បកត្រឡប់ទៅព្រឹកព្រលឹម ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤ អតីតសមាជិកក្រុមចម្រៀងល្បី T-ara គឺ Ahreum បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភ ដោយសាររូបនាងបានធ្វើអត្តឃាត តែមិនបានសម្រេច។ រូបនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ។



យោងតាមប្រភពព័ត៌មានកូរ៉េ Wikitree បានឲ្យដឹងថា តារាស្រីរូបនេះស្ថិតក្នុងដំណាក់កាលកំពុងព្យាបាល ហើយរូបនាងបានដឹងខ្លួនវិញនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤។ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ ក៏បានប្រកាសផ្អាកប្រើប្រាស់បណ្ដាញសង្គមមួយរយៈសិន ដើម្បីយកពេលសម្រាក។ Ahreum បានលើកឡើងថា នាងបានជួបប្រទះបញ្ហាជាច្រើនក្នុងពេលតែមួយ ខណៈការប្រើប្រាស់បណ្ដាញសង្គម កាន់តែធ្វើឲ្យរូបនាងមានការព្រួយបារម្ភ និងគិតច្រើន។ មិនថា រូបនាងឆ្លើយតប និងនិយាយបែបណា អ្នកដែលជឿជាក់ លើរូបនាង នៅតែជឿជាក់ ហើយអ្នកដែលមិនជឿ និងចាំតែរិះគន់ គឺនៅតែបន្ដដដែល។


បន្ថែមពីនេះ រូបនាងក៏បានអរគុណដល់ក្រុមអ្នកគាំទ្រ ដែលតែងនៅគាំទ្រ និងបញ្ចេញមតិល្អៗ ចំពោះនាង។ ក្ដីស្រឡាញ់ និងការលើកទឹកចិត្ដ បានផ្ដល់ជាកម្លាំងចិត្ដយ៉ាងខ្លាំង អំឡុងពេលរូបនាងជួបទុក្ខលំបាកផ្ទួនៗ។ នាងនឹងត្រឡប់មកវិញ ជាមួយស្នាមញញឹមស្រស់ស្រាយសាជាថ្មី។
បើយោងតាមប្រភពពព័ត៌មានដដែល ចំពោះមូលហេតុធ្វើឲ្យតារាស្រី Ahreum សម្រេចចិត្តជ្រើសយកផ្លូវបញ្ចប់ជីវិត គឺដោយសារជួបរឿងអាក្រក់ផ្ទួនៗពេក។ វិបត្ដិគ្រួសារ ការលែងលះស្វាមី និងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងការចោទប្រកាន់ផ្សេងៗ ធ្វើឲ្យតារាស្រីរូបនេះមានបញ្ហាចាក់ស្ដេ្រសខ្លាំង ទើបឈានដល់ការធ្វើអត្ដឃាត៕
























Account
Security
Favourite Content