ដ្បិតការងូតទឺក គឺជាសកម្មភាពដែលមនុស្សទូទៅអនុវត្តប្រចាំថ្ងៃក្ដី តែមនុស្សមួយចំនួនក៏តែងតែមើលរំលង នូវចំណុចសំខាន់ៗ ដែលអាចធ្វើឱ្យទម្លាប់ធម្មតានេះ ក្លាយទៅជាគ្រោះថ្នាក់បាន។ ខាងក្រោយនេះ គឺជាពេលវេលាទាំង ៥ ដែលអ្នកគួរជៀសវាងចូលងូតទឹក ជាមួយនឹងគន្លឹះងាយៗដែលអាចជួយថែរក្សាសុខភាព៖
១. ក្រោយទទួលទានអាហារ

បន្ទាប់ពីញ៉ាំអាហាររួចភ្លាមៗ រាងកាយនឹងបញ្ជូនឈាមទៅកាន់ប្រព័ន្ធរំលាយអាហារ ដើម្បីអាចរំលាយអាហារបានល្អ។ យ៉ាងណាមិញ នៅពេលដែលអ្នកងូតទឹក សរសៃឈាមនៅលើរាងកាយនឹងរួមតូចជាងមុន និងទាញយកឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយដើម្បីអាចរក្សាតុល្យភាពសីតុណ្ហភាពបាន។ ដូច្នេះ នៅពេលដែលអ្នកងូតទឹកភ្លាមៗក្រោយទទួលទានអាហារ នឹងមានផលប៉ះពាល់ទៅលើការរំលាយអាហារ អាចនាំឱ្យហើមពោះបាន។
ដូច្នេះ បន្ទាប់ពីញ៉ាំអាហាររួច អ្នកគួរទុកចន្លោះប្រមាណ ១ ទៅ២ម៉ោងសិន សឹមងូតទឹក។
២. ខណៈពេលដែលមានគ្រុនក្តៅខ្លាំង ឬមានអារម្មណ៍មិនស្រួលខ្លួន
នៅពេលដែលអ្នកក្ដៅខ្លួនខ្លាំង សីតុណ្ហភាពក្នុងរាងកាយនឹងហក់ឡើងខ្ពស់។ ដូច្នេះ នៅពេលដែលអ្នកងូតទឹក មិនថាទឹកក្ដី ឬទឹកត្រជាក់ រាងកាយនឹងមិនអាចរក្សាតុល្យភាពសីតុណ្ហភាពទាន់ពេលវេលាទេ ដែលអាចបង្កជាគ្រោះថ្នាក់បាន ជាពិសេសសម្រាប់អ្នកដែលមានជំងឺប្រចាំកាយ។
ហេតុដូច្នេះ អ្នកគួរជ្រើសរើសការជូតខ្លួនដោយទឹកក្ដៅឧណ្ហៗ ជាជាងការងូតទឺកដោយផ្ទាល់។
៣. នៅពេលដែលរាងកាយហត់នឿយ ឬអស់កម្លាំងខ្លាំង

នៅពេលដែលអ្នកអស់កម្លាំង ប្រព័ន្ធភាពស៊ាំអាចនឹងមិនដំណើរការបានពេញទី តាមការគួរទេ។ ការងូតទឹកនៅពេលដែលរាងកាយហត់នឿយខ្លាំង អាចធ្វើឱ្យអ្នកដួលសន្លប់ វិលមុខ ឬងាយនឹងកើតជំងឺផ្ដាសាយជាងមុន ជាពិសេសចំពោះមនុស្សចាស់ និងបុគ្គលដែលមានសុខភាពខ្សោយស្រាប់។ ដូច្នេះ អ្នកគួរសម្រាកឱ្យបាត់ហត់ជាមុនសិន យ៉ាងហោចណាស់ ៣០នាទី។
៤. បន្ទាប់ពីធ្វើសកម្មភាពកណ្ដាលថ្ងៃ ឬហាត់ប្រាណ
បន្ទាប់ពីធ្វើសកម្មភាពក្រោយអាកាសធាតុក្ដៅស្អុះស្អាប់ ឬពេលហាត់ប្រាណ ដែលនាំឱ្យរាងកាយបែកញើសច្រើន អ្នកមិនគួរចូលងូតទឹកភ្លាមៗនោះទេ ព្រោះបើសិនជាអ្នកមិនសម្រាកឱ្យបាត់ហត់ និងទុកឱ្យញើសស្ងួតជាមុន នោះរាងកាយដែលចុះត្រជាក់ខ្លាំអនៅពេលងូតទឹក អាចធ្វើឱ្យអ្នកងងឹតមុខ និងកើតជំងឺផ្ដាសាយបាន។
៥. នៅពេលអាកាសធាតុត្រជាក់ខ្លាំង
ពេលដែលអ្នកងូតទឹក ជាពិសេសទឹកត្រជាក់ក្នុងអាកាសធាតុត្រជាក់ខ្លាំង គឺជាគ្រោះថ្នាក់មួយសម្រាប់អ្នកដែលកើតមានជំងឺបេះដូង និងលើសឈាម។ បន្ថែមពីនេះ វាក៏អាចបណ្ដាលឱ្យកុមារតូចៗ ប្រឈមមុខនឹងអាការៈប្រកាច់បានដែរ។ ដូច្នេះ អ្នកគួរងូតទឹកជាមួយទឹកក្ដៅឧណ្ហៗ និងជៀសវាងចំណាយពេលងូតទឹកយូរពេក៕



























Account
Security
Favourite Content