តារាស្រីហុងកុងល្បីល្បាញ ៣ រូប សុខចិត្ដនៅទំនេរមិនផ្ដោតលើរឿងគ្រួសារ ដោយសារអស់ជំនឿលើស្នេហា។ ស្របពេលជាមួយគ្នា ងាកទៅផ្ដោតលើអាជីពសិល្បៈ និងរស់នៅយ៉ាងរីករាយម្នាក់ឯង។ តោះទៅមើលថាជានរណាខ្លះ៖
១.Charmaine Sheh



Charmaine Sheh ជាតារាស្រីហុងកុងដ៏មានប្រជាប្រិយភាពម្នាក់ រីឯរូបសម្រស់របស់នាងក៏នៅក្មេងជាងវ័យខ្លាំងធ្វើឲ្យមហាជនជាច្រើនតែងសរសើរជារឿយៗ។ ថ្វីបើជោគជ័យក្នុងអាជីពសិល្បៈ តែបើក្រឡេកមកមើលជីវិតស្នេហារបស់នាងវិញ បច្ចុប្បន្ននាងមិនទាន់ស្វែងរកដៃគូជីវិតខ្លួនឡើយ។ តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះធ្លាប់បានលើកឡើងថា៖ ការរួមរស់ជាមួយមនុស្សដែលយើងស្រឡាញ់ពេញចិត្តវាពិតជាមានក្ដីសុខខ្លាំង ប៉ុន្ដែបើមិនទាន់ស្វែងរកមនុស្សដែលអ្នកប្រាកដប្រជាជាមួយកុំបង្ខំចិត្តរៀបការព្រោះតែខ្លាចខ្មាស់គេ ឬមានអារម្មណ៍ថាខ្លួនចាស់។ គ្រប់គ្នាមិនគួរបារម្ភពេកនោះទេពីរឿងរៀបការគួរតែផ្ដោតរឿងនៅចំពោះមុខ ដូចជាការងារ ឬមនុស្សនៅជុំវិញខ្លួនដូចជាឳពុកម្ដាយ បងប្អូនជាដើម។ សព្វថ្ងៃរូបនាងពេញចិត្តជាមួយអ្វីដែលខ្លួនមានដូចជាមានសុខភាពល្អ មានមិត្តល្អ មានបងប្អូន និងមានការងារដែលស្រឡាញ់ពេញចិត្ត។
២.Carman Lee



តារាស្រី Carman Lee ត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងក្នុងរឿង The Condor Heroes ឆ្នាំ ១៩៩៥ ជាមួយតារាសម្ដែងប្រុស Louis Koo។ ការខកចិត្ដរឿងស្នេហាជាមួយអតីតមិត្ដប្រុសជាអ្នកជំនួញធ្វើឲ្យតារាស្រីរូបនេះហាក់លែងខ្វាយខ្វល់ចំពោះរឿងស្នេហា។ តារាស្រី Carman Lee ទម្លាយធ្លាប់លង់ស្រឡាញ់អតីតមិត្ដប្រុសរបស់ខ្លួនខ្លាំង និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីស្នេហាមួយនេះ ចុងក្រោយនៅតែមិនអាចជួបគ្នាសាងគ្រួសារមានសុភមង្គលមួយបាន។ ប៉ុន្មានឆ្នាំចុងក្រោយ នាងផ្ដោតខ្លាំងលើការហាត់ប្រាណយកសាច់ដុំ ដោយសារវាធ្វើឲ្យនាងមានអារម្មណ៍ល្អ និងធូរស្រាល។ ការហាត់ប្រាណ និងរស់នៅយ៉ាងរីករាយធ្វើឲ្យសម្រស់តារាស្រី Carman Lee នៅក្មេងជាងវ័យខ្លាំង រហូតដល់អ្នកខ្លះសឹងមិនជឿនាងមានវ័យ ៥៨ ឆ្នាំទៅហើយ។
៣.Jessica Hsuan



Jessica Hsuan ជាតារាស្រីហុងកុងរបស់ស្ថានីយទូរទស្សន៍ TVB ដ៏ល្បីល្បាញម្នាក់។ រូបនាងមានបទពិសោធសម្ដែងយ៉ាងក្រាសក្រែល និងប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ឈានដល់វ័យ ៥៣ ឆ្នាំរូបនាងនៅតែមិនខ្វាយខ្វល់រឿងបង្កើតគ្រួសារ សុខចិត្ដនៅខ្លួនមួយ។ ដើមឡើយ តារាស្រីរូបនេះធ្លាប់សេពគប់ជាមួយតារាសម្ដែងប្រុស Dicky Cheung តែក្រោយមកក៏ចែកផ្លូវគ្នា។ ក្នុងឆ្នាំ ២០១១ ក៏បានសេពគប់ជាមួយមិត្ដប្រុសក្រៅសិល្បៈ Ruan Bester និងមានគម្រោងរៀបការក្នុងឆ្នាំ ២០១២ ថែមទៀតផង ប៉ុន្ដែក្រោយមកក៏ប្រកាសរំសាយពិធីរៀបការចោលវិញ។ ចំពោះមូលហេតុគឺការខ្វែងគំនិតគ្នា និងទម្លាប់រស់នៅខុសគ្នា។ តារាស្រី Jessica Hsuan ធ្លាប់លើកឡើងថា៖ ការជ្រើសរើសដៃគូជីវិតគឺរឿងសំខាន់មួយ មិនមែនចេះតែសម្រេចចិត្ដឡើយ។ នាងមានភាពឯករាជ្យលើផ្នែកហិរញ្ញវត្ថុ មានសមត្ថភាពចិញ្ចឹមខ្លួនឯង មិនចាំបាច់ត្រូវការបុរសណាម្នាក់មកមើលថែនោះទេ ៕























Account
Security
Favourite Content