ថ្មីៗនេះសត្វបង្កួយបន្លាភ្នំ ឬបង្កួយស្នែង ត្រូវបានអ្នកដើរព្រៃប្រទះឃើញ នៅក្នុងតំបន់ការពារធម្មជាតិ។ បង្កួយបន្លាភ្នំ ឬបង្កួយស្នែង វារូបរាងចម្លែកបន្តិច ដោយមើលមួយភ្លែត ហាក់ដូចជាកូនដាយណូស័រសម័យដើម។

បើយោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា វាមិនមែនជាដាយណូស័រ ហើយក៏មិនមែនជាសត្វចម្លែកដែរ។ បង្កួយបន្លាភ្នំ ឬបង្កួយស្នែង ត្រូវបានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់សក្ដានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកម្ពស់ ១ ៥៥១ ម ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រុមអ្នកដើរព្រៃបានឲ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលមិនសូវមានឃើញប្រភេទសត្វនេះ ពីជីវៈចម្រុះដទៃ ពុំធ្លាប់ឃើញមាននៅតាមតំបន់ការពារផ្សេងទៀតនៅកម្ពុជា។ បង្កួយបន្លាភ្នំ ឬបង្កួយស្នែង ត្រូវបានគេស្គាល់ មានឈ្មោះវិទ្យាសាស្ត្រ Acanthosaura ដែលគេច្រើនស្គាល់ថា Mountain Horned Dragon។

លក្ខណៈសម្គាល់ពិសេសរបស់វាមានដូចជា ស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល (មើលទៅដូចស្នែង) និងមានជួរបន្លាវែងៗដុះតាមបណ្ដោយខ្នង។ ខ្លួនវាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឲ្យវាអាចបន្លំខ្លួនបានយ៉ាងល្អជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញក្នុងព្រៃបាន។
ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំ ឬកន្លែងដែលមានសំណើមខ្ពស់ និងត្រជាក់។ សត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីសត្វល្អិតតូចៗជាអាហារ។ សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជា គឺជាមរតកធម្មជាតិដ៏មានតម្លៃ និងជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ ។ តំបន់ការពារធម្មជាតិ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៤១% នៃផ្ទៃដីប្រទេស៕
រូបភាព៖ Ministry of Environment






















































Account
Security
Favourite Content