យើងធ្លាប់ដឹងថា សុគន្ធ នីសា គឺជាតារាចម្រៀងអាជីព ហើយនោះក៏ជាប្រភពចំណូលដ៏ធំផងដែរ ប៉ុន្តែកន្លងមកពុំសូវមានអ្នកដឹងឡើយថា ការពិតទៅម្ចាស់បទ «ផ្ការីកក្បែរសន្សើមទឹកភ្នែក» ក៏បានបោះទុនលើគ្លីនិកព្យាបាលស្បែក និងកែសម្ផស្សដ៏ធំមួយនៅរាជធានីភ្នំពេញ ឈ្មោះថា The K Clinic។
តួយ៉ាង កាលពីថ្ងៃទី ២០ ខែមករា កន្លងទៅ នីសា និងស្ថាបនិក ២ រូបទៀតគឺ លោកជំទាវ អ៊ឹង គីមជូ និងវេជ្ជបណ្ឌិត អ៊ឹង គីមជង បានរៀបចំកម្មវិធីគម្រប់ខួប ៥ ឆ្នាំ នៃការបើកដំណើរការគ្លីនិកនេះយ៉ាងអធិកអធម នៅទីតាំង The Penthouse ដោយគេឃើញវត្តមានសិល្បករ-សិល្បការិនី និងបវរកញ្ញាល្បីលំដាប់ប្រទេសជាច្រើនរូបបានមកចូលរួមសម្តែងការអបអរសាទរជាមួយរាជិនីសម្រស់នេះ។




តារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា បានឱ្យដឹងថា កន្លងមកទស្សនិកជនភាគច្រើនតែងយល់ច្រឡំថា អ្នកនាងជា presenter របស់គ្លីនិកនេះ ព្រោះឃើញរូបថតក្នុង poster ញឹកញាប់ តែការពិតទៅអ្នកនាងមានចំណែកក្នុងគ្លីនិកនេះរយៈពេល ៥ ឆ្នាំហើយ គ្រាន់មិនបង្ហាញតែប៉ុណ្ណោះ។ ទើបថ្ងៃគម្រប់ ៥ ឆ្នាំនេះ ដែលអ្នកនាងសម្រេចចិត្តបើកបង្ហាញឱ្យសាធារណជនដឹងថា ការពិតទៅអ្នកនាងមានតួនាទីជាសហស្ថាបនិកក្នុងគ្លីនិកនេះ។



តារាស្រីដែលគ្រប់គ្នាចាត់ទុកថាជារាជិនីសម្រស់ សុគន្ធ នីសា បន្តថា ទោះបីមានភាគហ៊ុនតិចតួចក្នុងគ្លីនិកនេះ តែអ្នកនាងសប្បាយចិត្តណាស់ដែល The K Clinic រីកចម្រើនលូតលាស់ទៅមុខរាល់ឆ្នាំ និងបានផ្តល់សេវាកម្មព្យាបាលស្បែក និងកែសម្ផស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនអតិថិជន និងបណ្តាមិត្តភ័ក្ដិអ្នកសិល្បៈដែលបានមកជាវសេវាកម្មនៅទីនេះ។ អ្នកនាងសង្ឃឹមថា ឆ្នាំថ្មីនេះអ្វីៗនឹងរលូនទៅតាមការគ្រោងទុក ឆ្ពោះទៅការពង្រីកសាខាបន្ថែម ដើម្បីបំពេញតម្រូវការទស្សនិកជន។


ក្រឡេកទៅការងារសិល្បៈវិញ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ទទួលស្គាល់ថា រយៈពេលចុងក្រោយ អ្នកនាងមិនសូវមានបទចម្រៀងថ្មី ទម្លាក់លើទីផ្សារទេ ដោយសារជាប់រវល់ការងារផ្សេងៗច្រើន ប៉ុន្តែក៏មិនចោលការច្រៀងនោះឡើយ គ្រាន់តែមិនសូវសម្រុកចេញបទថ្មីច្រើនដូចកាលពីមុនប៉ុណ្ណោះ។ កត្តានេះធ្វើឱ្យ ម្ចាស់បទ «ស្រក់ទឹកភ្នែកពេលកំពុងញញឹម» មានក្តីសង្ឃឹមតិចតួច តែមិនថ្វីទេ ព្រោះនាងយល់ថា ការងារសិល្បៈមិនស្ថិតស្ថេរឡើយ ដូច្នេះយើងគួរតែឆ្លៀតបង្កើតអ្វីផ្សេងទៀតសម្រាប់ខ្លួនឯង បើផ្នែកណាមួយជោគជ័យយើងគួរតែស្រវាចាប់ឱកាសនោះឱ្យបានល្អ៕

























































Account
Security
Favourite Content