អាចនិយាយបានថា RM គឺជាបុគ្គលម្នាក់ដែលអ្នកគាំទ្រអាចនឹកដល់ពេលមានអារម្មណ៍សោកសៅ ដោយសារពាក្យសម្ដី គំនិត និងរបៀបនិយាយលួងលោមចិត្តរបស់លោក តែងបង្កប់ដោយគំនិតវិជ្ជមាន និងខ្លឹមសារនៃការរកឃើញខ្លួនឯង ដែលធ្វើឱ្យមនុស្សរាប់លាននាក់មានអារម្មណ៍ជ្រួតជ្រាបបានយ៉ាងងាយ។ ក្នុងករណីដែលអ្នកកំពុងស្វែងរកឃ្លាដែលអាចព្យាបាលផ្លូវចិត្ត ខាងក្រោមនេះ AMS សូមដកស្រង់សម្រង់សម្ដីដ៏មានអត្ថន័យមួយចំនួនរបស់ Namjoon ដែលអាចជំរុញទឹកចិត្តបានយ៉ាងល្អ។

១. “នៅពេលណាមួយ អ្នកអាចធ្វើខុស ធ្វើការសម្រេចចិត្តមិនល្អ រត់ចូលបញ្ហា ឬមិនទាន់ដឹងក្ដី ហើយអាចមានការសោកស្តាយនៅពេលក្រឡេកមើលថយក្រោយ ប៉ុន្តែត្រូវជឿថាយ៉ាងហោចណាស់អ្នកបានព្យាយាមធ្វើយ៉ាងល្អបំផុតហើយ”។

២. “ខ្ញុំត្រូវរៀនជំនាញសិល្បៈនៃការធ្វើជាមនុស្សជាមុនសិន។ ត្រូវធ្វើជាមនុស្សល្អឱ្យបានសិន សឹមមកធ្វើស្នាដៃសិល្បៈ មិនថាជាតន្ត្រី ឬអ្វីផ្សេងទៀតនោះទេ”។

៣. “ជីវិតប្រហែលជាមិនមែនជាដំណើរការនៃការស្វែងរកអ្វីដែលភ្លឺនិងចែងចាំងក្នុងចំណោមរឿងមិនល្អនោះទេ ប៉ុន្តែជាការរៀនសូត្រពីវិធីធ្វើបែបណាឱ្យរឿងមិនល្អនោះក្លាយជាពេលវេលាដ៏ភ្លឺចែងចាំងច្រើនជាង”។

៤. “ប្រសិនបើសួរថាជឿមួយណារវាងព្រហ្មលិខិត និងហេតុផលណាមួយដែលតម្រូវឱ្យយើងធ្លាក់មកនៅក្នុងគ្រាដ៏លំបាក ខ្ញុំជ្រើសរើសជឿថាគ្រប់យ៉ាងត្រូវតែមានហេតុផលនៅពីក្រោយ”។

៥. “ជីវិតយើងមិនចាំបាច់រស់នៅដោយផ្អែកលើស្តង់ដាររបស់អ្នកដទៃទេ។ មនុស្សគ្រប់គ្នានិយាយថា “សុបិនឱ្យធំ” ប៉ុន្តែខ្ញុំគិតថាអ្នកមិនចាំបាច់ត្រូវរស់នៅយ៉ាងតឹងតែងបែបនេះគ្រប់ពេលវេលានោះទេ”។

៦. “ម្សិលមិញ ខ្ញុំប្រហែលជាបានធ្វើខុស ប៉ុន្តែម្សិលមិញខ្ញុំនៅតែជាខ្ញុំ។ ថ្ងៃនេះខ្ញុំជាខ្ញុំដែលនៅមានកំហុស។ ថ្ងៃស្អែកខ្ញុំប្រហែលជាឆ្លាតជាងនេះបន្តិច ហើយនោះក៏ជាខ្ញុំដែរ”។

៧. “មិនថាអ្នកជានរណា អ្នកមកពីណា ពណ៌សម្បុរបែបណា អត្តសញ្ញាណយេនឌ័របែបណា ចូរបង្ហាញពីខ្លួនអ្នក។ ស្វែងរកកេរ្តិ៍ឈ្មោះ និងសំឡេងរបស់អ្នកដោយបង្ហាញពីខ្លួនអ្នក”។

៨. “ដឹងទេ ក្នុងវ័យខ្ទង់ម្ភៃឆ្នាំ អ្នកមានគំនិតច្រើនណាស់ វាដូចជាមែកឈើបែកមែកសាខាអ៊ីចឹង។ បើខួរក្បាលខ្ញុំជាដើមឈើ វាមានមែកច្រើនណាស់…”

៩. “ការជឿថាខ្លួនដឹងអ្វីគ្រប់យ៉ាងគឺជារឿងគ្រោះថ្នាក់។ មនុស្សជាច្រើនងាយនិយាយអំពីអ្នកដទៃ និងបន្ទោសអ្នកដទៃងាយដូចគ្នា ដែលធ្វើឱ្យខ្ញុំគិតថយក្រោយរហូតថាតើខ្ញុំកំពុងធ្វើបែបហ្នឹងដែរឬអត់?”

១០. “ក្ដីសុខមិនមែនទាល់តែជាការសម្រេចជោគជ័យនោះទេ អ្នកអាចមានអារម្មណ៍រីករាយនៅតាមផ្លូវឆ្ពោះទៅរកជោគជ័យបាន”។

អានចប់ហើយ តើសម្រង់សម្ដី ឬទំនុកច្រៀងឃ្លាណារបស់ RM ដែលអ្នកចូលចិត្តជាងគេ?


























Account
Security
Favourite Content