តារាសម្តែងប្រុសកូរ៉េ Jang Keun-suk បាននិយាយនៅពេលថ្មីៗនេះថាការប្រយុទ្ធតស៊ូជាមួយនឹងជំងឺមហារីកក្រពេញទីរ៉ូអ៊ីតបាននាំឱ្យលោកសម្លឹងមើលជីវិតតាមរបៀបផ្សេងខុសពីមុន។

ក្នុងកំលុងវគ្គទី ៤ នៃកម្មវិធី “Let’s GO” របស់ប៉ុស្តិ៍ MBN កាលពីថ្ងៃអាទិត្យ តារាប្រុសត្រកូល Jang បាននិយាយអំពីការតស៊ូរបស់លោកជាមួយជំងឺមហារីក ខណៈបានណែនាំទស្សនិកជនឱ្យបានឃើញផ្ទះរបស់លោកដែលមានទំហំ ២៦៤ ម៉ែត្រការ៉េផងដែរ។
តារាប្រុសវ័យ ៣៧ ឆ្នាំដែលល្បីល្បាញខ្លាំងតាមរយៈរឿងភាគ “ស្នេហ៍ក្រោមតំណក់ទឹកភ្លៀង” បាននិយាយថា៖ ”ពេលប្រយុទ្ធនឹងជំងឺមហារីក ខ្ញុំបានចាប់ផ្តើមឃើញតម្លៃខ្លួនឯង… ការឈឺចាប់របស់ខ្ញុំបានធ្វើឱ្យខ្ញុំកាន់តែរឹងមាំ” ។
គួរបញ្ជាក់ថា ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត នៅពេលរកឃើញក្នុងដំណាក់កាលដំបូង មានអត្រារស់រានមានជីវិតត្រឹមរយៈពេល ៥ ឆ្នាំ ស្ទើរតែ ១០០ ភាគរយទៅហើយ។ នេះបើយោងតាមរបាយការណ៍ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រកូរ៉េ (Korea University Medicine)។
តារាសម្ដែងរូបនេះបាននិយាយទៀតថា៖ “គេនិយាយថាមហារីកក្រពេញទីរ៉ូអ៊ីតគឺជា “មហារីកស្លូត” ប៉ុន្តែគ្រាន់តែបានឮពាក្យ “មហារីក” ខ្ញុំក៏រន្ធត់ចិត្តបាត់ទៅហើយ។ ខ្ញុំត្រូវការពេលវេលាដើម្បីទទួលយកស្ថានភាពខ្លួនឯង។ ខ្ញុំមិនបានប្រាប់គ្រួសារអស់រយៈពេលមួយសប្តាហ៍ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ”។

Jang Keun-suk បានបន្ថែមថា លោកធ្លាប់បានបរិច្ចាគ ១២០០ លានវ៉ុន (ប្រមាណ ៨៤៥ ៧០០ ដុល្លារ) ដល់សាកលវិទ្យាល័យដែលលោកធ្លាប់រៀន គឺសាកលវិទ្យាល័យ Hanyang ដូច្នេះហើយលោកក៏អាចទទួលបានការវះកាត់ជាមួយលក្ខខណ្ឌពិសេស។ បច្ចុប្បន្ន លោកបានចំណាយពេលវេលាសិក្សាពីអ្វីផ្សេងៗជាច្រើនមិនថាការងារសប្បុរសធម៌ ចំណេះដឹងអចលនទ្រព្យ Bitcoin និងទីផ្សារមូលបត្រផ្សេងៗ។
គួររំឭកថា តារាសម្ដែង Jang Keun-suk បានបង្ហាញថាខ្លួនកំពុងប្រយុទ្ធនឹងជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនៅក្នុងវីដេអូ YouTube កាលពីខែសីហាឆ្នាំមុន។ លោកត្រូវបានធ្វើរោគវិនិច្ឆ័យនៅខែតុលាឆ្នាំ ២០២៣ ហើយបានធ្វើការវះកាត់នៅខែឧសភាឆ្នាំបន្ទាប់ ៕


























































Account
Security
Favourite Content