តើអ្នកធ្លាប់ដឹងទេថា អាហារក៏ជាផ្នែកមួយដែលធ្វើឱ្យអ្នកមានក្តីសុខបានដែរ? ប្រាកដណាស់ ការទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ តែងនាំមកនូវសេចក្តីសុខ ក៏ប៉ុន្តែនេះមិនមែនដោយសារតែរសជាតិមួយមុខនោះទេ។ អ្វីដែលធ្វើឱ្យអ្នកមានសេចក្តីសុខពិតប្រាកដនោះ គឺសារធាតុនៅក្នុងអាហារ ដែលមានទំនាក់ទំនងជាមួយរាងកាយរបស់អ្នក។

ខាងក្រោមនេះ គឺជាអាហារ ៧ មុខ ដែលគេហទំព័រ Verywell Health អះអាងថា អាចធ្វើឱ្យអ្នកមានក្តីសុខ៖
១. ត្រីសម្បូរជាតិខ្លាញ់

ត្រីដែលមានផ្ទុកខ្លាញ់ល្អ ដូចជាត្រីសាល់ម៉ុង ត្រីសាឌីន និងត្រីត្រោត គឺពោរពេញទៅដោយសារធាតុចិញ្ចឹមដែលជួយគាំទ្រដល់រចនាសម្ព័ន្ធ និងមុខងារខួរក្បាល ដែលអាចជួយដល់ការគ្រប់គ្រងអារម្មណ៍បាន។
ការស្រាវជ្រាវបង្ហាញថា មនុស្សដែលបរិភោគត្រីប្រភេទនេះជាប្រចាំ មានអត្រាប្រឈមនឹងហានិភ័យនៃជំងឺបាក់ទឹកចិត្តទាបជាង អ្នកដែលមិនសូវបានបរិភោគ។ ក្រៅពីនេះ ត្រីប្រភេទនេះក៏មានផ្ទុក អូមេហ្គា ៣ ប្រតេអ៊ីន និងវីតាមីន D ដែលមានប្រយោជន៍សម្រាប់សុខភាពខួរក្បាលទាំងមូលផងដែរ។
២. សូកូឡាខ្មៅ

ការបរិភោគសូកូឡាខ្មៅក្នុងបរិមាណតិចតួចជាប្រចាំ អាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ល្អបាន។ ការស្រាវជ្រាវបានរកឃើញថា សូកូឡាខ្មៅដែលមានកម្រិតកាកាវខ្ពស់ អាចជួយកាត់បន្ថយកម្រិតភាពតានតឹង ឬការមួម៉ៅ។
សូកូឡាខ្មៅក៏មានផ្ទុកសារធាតុ Polyphenols ដែលដើរតួជា Prebiotics មានន័យថា សារធាតុនេះនឹងធ្វើការជាមួយនឹងបាក់តេរីល្អនៅក្នុងពោះវៀន ដែលមានទំនាក់ទំនងជាមួយនឹងខួរក្បាល។
៣. ចេក

ចេក គឺជាផ្លែឈើដ៏ល្បីល្បាញមួយ ដែលគេតែងលើកឡើងនៅពេលនិយាយពីសុខភាពផ្លូវចិត្ត។ ការសិក្សាមួយដែលបានសង្កេតលើមនុស្សពេញវ័យ បានរកឃើញថា អ្នកដែលបរិភោគចេកញឹកញាប់ តែងមានសុខភាពផ្លូវចិត្តល្អ មិនសូវមានរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍ពេញចិត្តនឹងជីវិតរបស់ខ្លួនឯង។
៤. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ គឺជាអាហារសម្រន់មួយប្រភេទ ដែលអាចជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរឡើង។ ផ្អែកតាមការវិភាគលើការសិក្សាចំនួន ៧ ដែលបានធ្វើឡើងលើមនុស្សពេញវ័យ ៧ ម៉ឺននាក់ រកឃើញថា អ្នកដែលបរិភោគគ្រាប់ធញ្ញជាតិញឹកញាប់ មានឱកាសតិចក្នុងការជួបប្រទះនឹងរោគសញ្ញាបាក់ទឹកចិត្ត។
ដើម្បីទទួលបានលទ្ធផលល្អ មានការណែនាំឱ្យបរិភោគគ្រាប់ធញ្ញជាតិយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។ ជារួម លទ្ធផលបានបង្ហាញថា ការបរិភោគគ្រាប់ធញ្ញជាតិជាប្រចាំ គឺជារបបអាហារមួយដែលអាចធ្វើឱ្យអ្នកសប្បាយចិត្តជាងមុន។
៥. អាហារប្រភេទ Whole Grains

Whole Grains ដូចជា ស្រូវសាលី អង្ករសម្រូប និងនំបុ័ងធ្វើពីស្រូវសាលី អាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន បើប្រៀបធៀបទៅនឹងគ្រាប់ធញ្ញជាតិដែលបានកិនរួច (Refined grains)។ ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលញ៉ាំអាហារប្រភេទ Whole Grains ជារឿយៗមានរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភតិចជាងមនុស្សទូទៅ។
៦. បន្លែស្លឹកបៃតង

បន្លែស្លឹកបៃតង ដូចជា ស្ពៃពុយឡេង និងខាត់ណា អាចជួយគាំទ្រដល់សុខភាពផ្លូវចិត្ត។ តាមរយៈការវិភាគលើការសិក្សាចំនួន ៦១ បានបង្ហាញថា ការបរិភោគផ្លែឈើ និងបន្លែ រួមទាំងបន្លែស្លឹកបៃតងច្រើន ជួយកាត់បន្ថយបញ្ហាប្រឈមនឹងជំងឺបាក់ទឹកចិត្ត និងភាពតានតឹង។ ជារួម ការបរិភោគបន្លែស្លឹកបៃតងឱ្យបានច្រើន អាចជាវិធីសាមញ្ញមួយដើម្បីជួយដល់សុខភាពផ្លូវចិត្ត។
៧. ស៊ុត

ការសិក្សាជាច្រើនបានលើកឡើងថា ការបរិភោគស៊ុតជាប្រចាំ នឹងជួយកាត់បន្ថយរោគសញ្ញាបាក់ទឹកចិត្តចំពោះមនុស្សចាស់។
ការសិក្សាលើមនុស្សពេញវ័យដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ចំនួនជាង ៨ ពាន់នាក់ តាមរយៈការសង្កេត លើរបបអាហារ និងសុខភាពផ្លូវចិត្តរយៈពេល ៦ ឆ្នាំ បានរកឃើញថា មនុស្សដែលបរិភោគស៊ុត ៣ គ្រាប់ ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ មានអត្រាជួបនឹងរោគសញ្ញាបាក់ទឹកចិត្តទាបជាងមនុស្សធម្មតា។
អ្វីដែលគួរកត់ចំណាំ
ដ្បិតអាហារទាំងនេះអាចជួយឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុនមែន តែមិនអាចជំនួសការព្យាបាលសុខភាពផ្លូវចិត្តបាននោះទេ។
ជំងឺផ្លូវចិត្ត ដូចជាជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ គឺមានភាពស្មុគស្មាញ។ ដូច្នេះ បើសិនជាអ្នកជួបនឹងបញ្ហាផ្លូវចិត្តជាប្រចាំ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីស្វែងរកផ្លូវចេញដ៏មានប្រសិទ្ធភាព៕























































Account
Security
Favourite Content