នៅថ្ងៃទី ១១ ខែធ្នូនេះ អ្នកលេងអ៊ិនធឺណិតម្នាក់បានបង្ហោះរូបភាពមួយចំនួនដោយអះអាងថាពួកគេបានឃើញ Winter សមាជិកក្រុម aespa និង Jungwon សមាជិកក្រុម ENHYPEN ណាត់ជួបគ្នានៅបារមួយកន្លែងក្នុងតំបន់ Cheongdam សង្កាត់ Gangnam ទីក្រុងសេអ៊ូល ។
ភ្លាមៗនោះ តាមរយៈទីភ្នាក់ងាររៀងៗខ្លួន Winter និង Jungwon ក៏បានបដិសេធចំពោះពាក្យចចាមអារ៉ាមដែលនិយាយថាពួកគេកំពុងមានទំនាក់ទំនងស្នេហាមួយនេះ។ ភ្នាក់ងាររបស់តារាទាំងពីរបានបដិសេធការអះអាងនេះ ដោយបញ្ជាក់ថាព័ត៌មានចចាមអារ៉ាមនេះគឺ “គ្មានមូលដ្ឋាន” ទាល់តែសោះ។
ផលិតកម្ម SM Entertainment បាននិយាយថា៖ “បុគ្គលដែលបានផ្សព្វផ្សាយរូបភាពហាក់ដូចជាបានទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយមួយឱ្យទាក់ទងមកពួកយើងដើម្បីគំរាមយកប្រាក់។ យ៉ាងណាក៏ដោយ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបដិសេធមិនជួយ បុគ្គលនោះក៏បានចែកចាយរូបភាពជាមួយព័ត៌មានមិនពិតទាំងនោះ ដូច្នេះពួកយើងនឹងចាត់វិធានការតាមផ្លូវច្បាប់”។
ទន្ទឹមនោះដែរ ទីភ្នាក់ងាររបស់ ENHYPEN គឺក្រុមហ៊ុន Belift Lab ក៏បានចេញសេចក្ដីថ្លែងការណ៍បកស្រាយដូចគ្នាថា៖ “ពាក្យចចាមអារ៉ាមអំពីការណាត់ជួបនេះគឺមិនពិតទេ” ។ ទីភ្នាក់ងារទាំងពីរបានសង្កត់ធ្ងន់លើចេតនារបស់ពួកគេក្នុងការចាត់វិធានការយ៉ាងខ្លាំងប្រឆាំងនឹងការបង្កើត និងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ៕