺហាមឃាត់មិនឲ្យចូលរួមកម្មវិធី ឬបង្ហាញសកម្មភាពណាមួយគាំទ្រការផ្សព្វផ្សាយខ្លឹមសារអាសអាភាស។ ការសម្ដែងរបស់ Crazy Horse គឺមានរាប់បញ្ចូលនូវក្រុមអ្នករាំស្រីដែលអាក្រាតកាយ ខណៈការចូលក្លឹបទស្សនាការរាំអាក្រាតកាយក៏ជាអំពើខុសច្បាប់មួយក្នុងប្រទេសផងដែរ។

បន្ទាប់ពីទទួលរងការរិះគន់យ៉ាងចាស់ដៃពីប្រជាជនចិន Angelababy ត្រូវបានគេកាត់ចេញពីកម្មវិធីជាច្រើនដែលនាងត្រូវចូលរួម។ នាងត្រូវបានគេកាត់ចេញពីកម្មវិធីរបស់ Zhejiang TV “It Sounds Incredible”។ ក្នុងនាមជាអ្នកតំណាងប្រេន Tiffany Co ក្នុងប្រទេសចិន Angelababy ក៏ត្រូវបានគេដករូបភាព និងឈ្មោះចេញពីកម្មវិធីដែលត្រូវធ្វើរបស់ប្រេនមួយនេះផងដែរ។ សម្រាប់វគ្គថ្មីរបស់កម្មវិធី “Keep Running” Angelababy ក៏មិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីដូចគ្នា ដោយនាងជាសមាជិកក្នុងកម្មវិធីនេះអស់រយៈពេល ១១ រដូវកាលទៅហើយ។ ស្របពេលមានពាក្យចចាមអារ៉ាមថា កម្មវិធីនេះនឹងរកសមាជិកថ្មីមកជំនួស Angelababy ថែមទៀត។





យោងតាមពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា រូបនាងអាចនឹងត្រូវបាត់មុខពីពិភពសិល្បៈក្នុងរយៈពេលយូរទម្រាំរឿងស្ងប់ស្ងាត់វិញទើបអាចបង្ហាញខ្លួនជាសាធារណៈម្ដងទៀត។ ប៉ុន្ដែក៏មានដំណឹងខ្លះលើកឡើងថា នាងប្រហែលជាអស់ឱកាសចូលរួមក្នុងកម្មវិធីផ្សេងៗ នាពេលខាងមុខតទៅទៀតហើយដោយសារតែរូបនាងត្រូវបានគេដាក់ចូលក្នុងបញ្ជីខ្មៅបាត់ទៅហើយ។ ក្រៅពីតារាស្រី Angelababy តារាស្រី Jenny Zhang ក៏ត្រូវប្រជាជនចិនរិះគន់យ៉ាងចាស់ដៃទាក់ទងរឿងទៅទស្សនាការសម្ដែងរបស់ Lisa។ សូម្បីតែតារាមួយចំនួនដែលចុច like រូបភាព ឬអ្វីដែលទាក់ទងនឹងការសម្ដែងនោះក៏ត្រូវបានគេរិះគន់ស្ទើរគ្រប់ៗគ្នា៕























Account
Security
Favourite Content