ថ្មីៗ នេះ ភាពយន្ដរបស់តារាសម្ដែងប្រុសជើងចាស់ លី តាវហួរ ឬ Andy Lau គឺរឿង “The Wandering Earth 2” បានចាក់ផ្សាយជាផ្លូវការ និងអាចរកចំណូលបានដល់ជាង ៥៦០ លានដុល្លារអាមេរិក។ សម្រាប់រឿងនេះ ក៏មានបន្ថែមចូលជាមួយឈុតឆាករំជួលចិត្តដែលនិយាយពីទំនាក់ទំនងឳពុក និងកូនស្រីដែលធ្វើឱ្យមហាជនជាច្រើនទស្សនាហើយសម្រក់ទឹកភ្នែក។ ដោយតួអង្គជាឳពុកសម្ដែងដោយតារាប្រុស Andy Lau ផ្ទាល់តែម្ដង។


មែនទែនទៅ នៅជីវិតពិតបច្ចុប្បន្នរូបលោកក៏បានក្លាយជាឳពុកគេ ដោយលោកមានកូនស្រីម្នាក់។ ដូច្នេះការសម្ដែងរបស់កាន់តែមើលទៅហាក់ដូចពិតៗ និងស្ទើររកកន្លែងទាស់គ្មាន។ ក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត តារាប្រុសវ័យ ៦១ ឆ្នាំរូបនេះបានទម្លាយពីអារម្មណ៍ពិត និងហាក់ស្ដាយក្រោយចំពោះទង្វើរបស់លោកកាលពីមុន។

លោកបានឱ្យដឹងថា៖ លោកធ្លាប់ខឹង និងមានអារម្មណ៍មិនល្អពេលសម្ដែងជាមួយតារាក្មេងៗ តូចៗ។ ប៉ុន្ដែនៅពេលក្លាយជាឳពុករបស់គេលោកចាប់ផ្ដើមយល់ដឹងច្រើន កូនក្មេងត្រូវការការលួងលោមច្រើន និងចំណាយពេលយូរក្នុងការថត ព្រោះពួកគេមិនមែនជាមនុស្សធំនិយាយស្រួលស្ដាប់គ្នាឡើយ។ ពេលខ្លះសម្ដែងវគ្គពិបាកខ្លាំង ពួកគេក៏ស្ដ្រេស និងសម្ដែងមិនត្រូវ ប៉ុន្ដែវាជារឿងធម្មតាដោយសារសូម្បីមនុស្សធំនៅការពិបាកចុះទម្រាំក្មេងតូច។

លោកបន្ថែមនៅពេលក្លាយជាឳពុកគេធ្វើឱ្យលោកមានភាពអត់ធ្មត់ច្រើន ស្របពេលដែលក្ដីស្រឡាញ់របស់លោកក៏មានកាន់តែច្រើន និងរីករាយនៅពេលដែលឃើញកូន។ បច្ចុប្បន្ន លោកចំណាយពេលមួយផ្នែកធំផ្ដោតលើកូនស្រីរបស់លោក។
គួរបញ្ជាក់ថា លោក Andy Lau បានរៀបការជាមួយភរិយា Carol Chu ក្នុងឆ្នាំ ២០០៨ និងទទួលបានចំណងដៃកូនស្រីមួយក្នុងឆ្នាំ ២០១២។ បើតាមប្រភពព័ត៌មានហុងកុង លោក Andy Lau ស្រឡាញ់កូនស្រីខ្លាំងរហូតចំណាយប្រាក់រាប់សិបលានដុល្លារអាមេរិកទិញផ្ទះជាកាដូថ្ងៃកំណើតនាងទៀតផង៕



























Account
Security
Favourite Content