ចាប់ពីថ្ងៃដំបូងនៃការឈានចូលវិស័យខេប៉ុប BTS គ្រាន់តែជាក្មេងប្រុស ៧ នាក់ដែលមកពីក្រុមហ៊ុនតូចបំផុតមួយស្ទើរតែក្ស័យធុនក្នុងប្រទេសកូរ៉េខាងត្បូងដែលត្រូវបានគេមើលងាយ មិនឱ្យតម្លៃ ថែមទាំងត្រូវខាំមាត់ស៊ូទ្រាំទទួលយករាល់ពាក្យសម្ដីជេរស្ដីប្រមាថ និងគំរាមកំហែងពីមនុស្សជាច្រើនជុំវិញខ្លួន។

ទម្រាំតែអាចដើរមកដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ ពួកគេបានឆ្លងកាត់នូវព្យុះភ្លៀងមិនតិចនោះទេរហូតអាចវិវត្តខ្លួនទៅជានិមិត្តរូបរបស់កូរ៉េខាងត្បូង ក៏ដូចជាអ្នកត្រួសត្រាយផ្លូវដ៏ជោគជ័យមួយចំណែកធំសម្រាប់វិស័យខេប៉ុបជាមួយនឹងតន្រ្ដី ឧត្តមគតិ ការតស៊ូ និងបំណងប្រាថ្នារបស់ពួកគេ។ ជាមួយគ្នានេះបើទោះជាពួកគេជោគជ័យឡើងដល់កម្រិតពិភពលោកក៏ដោយ ក៏អ្នកទាំង ៧ មិនបានភ្លេចអំពីកាតព្វកិច្ចខ្លួនចំពោះជាតិមាតុភូមិនោះទេ។ រាប់មកដល់ពេលនេះមិនប៉ុន្មាននោះទេក៏ដល់ពេលដែល BTS ត្រលប់មកជួបជុំគ្នាវិញហើយ។ ដូច្នេះមុនពេលកសាងសមិទ្ធផលថ្មីៗបន្ថែម មកដឹងពីសមិទ្ធផលធំៗទាំង ១០ ដែលពួកគេបានសាងឡើងកាលពីកន្លងមកដូចខាងក្រោម៖
១. “Artist of the Year” ចំណុចចាប់ផ្ដើមនៃភាពជោគជ័យ

“Artist of the Year” ជាពានរង្វាន់ធំដំបូងបង្អស់របស់ BTS នៅក្នុងកម្មវិធី Mnet Asian Music Awards (MAMA) ដែលជាសក្ខីភាពបញ្ជាក់ពីការតស៊ូប្រឹងប្រែងមិនឈប់ឈររបស់ពួកគេ។ នៅក្នុងយុគសម័យមួយដែលឧស្សាហកម្មខេប៉ុបកំពុងគ្រប់គ្រងដោយក្រុមហ៊ុនកម្សាន្ដយក្សទាំង ៣ BTS ជាក្រុមចម្រៀងបុរសមួយនៃក្រុមហ៊ុនស្ទើរក្ស័យធុន Bighit បានបង្កើតប្រវត្តិសាស្រ្តថ្មីជាមួយកម្លាំងរួមទាំងការបំផុតគំនិតរបស់ពួកគេផ្ទាល់។ ជាមួយគ្នានេះ “Artist of the Year” មិនត្រឹមតែពានរង្វាន់ Daesang សម្រាប់អ្នកទាំង ៧ ប៉ុណ្ណោះទេ តែក៏ជាការទទួលស្គាល់នូវសមត្ថភាពពិតប្រាកដពីឧស្សាហកម្មកម្សាន្ដក្នុងស្រុកដែលធ្លាប់តែបែរខ្នងដាក់ផងដែរ។
២. ក្រុមខេប៉ុបដំបូងបង្អស់ទទួលពានរង្វាន់លើឆាកតន្រ្ដីអន្តរជាតិ Billboard Music Awards 2017

ពានរង្វាន់ “Top Social Artist” នៅ Billboard Music Awards មិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួនរបស់ BTS ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការបើកទ្វារឱ្យវិស័យខេប៉ុបចូលទៅក្នុងឧស្សាហកម្មតន្ដ្រីរបស់អាមេរិកផងដែរ។ ជាលើកដំបូងបង្អស់ហើយដែលឈ្មោះរបស់ BTS ជាសិល្បករអាស៊ីបានលេចឡើងក្នុងចំណោមសិល្បករកំពូលៗដូចជា Justin Bieber និង Ariana Grande ជាដើមដោយសារឥទ្ធិពលនៃការគាំទ្រជាសកល។
៣. “Love Yourself: Tear” ការបំបែកព្រំដែនភាសា

