សមាជិកក្រុម 2NE1 គឺតារាស្រី Sandara Park បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន ក្រោយក្រុមចម្រៀង 2NE1 មានឱកាសបានត្រឡប់មកជួបជុំធ្វើការប្រគំតន្ដ្រីរួមគ្នាម្ដងទៀត។
ថ្មីៗនេះ Sandara Park បានចូលរួមក្នុងកម្មវិធី “Cultwo Show” និងបាននិយាយពី ការជួបជុំរបស់ក្រុម 2NE1ជាផ្លូវការម្ដងទៀត។ នាងបានលើកឡើងថា៖ នាងពិតជាមានអារម្មណ៍រំភើប និងរីករាយខ្លាំង ដែលអាចប្រកាសពីដំណឹងល្អជូនមហាជន និងអ្នកគាំទ្រ។ នាងបានរង់ចាំពេលវេលានេះអស់រយៈពេល ៨ ឆ្នាំមកហើយ។


តារាស្រីរូបនេះ បាននិយាយទាំងរំជួលចិត្ដថា៖ បន្ទាប់ពីដំណឹងជួបជុំគ្នាម្ដងទៀតរបស់ក្រុម 2NE1 ត្រូវបានប្រកាស នាងទទួលបានការលើកទឹកចិត្ដ និងគាំទ្រ ពីមនុស្សជុំវិញជាច្រើន។ វាពិតជាធ្វើឲ្យនាងមានអារម្មណ៍រំភើបចិត្ដខ្លាំង។
នាងបន្ដថា៖ វាហាក់ដូចជាក្ដីសុបិនមួយ និងជាសុបិនដ៏អស្ចារ្យមួយផងដែរ។ នាងពិតជាមានការនឿយហត់សម្រាប់ការហ្វឹកហាត់ ប៉ុន្ដែនាងពិតជាសប្បាយចិត្ដដូចគ្នា សមាជិកទាំងអស់ពិតជាខិតខំប្រឹងប្រែងខ្លាំង។

Sandara បានបន្ថែមថា៖ សមាជិកម្នាក់ៗ សម្រេចផ្អាកសកម្មភាពទោលរបស់ខ្លួនសិន ដើម្បីមកផ្ដោតលើការប្រគំតន្ដ្រីរបស់ 2NE1។ សមាជិកម្នាក់ៗ ក៏បានហ្វឹកហាត់យ៉ាងយកចិត្ដទុកដាក់ ដោយមួយថ្ងៃ រាំរហូតដល់ទៅ ៧ ម៉ោង។ ពួកយើងមិនខ្លាចហត់នឿយទេ ព្រោះវាជាពេលវេលាដ៏មានតម្លៃមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ កន្លងទៅ លោក Yang HyunSuk បានប្រកាសផ្លូវការពីគម្រោង 2NE1។ ក្រុមនារីជំនាន់ទី ២ មួយនេះនឹងធ្វើការប្រគំតន្ដ្រីទេសចរណ៍ចាប់ពីខែ តុលា ឆ្នាំ ២០២៤ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៥ ខាងមុខ។ ដំណឹងនេះ ធ្វើឲ្យមហាជន និងអ្នកគាំទ្រខេប៉ុបជាច្រើនមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំង៕
























Account
Security
Favourite Content