រដូវវស្សាចូលមកដល់ បានបង្អុលទឹកភ្លៀងស្រោចស្រពផែនពុសធា ឱ្យត្រជាក់ត្រជុំដល់រុក្ខជាតិទាំងឡាយ ដែលក្រៀមស្វិតនារដូវប្រាំង អាចស្រូបយកជីវជាតិពីផែនដី ប្រែមកជាស្រស់បំព្រង បង្អួតសម្រស់របស់ខ្លួន នៅក្នុងចក្រវាល។ តួយ៉ាងវាលស្មៅនៅបរិវេណប្រាសាទអង្គរ នារដូវធ្លាក់ភ្លៀងនេះ កាន់តែលាស់ត្រួយខ្ចី ចោលសម្រស់ លាតសន្ធឹងលើផ្ទៃដីរាប់ហិចតា បង្កើតបានជារូបភាព ហាក់បីជាគូរដោយវិចិត្រកដៃឯក។

ទិដ្ឋភាពប៉ុន្មានសន្លឹក ពីសម្រស់វាលស្មៅនៅតំបន់ប្រាសាទអង្គរ ជាពិសេសនៅជុំវិញមហាប្រាង្គប្រាសាទអង្គរ បានទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរ គយគន់ មិនចេះជិនណាយ។ វាលស្មៅស្រស់បំព្រង បៃតងខ្ចី បានស្ទួយឱ្យមហាប្រាសាទរបស់ដូនតាខ្មែរកាន់តែស្អាតអស្ចារ្យទ្វេឡើង។ អ្នកទេសចរប្រសិនបើបានទៅដល់ក្នុងរដូវកាលនេះ ច្បាស់ណាស់ នឹងជាប់ចិត្តចង់ផ្ដិតយករូបភាពដ៏អស្ចារ្យដូចគំនូរពីគ្រប់ជ្រុង។

ប្រាសាទអង្គរឈរយ៉ាងរឹងមាំអស់កាលជាច្រើនរយឆ្នាំ មិនថាឆ្លងកាត់ប៉ុន្មានរដូវ ឆ្លងកាត់ភ្លៀងផ្គរ រាប់មិនអស់ ឆ្លងកាត់ច្រើនសម័យកាល ឆ្លងកាត់មនុស្សជាច្រើនជំនាន់ ក៏មហាប្រាសាទដ៏អស្ចារ្យនេះ តែងបង្ហាញពីកិត្យានុភាពរបស់ជាតិខ្មែរទៅកាន់ពិភពលោក ជាមោទនភាពរបស់ប្រជាជនខ្មែរគ្រប់រូប គ្រប់ជំនាន់តរៀងទៅ៕





រូបភាពដោយ៖ Tuk Tuk Angkor Cambodia


























Account
Security
Favourite Content