តាមរយៈការឈានជើងចូលក្នុងកំពូលតារាង Billboard 200 ជាមួយនឹងអាល់ប៊ុមទាំងមូលជាភាសាកូរ៉េ BTS បានបង្ហាញភាពជោគជ័យទៅកាន់ពិភពលោកថាតន្រ្ដីគឺមិនមានព្រដែននោះទេ។ “Love Yourself: Tear” មិនគ្រាន់តែជាអាល់ប៊ុម ប៉ុន្តែគឺជាចលនាសកលនៃក្ដីស្រឡាញ់សម្រាប់ខ្លួនឯងដែលបានរួមចំណែកផ្លាស់ប្ដូរទស្សនៈរបស់ពិភពលោកចំពោះនិរន្ដភាពនៃខេប៉ុប មិនមែនជាការពេញនិយមមួយឆាវនោះទេ។
៤. សុន្ទរកថានៅអង្គការសហប្រជាជាតិ និងយុទ្ធនាការ “Love Myself”


ពេលដែល BTS បង្ហាញវត្តមាននៅអង្គការសហប្រជាជាតិគឺជាពេលវេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តដោយបង្ហាញពីឥទ្ធិពលរបស់ក្រុមទាំងមូលមិនត្រឹមតែនៅក្នុងវិស័យតន្រ្ដីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏រួមមានទាំងក្នុងនយោបាយ វប្បធម៌ និងសង្គមផងដែរ។ ជាក់ស្ដែង RM បានតំណាងឱ្យក្រុមទាំងមូលដើម្បីថ្លែងសុន្ទរកថាផ្សព្វផ្សាយពីយុទ្ធនាការ “Love Myself” ដោយសហការជាមួយអង្គការយូនីសេហ្វជាឱកាសដែល BTS បានដើរហួសពីតួនាទីជាសិល្បករ ហើយក្លាយខ្លួនទៅជាសំឡេងរបស់យុវវ័យទូទាំងពិភពលោកដើម្បីលើកទឹកចិត្តឱ្យការទុកចិត្តលើខ្លួនឯង ការទទួលយកខ្លួនឯង និងការតស៊ូដើម្បីឱ្យពិភពលោកកាន់តែល្អប្រសើរ។
៥. បទ “Dynamite” ក្លាយជាឱសថបន្សាបភាពភ័យខ្លាចរបស់មនុស្ស

កំលុងដែលពិភពលោកកំពុងស្ថិតនៅចំកណ្ដាលភាពភ័យខ្លាចនៃជំងឺរាតត្បាត Covid-19 បទចម្រៀង “Dynamite” បានបង្ហាញខ្លួនឡើងមកដោយក្លាយទៅជាឱសថមួយប្រភេទផ្លូវចិត្តរបស់មនុស្សជាច្រើនឱ្យមានភាពធូរស្រាលជាងមុនជាមួយនឹងចង្វាក់ភ្លេង និងសារសុទិដិ្ឋនិយមដែលមានបង្កប់នៅក្នុងបទចម្រៀង។ ជាបទចម្រៀងដែលច្រៀងជាភាសាអង់គ្លេសសុទ្ធ Dynamite បានជួយ BTS ឡើងឈរដល់កំពូលនៃ Billboard HOT 100 ដែលសូម្បីតែសិល្បករអឺរ៉ុប និងអាមេរិកមួយចំនួនក៏ពិបាកនឹងសម្រេចបានផងដែរ។
៦. ការតែងតាំង GRAMMY ជាជំហានប្រវត្តិសាស្ត្រនៅក្នុងឧស្សាហកម្មតន្ត្រីអន្តរជាតិ

ការតែងតាំងរបស់ BTS នៅ GRAMMYs មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញានៃការផ្លាស់ប្តូរផ្នត់គំនិតដែលមាននៅក្នុងឧស្សាហកម្មតន្ត្រីលោកខាងលិចផងដែរ។ លើសពីនេះវត្តមាន BTS នៅ GRAMMY ក៏បានធ្វើឱ្យវិស័យខេប៉ុបអាចដើរទន្ទឹមគ្នាស្មើមុខស្មើមាត់ជាមួយនឹងតន្រ្តីប្រភេទផ្សេងទៀតលើឆាកអន្តរជាតិ និងបានក្លាយជាអ្នក “ត្រួសត្រាយផ្លូវ” សម្រាប់សិល្បករអាស៊ីជាច្រើនទៀតនាពេលអនាគតទៀតផង។
៧. “Butter” ភស្ដុតាងនៃសន្ទុះការគាំទ្រមិនចេះធ្លាក់ចុះ

