តារាចម្រៀងខេប៉ុប J-Hope បានបញ្ចប់កម្មវិធីប្រគំតន្ត្រីទេសចរណ៍នៅឯអាមេរិកខាងជើងបានដោយជោគជ័យ ជាមួយនឹងការចូលរួមរបស់អ្នកគាំទ្រប្រមាណ ១៧៨ ០០០នាក់ ក្រោយពីបានសម្ដែងនៅក្នុងទីក្រុងធំៗចំនួន ៦ គឺ Brooklyn, Chicago, Mexico City, San Antonio, Oakland និង Los Angeles ។

នៅថ្ងៃទី៧ ខែមេសានេះ តារាប្រុសវ័យ ៣១ឆ្នាំ ទើបតែបញ្ចប់កម្មវិធីប្រគំតន្ត្រីទោល Hope on the stage នៅក្នុងទីក្រុង Los Angeles ដោយលោកបានក្លាយជាតារាខេប៉ុបទោលរូបដំបូងបង្អស់ ដែលបានរៀបចំកម្មវិធីក្នុងទីតាំង BMO Stadium ជាកីឡដ្ឋានដែលអាចផ្ទុកមនុស្សរហូតដល់ទៅ ២២ ០០០នាក់។
ក្រៅពីបកស្រាយស្នាដៃទោលរបស់ខ្លួន នៅក្នុងកម្មវិធីចុងក្រោយលើទឹកដីអាមេរិកខាងជើងនេះ J-Hope ក៏បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ តាមរយៈវត្តមានរបស់ Miguel ដោយអ្នកទាំងពីរ បានបកស្រាយស្នាដៃចម្រៀងចុងក្រោយបង្អស់ដែលបានធ្វើរួមគ្នា ក្រោមចំណងជើងថា Sweet Dreams។

បន្ថែមពីនេះទៀត នៅចុងបញ្ចប់នៃកម្មវិធី តារាចម្រៀងប្រុសសមាជិក BTS រូបនេះក៏មិនភ្លេចនិយាយពាក្យក្នុងចិត្តទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនផងដែរ។ ជាក់ស្ដែង លោកបាននិយាយថា៖ “អរគុណដល់ ARMY ដែលបានចូលរួមជាផ្នែកមួយនៃដំណើរនេះ។ ខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់”។
“ការប្រគំតន្ត្រីទោលនៅក្នុងពហុកីឡាដ្ឋានដំបូងនេះ ពិតជាមានអត្ថន័យសម្រាប់ខ្ញុំមែនទែន វាជាផ្នែកមួយនៃប្រវត្តិសាស្ត្រ។ ឆាកតន្ត្រីនេះជាអ្វីដែលអ្នកទាំងអស់គ្នាបានរួមដៃគ្នាបង្កើត ហើយគ្រប់យ៉ាងអាចកើតឡើងដោយសារតែអ្នកទាំងអស់គ្នា។ ដូចជាឈ្មោះរបស់កម្មវិធីនេះអ៊ីចឹង ខ្ញុំសប្បាយចិត្តបំផុតនៅពេលដែលបានឈរនៅលើឆាកតន្ត្រី” តារាប្រុសរូបនេះបានបន្តដូច្នេះ។

ជាក់ស្ដែង Hope on the stage ជាស្នាដៃដ៏ជោគជ័យមួយរបស់ J-Hope ដោយមានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានលើកសរសើរកម្មវិធីប្រគំតន្ត្រីខាងលើនេះ។ តួយ៉ាង ទស្សនាវដ្ដី Forbe បានលើកឡើងថា៖ ការប្រគំតន្ត្រីរបស់ J-Hope គឺជាស្នាដៃដ៏អស្ចារ្យមួយ ដែលបង្ហាញពីចំណុចកំពូលទាំងផ្នែកគំនិតច្នៃប្រតិដ្ឋ និងផ្នែកតន្រ្តី”។
ទស្សនាវដ្ដីខាងលើនេះ ក៏បានកោតសរសើរតារាប្រុសរូបនេះដែលនៅតែអាចមានកម្លាំងសម្ដែងនៅនឹងមុខអ្នកគាំទ្រពេញដោយថាមពលរហូតដល់ទីបញ្ចប់ ទោះត្រូវច្រៀង និងរាំពេញមួយកម្មវិធី និងបានធ្វើការសម្ដែងនៅក្នុងទីក្រុងចំនួន ៥រួចទៅហើយក្ដី។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ភារកិច្ចលើទ្វីបអាមេរិកខាងជើង នៅថ្ងៃទី១២ និង១៣ ខែមេសានេះ J-Hope នឹងចាប់ផ្ដើមដំណើរប្រគំតន្ត្រីរបស់ខ្លួននៅលើទឹកដីទ្វីបអាស៊ីម្ដង ដោយលោកនឹងចាប់ផ្ដើមនៅក្នុងទីក្រុងម៉ានីល មុននឹងបន្តទៅកាន់ទីក្រុង Saitama សិង្ហបុរី ហ្សាកាតា បាងកក ម៉ាកាវ តៃប៉ិ និងអូសាកា៕
























Account
Security
Favourite Content