មនុស្សទៅ កេរ្តិ៍ឈ្មោះនៅ ដ្បិតលោកស្រី អួង កន់ធួក ឬ សិតា អួង លែងមានវត្តមាននៅលើលោកនេះក៏ដោយ ប៉ុន្តែស្នាដៃភាពយន្តរបស់លោកស្រី នៅតែបន្តសាយភាយដល់ពេលបច្ចុប្បន្ន ដើម្បីឱ្យកូនចៅជំនាន់ក្រោយ បានឃើញនិងបន្តថែរក្សា។

ជាក់ស្ដែងនាថ្ងៃទី ២៦ ២៧ ២៨ និង ២៩ ខែ មីនា ឆ្នាំ ២០២៦ ខាងមុខ រឿងចំនួន ៣ ដែលជាស្នាដៃដឹកនាំរបស់សមិទ្ធិករឆ្នើមទសវត្សរ៍ ឆ្នាំ ១៩៦០ និង ១៩៧០ រូបនេះ នឹងត្រូវបានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា CIFF លើកយកមកចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។
ក្នុងន័យនេះ គឺដើម្បីបន្តលើកស្ទួយវិស័យភាពយន្តខ្មែរ ក៏ដូចជាការរំឭកទៅដល់ស្នាដៃរបស់វីរនារីនៃសម័យមាសនៃភាពយន្តខ្មែរ។ ភាពយន្តដែលត្រូវយកមកចាក់បញ្ចាំងរួមមាន៖ រឿង មួយម៉ឺនអាល័យ (និពន្ធក្នុងឆ្នាំ ១៩៧០) , រឿង ថាវរីមាសបង (និពន្ធឆ្នាំ ១៩៦៩) និងរឿង ពេលដែលត្រូវយំ (និពន្ធឆ្នាំ ១៩៧២)។
ខាងក្រោមនេះជាពេលវេលានិងទីតាំងនៃការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរទាំង ៣ រឿង៖
- ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦ ម៉ោង ៧ យប់ នៅទីលានបាល់បោះ អគារ A នៃបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់រឿង មួយម៉ឺនអាល័យ។
- ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ម៉ោង ៧ យប់ នៅមជ្ឈមណ្ឌលបុប្ផាណា សម្រាប់រឿង មួយម៉ឺនអាល័យ។
- ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៦ ម៉ោង ៧ យប់ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា សម្រាប់រឿង ពេលដែលត្រូវយំ។
- ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៦ ម៉ោង ៧ យប់ នៅមជ្ឈមណ្ឌលបុប្ផាណា សម្រាប់រឿង ថាវរីមាសបង។
គួរបញ្ជាក់ឱ្យដឹងថា លោកស្រី អួង កន់ធួក គឺជាសមិទ្ធិករភាពយន្តដ៏ឆ្នើមមួយរូប ក្នុងចំណោមបណ្ដាអ្នកដឹកនាំបុរសនាសម័យយុគមាស ហើយលោកស្រីក៏ត្រូវបានប្រសិទ្ធិនាមជា វីរនារីនៃសម័យក្នុងវិស័យយុគមាសផងដែរ៕



រូបភាព ៖ CIFF

























Account
Security
Favourite Content