ក្រៅពីអត្ថប្រយោជន៍មូលដ្ឋាន ដូចជា ប្រាក់ខែ ប្រាក់លើកទឹកចិត្ត ឬការគាំពារនានា ចំណុចមួយសំខាន់ដែលអាចធ្វើឱ្យបុគ្គលិកមាន “សេចក្ដីសុខ” និង “បង្កើតស្នាដៃបានល្អ” គឺ Psychological Safety ឬអាចបកប្រែត្រង់ៗថា ការមាន “សុវត្ថិភាពផ្លូវចិត្ត” នៅកន្លែងធ្វើការ។

សាស្ត្រាចារ្យ Amy C. Edmondson ពីសាកលវិទ្យាល័យ Harvard ដែលជាអ្នកបង្កើតពាក្យ Psychological Safety បានពន្យល់ថា ពាក្យនេះសំដៅទៅលើបរិយាកាសដែលបុគ្គលិកអាចនិយាយការពិត បញ្ចេញមតិយោបល់ ឬលើកជាសំណួរបាន ដោយមិនចាំបាច់ភ័យខ្លាចថាខ្លួននឹងអាចជួបបញ្ហាអ្វីបន្ទាប់ពីនេះទេ។
សូមលើកឧទាហរណ៍ ដើម្បីឱ្យឃើញរូបភាពកាន់តែច្បាស់ថា ប្រសិនបើក្រុមរបស់អ្នកខ្វះសុវត្ថិភាពផ្លូវចិត្ត ពេលប្រជុំម្ដងៗ គ្រប់គ្នានឹងស្ងាត់ឈឹង ឃើញមេកំពុងតែសម្រេចចិត្តខុសក៏មិនហ៊ានជំទាស់ ឬពេលធ្វើខុសឆ្គងបន្តិចបន្តួច ក៏ព្យាយាមលាក់បាំង ព្រោះខ្លាចទទួលបានការស្ដីបន្ទោសជាដើម។
ប៉ុន្តែនៅក្នុងយុគសម័យនេះ ស្ថាប័ន ឬអ្នកដឹកនាំមិនអាច “គ្រប់គ្រងមនុស្សដោយប្រើភាពភ័យខ្លាច” បានទៀតនោះទេ ព្រោះនៅក្នុងពិភពដែលការងារមានភាពស្មុគស្មាញ ភាពភ័យខ្លាចមិនបានជួយបង្កើតកម្លាំងចិត្ត និងមិនធ្វើឱ្យកើតមានលទ្ធផលការងារល្អនោះឡើយ។

ដូច្នេះ សូមមកដឹងពី ៤ ជំហានសំខាន់ៗសម្រាប់អ្នកដឹកនាំ ក្នុងការបង្កើតសុវត្ថិភាពផ្លូវចិត្តឱ្យក្រុមការងារ៖
១. បង្កើតភាពស្និទ្ធស្នាលតាមរយៈការធ្វើការរួមគ្នារៀងរាល់ថ្ងៃ
ការបំពេញកិច្ចការណាមួយ រមែងត្រូវការសមាជិករួមក្រុមដើម្បីធ្វើរួមគ្នា។ ដូច្នេះ ការធ្វើការងារជាក្រុម និងការចែករំលែកចំណេះដឹង គឺជារឿងសំខាន់។ ការបង្កើតបរិយាកាសការងារ ដែលបុគ្គលិកអាចរួមដៃគ្នាខិតខំធ្វើការ ពិភាក្សាគ្នា និងហ៊ានហាមាត់សុំជំនួយពីគ្នា ក៏ជាការបង្កើតចំណងនៃទំនុកចិត្ត។
ទំនុកចិត្ត និងមិត្តភាពនៅក្នុងក្រុម គឺជាគ្រឹះដ៏សំខាន់ដែលមិនអាចខ្វះបាន។
២. ធ្វើឱ្យ “ការរៀនសូត្រពីកំហុស” ក្លាយជារឿងធម្មតា
ជំនួសឱ្យការស្ដីបន្ទោស ការយកកំហុសមកធ្វើជាមេរៀន គឺជារឿងប្រសើរជាង។ សាកល្បងរៀបចំកិច្ចប្រជុំដើម្បីដកស្រង់បទពិសោធន៍ថា ហេតុអ្វីបានជាការងារនោះភ្លាត់ស្នៀត ហើយតើយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងសម្រាប់លើកក្រោយ។
ឥរិយាបថនៃការរៀនសូត្រនេះទាមទារការស្ម័គ្រចិត្ត ការខិតខំប្រឹងប្រែង និងការជម្នះភាពអៀនខ្មាសខ្លះ ក៏ប៉ុន្តែវានឹងនាំទៅរកលទ្ធផលការងារល្អប្រសើរជាងមុន។

៣. ធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ថា ខ្លួនឯង “មានតម្លៃ”
កាលពីមុន ក្រុមហ៊ុនអាចនឹងចាប់អារម្មណ៍តែលើរឿង “ធ្វើយ៉ាងណាឱ្យការងាររួចរាល់” ប៉ុន្តែសម័យនេះ ស្ថាប័ននីមួយៗត្រូវយកចិត្តទុកដាក់ផងដែរថា “តើបុគ្គលិកមានសុខទុក្ខយ៉ាងណា?”
ការស្រាវជ្រាវបានរកឃើញថា នៅពេលបុគ្គលិកមានអារម្មណ៍ថាខ្លួនឯងត្រូវបានគេមើលឃើញ ទទួលស្គាល់ និងមានតម្លៃពិតប្រាកដ ពួកគេនឹងមានភាពតានតឹងតិចជាងមុន ហើយមានអារម្មណ៍ថាខ្លួនឯងគឺជាផ្នែកមួយដ៏សំខាន់នៃក្រុម។
៤. បើកចិត្តទទួលស្ដាប់មតិយោបល់
អ្នកដឹកនាំល្អត្រូវហ៊ានទទួលស្គាល់ថា ខ្លួនឯងមិនមែនចេះគ្រប់រឿងនោះទេ។ សាកល្បងបើកចិត្តទទួលមតិយោបល់របស់កូនក្រុម ដើម្បីឱ្យគ្រប់គ្នាមានអារម្មណ៍ថាសំឡេងរបស់ពួកគេមានតម្លៃ។
ប្រសិនបើអ្នកមិនដែលឮការរាយការណ៍បញ្ហាពីកូនក្រុមរបស់អ្នកសោះ មិនមែនមានន័យថាស្ថាប័នរបស់អ្នកគ្មានបញ្ហានោះទេ ប៉ុន្តែមានន័យថាអ្នកក្រោមបង្គាប់ “មិនហ៊ានប្រាប់បញ្ហានោះដល់អ្នក”។
ជារួម Psychological Safety គឺជាបរិយាកាសដែលធ្វើឱ្យអ្នកធ្វើការមានអារម្មណ៍កក់ក្ដៅគ្រប់គ្រាន់ដើម្បីហ៊ានបញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព ហើយវាគឺជាគន្លឹះមួយនៃការគ្រប់គ្រងក្រុម ដើម្បីឱ្យគ្រប់គ្នាអាចបោះជំហានទៅមុខ និងរីកចម្រើនជាមួយគ្នា៕

























































Account
Security
Favourite Content