ចេញផ្សាយនៅរដូវក្តៅឆ្នាំ ២០២១ បទចម្រៀង “Butter” បានឈ្នះរាល់តារាងរាប់ចាប់ពី Billboard ដល់ YouTube ។ ជាមួយនឹងបទភ្លេងដ៏ទាក់ទាញ និងយុទ្ធសាស្ត្រទីផ្សារដ៏ឆ្លាតវៃ BTS បានបង្ហាញថាពួកគេមិនមែនជាក្រុមដែលល្បីមួយរយៈពេល ឬ “one-time phenomenon” នោះទេ ប៉ុន្តែជាក្រុមតន្រ្ដីដែលមានស្ថេរភាព សមត្ថភាព និងឥទ្ធិពលគ្រប់គ្រាន់អាចបង្កើត Hit ជាប់ៗគ្នា និងរក្សាបាននូវតំណែងកំពូល។
៨. ការតែងតាំងជាបេសកជនពិសេសរបស់ប្រធានាធិបតី

នៅខែកញ្ញា ឆ្នាំ២០២១ BTS មិនមែនគ្រាន់ជាក្រុមចម្រៀងជាតិទេ តែពួកគេបានក្លាយទៅជាអ្នកតំណាងឱ្យជាតិនៅពេលអតីតប្រធានាធិបតី Moon Jae In តែងតាំងអ្នកទាំង ៧ នាក់ជាបេសកជនពិសេសសម្រាប់វប្បធម៌ ដែលបានអ្នកមានឥទ្ធិពលនៃទំនាក់ទំនងការទូតក្នុងការបញ្ជូនសារវិជ្ជមានទៅកាន់យុវជន និងពិភពលោកតាមរយៈរូបភាព គំនិត និងសកម្មភាពរបស់ពួកគេ។
៩. ការចាប់ផ្ដើមភាពចាស់ទុំជាមួយជំពូកទី ២ “Proof”

ការប្រកាសចាប់ផ្ដើមជំពូកទី ២ ដោយផ្ដោតទៅលើការអភិវឌ្ឍន៍បុគ្គល ខណៈការរក្សាខ្លួនជាក្រុម BTS ដដែលគឺជាការបង្ហាញពីភាពចាស់ទុំកម្រមាននៅក្នុងខេប៉ុប។ ជំនួសឱ្យការ “រំសាយក្រុម” ដូចក្រុមដទៃ ពួកគេងាកមកព្យាយាមចែករំលែកសកម្មភាពជាមួយអ្នកគាំទ្រប្រកបដោយតម្លាភាព និងបន្ដបង្កើតភាពគំរូសម្រាប់មនុស្សជំនាន់ក្រោយដោយមិនភ្លេចពាំនាំស្មារតីក៏ដូចជាអត្ដសញ្ញាណរបស់ BTS តាមខ្លួនឡើយ។
១០. សុន្ទរកថានៅ White House

នៅខែមិថុនា ឆ្នាំ២០២២ BTS បានបង្ហាញខ្លួននៅ White House តាមការអញ្ជើញរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden ដើម្បីពិភាក្សាអំពីការប្រឆាំងនឹងការស្អប់នៅអាស៊ី ឬ anti-Asian hate។ នៅទីនោះពួកគេមិនមានការច្រៀងរាំឡើយ តែជាការថ្លែងសុន្ទរកថាដោយពាក្យពេចន៍នីមួយៗគឺជាការប្រកាសអំពីសមភាព ភាពចម្រុះ និងឥទ្ធិពលនៃវប្បធម៌អាស៊ី។ នៅពេលនោះផងដែរ BTS មិនត្រឹមតែជាសិល្បករប៉ុណ្ណោះនោះទេ ថែមទាំងជាអ្នកតំណាងនៃមនុស្សជំនាន់ថ្មីរួមមានទាំងសុជីវធម៌ ឧត្តមគតិ និងការទទួលខុសត្រូវ។
ចាប់តាំងពីឆាកតូចៗនៅកូរ៉េខាងត្បូងរហូតដល់ឆាកអន្តរជាតិនៅ White House BTS បានសម្រេចនូវអ្វីដែលមានមនុស្សតិចបំផុតហ៊ានស្រមៃ នោះគឺការផ្លាស់ប្ដូររបៀបដែលពិភពលោកមើលទៅកាន់ខេប៉ុប និងវប្បធម៌អាស៊ីទាំងមូល។ អ្វីដែលកាន់តែប្រាកដជាងនេះទៀតនោះគឺរឿងរ៉ាវជាច្រើននៅតែត្រូវបានបន្ដសរសេរដោយបេះដូង ញើសឈាម និងក្ដីសុបិនរបស់ក្មេងប្រុសទាំង ៧ នាក់៕























































Account
Security
Favourite Content